សម្តេចក្រឡាហោម ស ខេង បន្តជម្រុញឱ្យគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ខិតខំផលិតបទចម្រៀងអប់រំអំពីការចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានច្រើនបន្ថែមទៀត
March 27, 2020    អ្នកទស្សនា :

      ទន្ទឹមនឹងបទចម្រៀង និងសារអប់រំមួយចំនួន ដែលត្រូវបានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ផលិត និងបានផ្សព្វផ្សាយជាបណ្តើរៗនោះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក៏បានជម្រុញឱ្យគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បន្តខិតខំផលិតបទចម្រៀងអប់រំអំពីការចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានច្រើនបន្ថែមទៀត ដើម្បីផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋឱ្យបានជ្រាបច្បាស់អំពីគោលការណ៍ និងលក្ខណៈនៃការគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសជាអតិបរមា។

      ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយអនុក្រឹត្យលេខ៣៩ អនក្រ.បក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ស្តីពីការកែសម្រួលអនុក្រឹត្យលេខ៤៤ អនក្រ.បក ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ស្តីពីការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២០ នាទីស្តីការក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ជម្រុញឱ្យគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បន្តខិតខំផលិតបទចម្រៀងអប់រំអំពីការចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានច្រើនបន្ថែមទៀត ដើម្បីផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋឱ្យបានជ្រាបច្បាស់អំពីលក្ខណៈនៃការគោរពច្បាប់ចរាចរណ៍ផ្លូវគោក ក៏ដូចជាខ្លឹមសារនៃអនុក្រឹត្យថ្មី ដែលបានការកែសម្រួលមួយចំនួនសម្រាប់អនុវត្តវិធានការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកចាប់ពីឆ្នាំ២០២០តទៅ។

      ជាងនេះទៀត សម្តេចក្រឡាហោម ក៏បានលើកទឹកចិត្ត និងអំពាវនាវឱ្យសិល្បៈករ សិល្បៈការនី ព្រមទាំងក្រុមហ៊ុនផលិតកម្មឯកជននានា សូមចូលរួមនិពន្ធ ផលិតចម្រៀងអប់រំស្តីអំពីការចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដែលសម្តេចក្រឡាហោម បានបញ្ជាក់ថា នេះគឺជាការចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សង្គមជាតិដ៏សំខាន់។ បន្ថែមលើសពីនេះទៀត សម្តេចក្រឡាហោម ក៏បានមាន ប្រសាសន៍ណែនាំឱ្យគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក យកបទចម្រៀងដែលផលិតបានទាំងអស់ សហការស្នើសុំក្រុមហ៊ុន ឬស្ថាប័នប្រព័ន្ធផ្សព្វផ្សាយ ដាក់ផ្សព្វផ្សាយបន្តជូនដល់ប្រជាពលរដ្ឋឱ្យបានជ្រាបច្បាស់ពីគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលប្រកាសរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកចាប់ពីឆ្នាំ២០២០តទៅ៕ រតនា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ