រាជធានីភ្នំពេញ ៖ យោងតាមលិខិតជូនដំណឹងរបស់សាលារាជធានីភ្នំពេញ ចុះថ្ងៃទី៣ មិថុនា ២០១១ ផ្ញើជូនប្រជាពលរដ្ឋរស់នៅតំបន់បឹងកក់ដែលចុះហត្ថលេខាដោយលោកកែប ជុតិមា អភិបាលរាជធានីភ្នំពេញ ហើយត្រូវបានផ្សាយលើគេហទំព័ររបស់សាលារាជធានីភ្នំពេញបានឱ្យ ដឹងថា ជម្រាបមកបងប្អូនប្រជាពលរដ្ឋនៅតំបន់បឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ ស្តីពីសំណើសុំបង្កើតគណៈកម្មការថ្នាក់រាជធានី ខណ្ឌ និងសង្កាត់ នឹងគ្រោងចុះវាស់វែងទំហំដី និងផ្ទះជូនប្រជាពលរដ្ឋនៅតំបន់បឹងកក់ សម្រាប់ការអភិវឌ្ឍន៍នៅនឹងកន្លែង។
លោកកែប ជុតិមា អភិបាលរាជធានីភ្នំពេញ បានសរសេរក្នុងលិខិតផ្លូវការថា ខ្ញុំសូមជម្រាបបងប្អូនប្រជាពលរដ្ឋរស់នៅតំបន់បឹងកក់ជ្រាបថា ចំពោះសំណើបង្កើតគណៈកម្មការថ្នាក់រាជធានី ខណ្ឌ និងសង្កាត់ ដើម្បីចុះវាស់វែងទំហំដី និងផ្ទះប្រជាពលរដ្ឋនៅតំបន់បឹងកក់ ដែលត្រូវអនុវត្តនៅនឹងកន្លែងនោះ សាលារាជធានីភ្នំពេញ បានឯកភាពតាមសំណើរបស់ប្រជាពលរដ្ឋហើយដោយសម្រេចបញ្ជូនគណៈ កម្មការបច្ចេកទេសចុះទៅកាន់តំបន់អភិវឌ្ឍន៍បឹងកក់ដើម្បី វាស់វែង។ ការចុះវាស់វែងនេះនឹងដំណើរការនៅសប្តាហ៍ទី២ មិថុនា ២០១១ ខាងមុខ ។ ដូច្នេះសាលារាជធានីភ្នំពេញសូមជូនដំណឹងឱ្យបងប្អូនជាម្ចាស់ផ្ទះ នីមួយៗចូលរួមជាមួយអនុគណៈកម្មការដើម្បីផ្ទៀងផ្ទាត់ទំហំដី និងសុំផ្តល់ស្នាមមេដៃអ្នកជាប់ព្រំទទួលស្គាល់ផង ៕





