ពិធីសូត្រធម៌ អធិដ្ឋាន និងបញ្ជូនសារដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងបញ្ចប់ទាសភាពសម័យទំនើប
August 30, 2017    អ្នកទស្សនា :

 រសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលនិងពិពណ៌កោះពេជ្រ អាគារE បានរៀបចំកម្មវិធីវេទិកាអន្តរសាសនាថ្នាក់ជាតិនៅកម្ពុជា “ពិធីសូត្រធម៌ អធិដ្ឋាន  និងបញ្ជូនសារដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងបញ្ចប់ទាសភាពសម័យទំនើប” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងជួញដូរមនុស្ស។ 
លោកជំទាវ ជូ គឹមអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងជួញដូរមនុស្ស បានធ្វើរបាយការណ៍ពីស្ថានភាពជួញដូរមនុស្ស(សាកល និងកម្ពុជា) គោរពជូនសម្តេចក្រឡាហោម ជ្រាប ដូចជា ការកេងប្រវ័ញ្ជកំលាំងពលកម្ម ផ្លូវភេទ សរីរាង្គ ។ល។ 
បើតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ មានបុរសស្ត្រី និងកុមារចំនួនជិត ១២លាននាក់ នៅក្នុងអាស៊ីប៉ាស៊ីហ្វិក បានក្លាយជាជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស ដែលជាការរំលោភបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។ ហើយការជួញដូរមនុស្ស គឺជាបញ្ហាពិភពលោក និងជាបទឧក្រិដ្ឋគួរឱ្យអាម៉ាស់បំផុត របស់ពិភពលោកដែលប៉ះពាល់ដល់ជីវិតរស់នៅ រួចបានប្រើគ្រប់កលល្បិចរួមបញ្ចូលទាំងសារធាតុញៀន ដើម្បីបោកបញ្ឆោតស្រ្តី បុរសនិងកុមារ ពីគ្រប់រូបភាពទាំងអស់ និងបង្ខំឱ្យពួកគេធ្លាក់ចូលក្នុងស្ថានភាពកេងប្រវ័ញ្ជជារៀងរាល់ថ្ងៃ និងបានប្លន់សេចក្តីថ្លៃថ្នូររបស់មនុស្សរាប់លាននាក់នៅលើពិភពលោក។
គោលបំណងសំខាន់នៃវេទិកានេះមានពីរគឺៈ
-ទី១. ដើម្បីបង្កើនការយល់ដឹងនិងចំណេះដឹងអំពីការជួញដូរ និងដើម្បីបង្ហាញពីតួនាទីដ៏សំខាន់របស់ថ្នាក់ដឹកនាំសាសនាទាំងឡាយក្នុងការអប់រំប្រជាជន(មនុស្ស) ក្នុងការការពារ ការប្រឆាំងអំពើជួញដូរមនុស្ស និងលុបបំបាត់ទាសភាពសម័យទំនើប។
-ទី២. ដើម្បីលើកកម្ពស់ការចូលរួមពីសាធារណជនទូទៅ និងដៃគូពាក់ព័ន្ធសំខាន់ៗដទៃទៀត ព្រោះការជួញដូរមនុស្សគឺជាបញ្ហាពិភពលោកនិងជាបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ។
វេទិកាអន្តរសាសនានេះ មានការចូលរួមសរុបប្រមាណ ១០០០នាក់ ដែលមានសមាសភាពពី ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់ ថ្នាក់ដឹកនាំសាសនា ទាំងព្រះពុទ្ធសាសនា គ្រឹស្តសាសនា ឥស្លាម អង្គការសហប្រជាជាតិ ដៃគូអភិវឌ្ឍន៍ អង្គការក្រៅរដ្ឋាភិបាល និស្សិត ក្រុមកាយារិទ្ធ ក្រុមយុវជន និងអ្នកសារព័ត៌មាន។
ក្នុងឱកាសវេទិកានេះដែរ សម្តេចក្រឡាហោម សខេង បានមានមតិសំណេះសំណាល ជាមួយសម្តេចព្រះសង្ឃរាជទាំងពីរគណៈ មន្រ្តីគ្រប់ជាន់ថ្នាក់ ព្រះសង្ឃ ដូនជី សាសនិកកាតាលិក ឥស្លាម អង្គការ និងសិស្សនិស្សិតដែលបានចូលរួម និងប្រកាសបើកកម្មវិធី។
នៅចុងបញ្ចប់នៃកម្មវិធី សម្តេចក្រឡាហោម បានចូលរួមដឹកនាំក្នុងការដុតទៀន ហែក្បួនធម្មយាត្រាសារ ដោយដើរតាមផែននីមួយៗចេញមកខាងក្រៅដើម្បីបង្ហោះសារអមដោយព្រះធម៌ សម្លេងស្គរ និងគង ដើម្បីបិទកម្មវិធី៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ