ព្រឹកថ្ងៃសៅរ៍ទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ និងអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកបាភ្នំ ខេត្តព្រៃវែង អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំខែកុម្ភៈ និងលើកទិសដៅការងារបន្តរបស់ក្រុមការងារមូលដ្ឋានឃុំបឹងព្រះ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី ជាអនុប្រធាន សមាជិកក្រុមការងារឃុំ មេឃុំ ក្រុមប្រឹក្សាឃុំ ប្រធានមណ្ឌលសុខភាពឃុំ មេភូមិ និងអ្នកពាក់ព័ន្ធ។
លោកមេឃុំ ណុប ចឹក បានសំដែងសេចក្តីអរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម និងក្រុមការងារដែលបានចុះជាប្រចាំដល់មូលដ្ឋាន ដើម្បីសួរសុខទុក្ខ ស្វែងយល់ពីជីវភាពរស់នៅក្នុងដំណាក់កាលកូវីដ និងជួយគាំទ្រដល់ការងារសង្គមកិច្ច។ បន្ទាប់មកលោកមេឃុំ បានរាយការណ៍សង្ខេបពីស្ថានភាពរួមក្នុងឃុំ សន្តិសុខ ការអភិវឌ្ឍឃុំ។
ឯកឧត្តមបានថ្លែងកោតសរសើរចំពោះក្រុមការងារគ្រប់លំដាប់ថ្នាក់ និងអ្នកពាក់ព័ន្ធក្នុងឃុំបឹងព្រះដែលបានខិតខំប្រឹងប្រែងបំពេញការងារតាមតួនាទីភារកិច្ចរបស់ខ្លួនសម្រេចបានលទ្ធផលជាបន្តបន្ទាប់ដូចមានក្នុងរបាយការណ៍របស់លោកមេឃុំ ទន្ទឹមនឹងនេះឯកឧត្តមបានដាក់ចេញ និងណែនាំការងារមួយចំនួនសម្រាប់អនុវត្តបន្តផងដែរ។
ឆ្លៀតឱកាសនោះ ឯកឧត្តមបានជំរុញក្រុមការងារឃុំ បន្តក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ត្រូវតែបន្តអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានជាប់ជាប្រចាំ បើករណីមានបងប្អូន កូន ក្មួយ មកពីប្រទេសថៃ ឬក្រៅប្រទេស សូមរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរភ្លាម ដើម្បីធ្វើចត្តាឡីស័ក ក្នុងបង្ការ ទប់ស្កាត់ ក្នុងការឆ្លងនៅក្នុងសហគមន៍។ ឯកឧត្តមបានគូសបញ្ជាក់ថា ការធ្វើចត្តាឡីស័ក ការអនុវត្តតាមវិធានការសុខាភិបាល និងរាជរដ្ឋាភិបាលនេះ គឺស្មើនឹងចូលរួមជួយជាតិ ស្រលាញ់ឪពុកម្តាយ បងប្អូនក្នុងភូមិរបស់ខ្លួន ដើម្បីការពារការឆ្លងកូវីដ១៩នេះ។
ទន្ទឹមនឹងនេះ ឯកឧត្តមបានជំរុញផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់សុវត្ថិភាពថ្មីដែលទើបដាក់ចុះដោយរាជរដ្ឋាភិបាល មានលក្ខណៈសម្បត្តិចំនួន៧ចំនុច ដល់ប្រជាពលរដ្ឋឱ្យបានជ្រួតជ្រាបនិងបានស្នើប្រជាពលរដ្ឋចូលរួមសហការអនុវត្តទាំងអស់គ្នា ដើម្បីសន្តិសុខ សុវត្ថិភាព ព្រមទាំងសណ្តាប់ធ្នាប់សាធារណៈនៅមូលដ្ឋានរបស់ខ្លួន។
ឯកឧត្តមបានណែនាំលោកមេឃុំ មេភូមិ ឱ្យបំផុសដល់ប្រជាពលរដ្ឋដាំដុះបន្លែបង្ការនៅបរិវេណជុំវិញផ្ទះ ឬកន្លែងសមស្រម និងចិញ្ចឹមសត្វ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារបានមួយចំណែក និងអាចឈានដល់ការចែករំលែកដល់អ្នកខ្សត់ខ្សោយបានទៀត ដើម្បីរក្សាផ្នត់គំនិតចេះចែករំលែក និងកុំលោភលន់៕
ប្រភព៖ អគ្គាធិការដ្ឋាន