នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ ៖ កងកម្លាំងនគរបាលជាតិ ទូទាំងប្រទេសប្រមាណជាង៦ម៉ឺននាក់ ត្រៀមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលជាជំនួយរបស់រដ្ឋាភិបាលចិន
February 23, 2021    អ្នកទស្សនា :

រាជធានីភ្នំពេញ ៖ អគ្គស្នងការរងនគរបាលជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ បានបញ្ជាក់ឲ្យដឹងថា កងកម្លាំងនគរបាលជាតិទូទាំងប្រទេស ប្រមាណជាង៦ម៉ឺននាក់ បានត្រៀមខ្លួនជាស្រេចក្នុងការទទួលយកការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលជាជំនួយរបស់រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីបង្ការទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ពីនគរបាលទៅប្រជាពលរដ្ឋ ខណៈកងកម្លាំងនគរបាលជាតិ ក៏ជាផ្នែកមួយដ៏សំខាន់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ជាពិសេសកងកម្លាំងនគរបាលការពារព្រំដែន។

ថ្លែងបញ្ជាក់ក្រុមអ្នកសារព័ត៌មាន ក្រោយដឹកនាំនាយនគរបាលជាន់ខ្ពស់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ ឯកឧត្ដម នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិ បានមានប្រសាសន៍ថា កងកម្លាំងនគរបាលជាតិ គ្រប់ផ្នែក និងគ្រប់អង្គភាពពាក់ព័ន្ធទាំងអស់ មានជំនឿជឿជាក់លើវ៉ាក់សាំងស៊ីណូហ្វាមរបស់រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន និងបានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការទទួលយកការចាក់វ៉ាក់សាំងនេះ ដើម្បីការពារខ្លួនជៀសផុតពីជំងឺឆ្លងកូវីដ-១៩ ក្នុងប្រតិបត្តិការការពារសុវត្ថិភាព សន្តិសុខ សណ្ដាប់សាធារណៈជូនបងប្អូនប្រជាពលរដ្ឋ និងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ចូលក្នុងសហគមនាពេលបច្ចុប្បន្នផងដែរ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្ដមអគ្គស្នងការរង ក៏បានថ្លែងអំណរគុណប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ព្រមទាំងឯកឧត្តម នាយឧត្តមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលបានអនុញ្ញាតឲ្យកងកម្លាំងនគរបាលជាតិ ទទួលបានការចាក់វ៉ាក់សាំងនេះ ខណៈបច្ចុប្បន្នកងកម្លាំងនគរបាលជាតិ ដែលចូលរួមសកម្មភាពប្រយុទ្ធប្រឆាំងកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជាមានចំនួនប្រមាណ ៥០រូបហើយ ដែលកំពុងធ្វើចត្តាឡីស័ក្ក ដោយសង្ស័យថាមានជាប់ពាក់ព័ន្ធអ្នកឆ្លងជំងឺកូវីដ-១៩។ ប៉ុន្តែមកទល់នឹងពេលនេះមិនទាន់មានមន្រ្តីនគរបាលណាម្នាក់ឆ្លងជំងឺកូវីដ-១៩នៅឡើយនោះទេ។

ទន្ទឹមនិងនេះ ឯកឧត្ដម នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ បានអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋកម្ពុជា ត្រូវជឿជាក់លើការសម្រេចចិត្តដ៏ត្រឹមត្រូវ និងខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលទទួលយកវ៉ាក់សាំងស៊ីណូហ្វាមនេះ មកចាក់ជូនប្រជាពលរដ្ឋកម្ពុជាដោយឥតគិតថ្លៃ ពីសំណាក់សាធារណៈរដ្ឋប្រជាមានិតចិន និងកុំចាញ់បោកការញុះញង់ពីជនមួយក្ដាប់តូច ដែលបំភ្លៃព័ត៌មានទាក់ទងទៅនឹងវ៉ាក់សាំងស៊ីណូហ្វាមនេះ។

សូមជម្រាបថា ការចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ជូនទៅដល់កងកម្លាំងនគរបាលជាតិទូទាំងប្រទេសនឹងចាប់ផ្ដើមចាប់ពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះតទៅ ដោយអង្គភាពនីមួយៗត្រូវដឹកនាំកងកម្លាំងរបស់ខ្លួនមកទទួលវ៉ាក់សាំងស្របតាមការសម្របសម្រួលរបស់ក្រុមគ្រូពេទ្យ នៃក្រសួងសុខាភិបាល។

សូមបញ្ជាក់ថា វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ចិនចំនួន៦០ម៉ឺនដូសនេះ ជាប្រភេទវ៉ាក់សាំងស៊ីណូហ្វាម ដែលផលិតដោយរដ្ឋាភិបាលចិន បានបញ្ជូនមកដល់ប្រទេសកម្ពុជា កាលពីរសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅនេះ។ ក្រោយមកដល់ប្រទេសកម្ពុជា វ៉ាក់សាំងស៊ីណូហ្វាមទាំងនេះ ត្រូវបានប្រគល់ជូនក្រសួងការពារជាតិចំនួន ៣០ម៉ឺនដូស និងប្រគល់ជូនក្រសួងសុខាភិបាលចាត់ចែងចំនួន ៣០ម៉ឺនដូស៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ