សម្តេចក្រឡាហោម ស ខេង បានផ្តល់នូវគោលការណ៍ណែនាំ ៥ចំនុច ដើម្បីធានាឱ្យផ្ទេរមុខងារទៅរដ្ឋបាលថ្នាក់​ក្រោមជាតិអនុវត្តកាន់តែមានប្រសិទ្ធភាព និងទទួលបានជោគជ័យ
December 17, 2019    អ្នកទស្សនា :

     ស្របពេលដែលប្រកាសផ្សព្វផ្សាយ និងដាក់ឲ្យអនុវត្តអនុក្រឹត្យចំនួន០៤ ស្តីពីមុខងារ និងរចនា​សម្ព័ន្ធរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងអនុក្រឹត្យស្តីពីការប្រគល់មុខងារគ្រប់គ្រង និងផ្តល់សេវា​សុខាភិបាលទៅឲ្យរដ្ឋបាលរាជធានី ខេត្ត នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃអង្គារ ទី១៧ ខែធ្នូ ២០១៩នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី  រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប បានផ្តល់គោលការណ៍ណែនាំ ៥ចំនុចដែលត្រូវផ្តោតការយកចិត្តទុកដាក់អនុវត្ត ដើម្បី​ធានាឱ្យរចនាសម្ព័ន្ធថ្មីរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ និងមុខងារនានា​ដែលត្រូវបានផ្ទេរ​ឱ្យរដ្ឋបាល​ថ្នាក់ក្រោមជាតិអាចអនុវត្តកាន់តែមានប្រសិទ្ធភាពចាប់ពីដើមឆ្នាំ២០២០តទៅ និងទទួលបាន​ជោគ​ជ័យ ដែលក្នុងនោះរួមមាន៖

-ទីមួយ៖ ការរៀបចំធ្វើសមាហរណកម្មការិយាល័យ  អង្គភាពនានា  និងការផ្ទេរបុគ្គលិកទៅ​ក្នុង​រចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌផ្អែកតាមស្មារតីនៃអនុក្រឹត្យដែលបានផ្សព្វផ្សាយ និង​ដាក់ឱ្យអនុវត្តរបស់លេខាធិការដ្ឋាន គ.ជ.អ.ប តាមរយៈក្រុមការងារអន្តរក្រសួង  ដើម្បីធានា​ឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌសាមីអាចចាប់ផ្តើមប្រមូល និងចងក្រងទិន្នន័យបុគ្គលិកដែល​ត្រូវធ្វើ​សមាហរណកម្មចូលទៅតាមការិយាល័យ និងអង្គភាពនានានៃរចនាសម្ព័ន្ធថ្មី​របស់រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ។

-ទីពីរ៖ ការផ្ទេរធនធានហិរញ្ញវត្ថុ ទ្រព្យសម្បត្តិ និងសិទ្ធិ កាតព្វកិច្ច និងការទទួលខុសត្រូវក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលេខាធិការដ្ឋាន គ.ជ.អ.ប. ត្រូវបន្តខិតខំសម្របសម្រួលជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនានាក្នុងការកំណត់អំពីចំនួនថវិកាជាក់លាក់ រួមមានថវិកាសម្រាប់បន្ទុកបុគ្គលិក ថវិកាសម្រាប់ប្រតិបត្តិការ និងថវិកាសម្រាប់អនុវត្តមុខងារដែលបានផ្ទេរ​ទៅឱ្យរដ្ឋបាលថ្នាក់ក្រោម​ជាតិ ព្រមទាំងការរៀបចំលិខិតបទដ្ឋានបច្ចេកទេសនានា ដើម្បីផ្ទេរធនធានទាំងនេះឱ្យបានទាន់ពេល​វេលាទៅឱ្យរដ្ឋបាលរាជធានី ខេត្ត និងក្រុង ស្រុក ខណ្ឌក្នុងការចាប់ផ្តើមបំពេញមុខងារដែលបានផ្ទេរ​ឱ្យទាំងនោះចាប់ដើមឆ្នាំ២០២០តទៅ។ ជាមួយគ្នានេះ ក៏ត្រូវពិនិត្យ និងកែសម្រួលនូវប្រព័ន្ធគ្រប់​គ្រងហិរញ្ញវត្ថុរបស់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុកខណ្ឌឱ្យឆ្លើយតបទៅនឹងរចនាសម្ព័ន្ធគ្រប់គ្រង​ថ្មីនៃរដ្ឋបាលទាំងនោះផងដែរ។

-ទីបី៖ ការរៀបចំលិខិតបទដ្ឋាន និងឯកសារណែនាំបច្ចេកទេសនានា ដើម្បីធានាឱ្យរដ្ឋបាលថ្នាក់​ក្រោម​ជាតិ​អាច​ដំណើរការតាមរចនាសម្ព័ន្ធថ្មី និងចាប់ផ្តើមទទួលខុសត្រូវលើការផ្តល់​សេវាតាម​មុខងារនានា ដែលបានផ្ទេរឱ្យចាប់ពីដើមឆ្នាំ២០២០តទៅ តម្រូវឱ្យមានការរៀបចំនូវសេចក្តីណែនាំ​បច្ចេកទេសស្តីពីគោលការណ៍ បែបបទ នីតិវិធី និងស្តង់ដាផ្តល់សេវាតាមវិស័យនានា​ដែលបាន​ផ្ទេរឱ្យទាំង​នោះ។ ចំពោះរដ្ឋបាលរាជធានីភ្នំពេញក៏តម្រូវឱ្យធ្វើប្រតិភូកម្មមុខងារ​នានាទៅឱ្យរដ្ឋបាល​ខណ្ឌផងដែរ។ ដោយឡែកចំពោះការប្រគល់មុខងារក្នុងវិស័យសុខាភិបាល ក៏តម្រូវឱ្យរៀបចំនូវ​ប្រកាស​អន្តរក្រសួងស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី ខេត្តផងដែរ។  អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃត្រូវសហការជាមួយក្រសួងសុខាភិបាល ដើម្បីរៀបចំប្រកាសអន្តរក្រសួងស្តីពីការរៀបចំ និងប្រព្រឹត្តទៅនៃមន្ទីរសុខាភិបាលរបស់រដ្ឋបាល​រាជធានី ខេត្ត និងរៀបចំការណែនាំអំពីកម្មវិធី និងរបៀបរៀបចំការប្រកាសដាក់ឱ្យអនុវត្តនូវរចនា​សម្ព័ន្ធនេះនៅតាមរាជធានី និងខេត្តនីមួយៗឱ្យបានយ៉ាងយូរនាចុងឆ្នាំ២០១៩។ ជាមួយគ្នានេះ អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃក៏ត្រូវសម្របសម្រួល និងផ្តល់ការគាំទ្រផ្នែកបច្ចេកទេស​ដល់រដ្ឋបាលរាជធានីភ្នំពេញក្នុងការរៀបចំដីកា ដើម្បីធ្វើប្រតិភូកម្មមុខងារដែលបានកំណត់ក្នុង​អនុក្រឹត្យទៅឱ្យរដ្ឋបាលខណ្ឌក្នុងចុងឆ្នាំ២០១៩នេះផងដែរ។

-ទីបួន៖ រដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ ត្រូវមានការបណ្តុះបណ្តាលអភិវឌ្ឍសមត្ថភាព​ជាច្រើន​បន្ថែមទៀត អំពីមុខងារ និងរចនាសម្ព័ន្ធថ្មីរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ អំពីគោលការណ៍ បែបបទ នីតិវិធី និងស្តង់ដាសម្រាប់ការផ្តល់សេវាតាមវិស័យនានាដែលបានផ្ទេរឱ្យអំពីគោលការណ៍ បែបបទ និងនីតិវិធីនៃការគ្រប់គ្រងបុគ្គលិក អំពីប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ ដែលបានកែសម្រួល ដើម្បីធានាឱ្យ​ដំណើរ​ការអនុវត្តតាមរចនាសម្ព័ន្ធគ្រប់គ្រងថ្មី និងអាចគ្រប់គ្រង ចាត់ចែង និងអនុវត្តមុខងារនានា​ដែល​បានផ្ទេរឱ្យប្រកបដោយប្រសិទ្ធភាព។

-ទីប្រាំ៖ ថ្នាក់ដឹកនាំក្រុង ស្រុក ខណ្ឌត្រូវផ្តោតការយកចិត្តទុកដាក់ក្នុងការពង្រឹងភាពម្ចាស់ការ និង​ការ​ទទួលខុសត្រូវក្នុងការដឹកនាំ ការគ្រប់គ្រង ការចាត់ចែងបុគ្គលិក និងធនធាននានា​សម្រាប់​ផ្តល់​សេវាតាមវិស័យនានាដែលបានផ្ទេរឱ្យប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។

            សម្តេចក្រឡាហោម ក៏បានអំពាវនាវឱ្យមានការចូលរួមគាំទ្រឱ្យកាន់តែសកម្មបន្ថែម​ទៀតពី​តំណាងស្ថាប័ននីតិប្បញ្ញត្តិ ថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួង ស្ថាប័ននានាទាំងនៅថ្នាក់ជាតិ និងថ្នាក់​ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល ផ្នែកឯកជន និងអ្នកពាក់ព័ន្ធនានា ដល់កិច្ចដំណើរ​ការកំណែទម្រង់ការផ្ទេរមុខងារទៅថ្នាក់ក្រោមជាតិដ៏មានសារៈសំខាន់នេះឱ្យសម្រេចបានជោគជ័យតាមគោលបំណងដែលបានគ្រោងទុក។ លើសពីនេះ សម្តេចក្រឡាហោមបានលើកឡើងដែរថា រាជរដ្ឋាភិបាលកម្ពុជានឹងបន្តអនុវត្តឱ្យកាន់តែស៊ីជម្រៅនូវកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ​ព្រម​ទាំង​កំណែទម្រង់សំខាន់ៗដទៃទៀត ដើម្បីរួមចំណែកជំរុញល្បឿននៃការអភិវឌ្ឍប្រទេសជាតិ និងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែមានភាពចម្រើនរុងរឿងផងដែរ៕ គឹមអាន

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ