នារសៀលថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២០ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បន្តអញ្ជើញចុះសួរសុខទុក្ខមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធនៅតាមច្រកទ្វារព្រំដែនកម្ពុជា-ថៃ ដើម្បីចូលរួមផ្ដល់ការលើកទឹកចិត្តដល់មន្ត្រីទាំងអស់ ដែលកំពុងបំពេញភារកិច្ចតាមបណ្ដាអង្គភាព នៅច្រកទ្វារព្រំដែនក្នុងខេត្តឧត្តរមានជ័យ ដែលកំពុងបំពេញបេសកកម្មអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល ក៏ដូចជារបស់ក្រសួងមហាផ្ទៃដើម្បីប្រយុទ្ធប្រឆាំងនូវការរីករាលដាលនៃជំងឺផ្លូវដង្ហើមប្រភេទថ្មីកូវីដ-១៩ ព្រមទាំងដើម្បីថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់នៅតាមព្រំដែន។ ក្នុងដំណើរអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខនេះ ក៏មានការអញ្ជើញចូលរួមអមដំណើរដោយ ថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ក្រុមប្រឹក្សាខេត្ត អភិបាល នៃគណៈអភិបាលខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត ព្រមទាំងអាជ្ញាធរ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់នៅក្នុងខេត្តឧត្តរមានជ័យជាច្រើនរូបផងដែរ។
ក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខនោះផងដែរ សម្តេចក្រឡាហោម ស ខេង ក៏បានឧបត្ថម្ភថវិកា សម្ភារ និងគ្រឿងឧបភោគ បរិភោគមួយចំនួនដល់រដ្ឋបាលស្រុក និងអង្គភាពនានា នៅក្នុងខេត្តឧត្តរមានជ័យ មានដូចខាងក្រោម៖
ទី១៖ ឧបត្ថម្ភ ជូនកងពលតូចថ្មើរជើងលេខ៤២ វរៈការពារព្រំដែនគោកលេខ៤០២, លេខ៤០៣ វរៈការពារព្រំដែនលេខ៧០២, លេខ៩០៥ វរៈការពារព្រំដែនលេខ១,លេខ២ ផ្នែកសឹករងសំរោង ផ្នែកសឹករងបន្ទាយអំពិល ផ្នែកសឹករងអន្លង់វែង និងផ្នែកសឹករងត្រពាំងប្រសាទសរុប ចំនួន ១១អង្គភាព ក្នុងមួយអង្គភាពទទួលបាន៖
-ថវិកាចំនួន ២.០០០.០០០៛ (ពីរលានរៀល)
-អង្ករ ១ តោន
-មី ៤កេសធំ
-សាប៊ូ ១០០ដុំ
ទី២៖ឧបត្ថម្ភ ម៉ាស់ ជូនរដ្ឋបាលខេត្តឧត្តរមានជ័យចំនួន ៥.០០០ ម៉ាស់
ទី៣៖ឧបត្ថម្ភ ជូន ប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ថវិកា ២លានរៀល និងអង្ករ ១តោន៕
ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា