កិច្ចប្រជុំពិគ្រោះយោបល់អាស៊ាន-ជប៉ុនលើកទី៦ស្តីពីការប្រឆាំងអំពើភេរវកម្ម
នៅព្រឹកថ្ងៃទី ១០ ខែកុម្ភះ ឆ្នាំ ២០១១នេះ, ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ស ខេង បានមានប្រសាសន៏គូសបញ្ជាក់នាឱកាសបើកកិច្ចប្រជុំថា កិច្ចប្រជុំដែលយើងកំពុងប្រារព្ឋធ្វើនេះ គឺ សំដៅបន្តពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងអាស៊ាន-ជប៉ុននិងពង្រឹងសមត្ថភាព ប្រទេសជាសមាជិកលើការងារទប់ស្កាត់ និងប្រយុទ្ឋប្រឆាំងទៅនឹងអំពើភេរវកម្ម ដែលជាសត្រូវរួមរបស់យើង ក្នុងតំបន់ ក៏ដូចជា ពិភពលោកទាំងមូល (សូមអានសន្ទរកថា ជាភាសារខ្មែរ និង English)។
សូមបញ្ជាក់ថា-កិច្ចប្រជុំពិគ្រោះយោបល់រវាងអាស៊ាន-ជប៉ុន ស្តីពីការប្រឆាំងអំពើភេរវកម្ម បានកើតចេញពីសេច ក្តីថ្លែងការណ៏រួម អាស៊ាន-ជប៉ុន សំរាប់កិច្ចសហប្រតិបត្តិការប្រឆាំងភេរវកម្មអន្តរជាតិ ដែលបានប្រកាសឡើងនៅក្នុង កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន នៅទីក្រុងវៀងច័ន្ទ នៃសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នាខែវិច្ឆិកា ឆ្នាំ២០០៤ ហើយត្រូវបានអនុម័តនាកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន នៅទីក្រុងកូឡាឡាំពួ នៃប្រទេសម៉ាឡេស៊ី នៅក្នុងខែធ្នូ ឆ្នាំ២០០៥។ មកទល់នឹងបច្ចុប្បន្ននេះ កម្មវិធីនៃកិច្ចប្រជុំពិគ្រោះ យោបល់ ដែលគាំទ្រដោយមូលនិធិសមាហរណកម្មអាស៊ាន-ជប៉ុន (JAIF) មានទឹកប្រាក់ចំនួនប្រហែល៧០លានដុល្លាអាមេរិក របស់ រដ្ឋាភិបាលជប៉ុន មួយនេះ ត្រូវបានរៀបចំឡើងចំនួន០៥លើក រួចមកហើយ ៖
- - លើកទី១ ត្រូវបានរៀបចំឡើង នៅក្នុងខែមិថុនា ឆ្នាំ២០០៦ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន
- - លើកទី២ ត្រូវបានរៀបចំឡើង នៅក្នុងខែកញ្ញា ឆ្នាំ២០០៧ នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី
- - លើកទី៣ ត្រូវបានរៀបចំឡើង នៅក្នុងខែតុលា ឆ្នាំ២០០៨ នៅទីក្រុងលួងប្រាបាង ប្រទេសឡាវ
- - លើកទី៤ ត្រូវបានរៀបចំឡើង នៅក្នុងខែសីហា ឆ្នាំ២០០៩ នៅទីក្រុងញ៉ាត្រាង ប្រទេសវៀតណាម
- - លើកទី៥ ត្រូវបានរៀបចំឡើង នៅក្នុងខែមិថុនា ឆ្នាំ២០១០ នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី
មូលនិធិសមាហរណកម្មអាស៊ាន-ជប៉ុន (JAIF) ដែលត្រូវប្រើប្រាស់ សំរាប់រៀបចំរាល់កិច្ចប្រជុំកន្លងមក និង សំរាប់ផ្គត់ផ្គង់ដល់គំរោង ស្នើឡើងដោយប្រទេសចូលរួម ក្នុងក្របខ័ណ្ឌកម្មវិធីនៃកិច្ចប្រជុំពិគ្រោះយោបល់រវាងអាស៊ាន- ជប៉ុន ស្តីពីការប្រឆាំងអំពើភេរវកម្ម នេះ នឹងត្រូវបញ្ចប់នៅក្នុងខែមិនា ឆ្នាំ២០១១នេះ។ យ៉ាងណាក៏ដោយនៅក្នុងកិច្ចប្រជុំលើកទី៥ កាលពីខែមិថុនា ឆ្នាំ២០១០ នៅប្រទេស ឥណ្ឌូណេស៊ី កន្លងទៅនេះ តំណាងគណៈប្រតិភូនៃបណ្តា ប្រទេសអាស៊ានទាំងអស់ បានគាំទ្រ និងបានស្នើដល់តំណាង រដ្ឋាភិបាលជប៉ុន អោយបន្តកម្មវិធីនៃកិច្ចប្រជុំពិគ្រោះយោបល់រវាងអាស៊ាន-ជប៉ុន ស្តីពីការប្រឆាំងអំពើភេរវកម្ម ទៅទៀត ព្រោះកន្លងមកគំរោងនេះ បានដើរតួនាទីយ៉ាង សំខានក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន-ជប៉ុន លើការងារប្រឆាំងអំពើភេរវកម្ម។
កិច្ចប្រជុំពិគ្រោះយោបល់អាស៊ាន-ជប៉ុនលើកទី៦ស្តីពីការប្រឆាំងអំពើភេរវកម្ម




