សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំលើកទី១៩ របស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប)
October 21, 2021    អ្នកទស្សនា :

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែតុលា ឆ្នាំ២០២១នេះ តាមប្រព័ន្ធវិដេអូសន្និសីទ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំលើកទី១៩ របស់ គ.ជ.អ.ប ដោយមានការចូលរួមពី រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី, ក្រសួង-ស្ថាប័ន្ធពាក់ព័ន្ធ, រដ្ឋលេខាធិប្រចាំការ, រដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃ, លេខាធិការដ្ឋាន គ.ជ.អ.ប, សមាគម, ក្រុមប្រឹក្សារាជធានី-ខេត្ត, អភិបាលរាជធានី-ខេត្ត ព្រមទាំង អ្នកចូលរួមជាច្រើនរូបទៀត សរុបប្រមាណជា១១៦នាក់។

សូមជម្រាបជូនថា កិច្ចប្រជុំលើកទី១៩ របស់ គ.ជ.អ.ប មានរបៀបវារៈ ចំនួន៤ រួមមាន ៖ ទី១-ការពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំលើកទី១៨ របស់ គ.ជ.អ.ប, ទី២-របាយការណ៍សង្ខេបស្ដីពីវឌ្ឍនភាព និងបញ្ហាប្រឈម នៃការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការសម្រាប់ឆ្នាំ២០២០ និងឆមាសទី១ ឆ្នាំ២០២១, ទី៣-ការពិនិត្យលើសេចក្តីព្រាងឯកសារកម្មវិធីជាតិស្តីពី ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ (២០២១-២០៣០) និងទី៤-បញ្ហាផ្សេងៗ។

ជាកិច្ចចាប់ផ្ដើម សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ បាមមានប្រសាសន៍ថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះសមាជិក សមាជិកា ដែលបានគាំទ្រ និងចូលរួមក្នុងកិច្ចដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដ៏មានសារៈសំខាន់នេះ តាមតួនាទី និងភាពទទួលខុសត្រូវរៀងៗខ្លួន។

ជាមួយគ្នានេះ សម្ដេចក្រឡាហោម បានមានប្រសាសន៍បន្ដថា ទោះបីប្រទេសកម្ពុជា ក៏ដូចជា បញ្ហាបណ្ដាប្រទេសនានាលើសកលលោក បាននិងកំពុងជួបស្ថានភាពដ៏លំបាក ដោយសារឆ្លងរាលដាលនៃជំងឺកូវីដ-១៩ តាំងពីដើមឆ្នាំ២០២០ រហូតដល់បច្ចុប្បន្ននេះក៏ដោយ ក៏យើងបន្ដរួមសហការគ្នា ក្នុងការរៀបចំ និងអនុវត្តកិច្ចការជាអាទិភាព និងចាំបាច់នានា ដើម្បីធានាដល់ការការពារទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ព្រមទាំង រក្សាបាននូវនិរន្ដរភាព នៃការបំពេញការងារតាមវិស័យជំនាញនានា ដោយផ្សារភ្ជាប់ជាមួយនឹងការជំរុញកិច្ចដំណើរការកំណែទម្រង់នានាផងដែរ។

សម្ដេចក្រឡាហោម បានបន្ថែមថា ការកោះប្រជុំលើកទី១៩ របស់ គ.ជ.អ.ប នាពេលព្រឹកនេះ គឺក្នុងគោលបំណងពិនិត្យ ឡើងវិញនូវវឌ្ឍភាព និងបញ្ហាប្រឈមនានា នៃការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក្នុងអំឡុងឆ្នាំ២០២០ ក្នុងឆមាសទី១ ឆ្នាំ២០២១ ជាពិសេស ការពិនិត្យលើសេចក្ដីព្រាង ឯកសារកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ សម្រាប់អនុវត្តពីឆ្នាំ២០២០ ដល់ឆ្នាំ២០៣០ ដែលគ្រោងដាក់ជូនប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីពិនិត្យ និងសម្រេច នាដើមខែវិច្ឆិកា ខាងមុខនេះ។

នាឱកាសនេះផងដែរ ឯកឧត្តម ចាន់ សុធា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប បានធ្វើសេចក្ដីរាយការណ៍សង្ខេបស្ដីពីវឌ្ឍនភាព និងបញ្ហាប្រឈម នៃការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការសម្រាប់ ឆ្នាំ២០២០ និងឆមាសទី១ ឆ្នាំ២០២១ ជូន សម្ដេចក្រឡាហោម ស ខេង និងអង្គប្រជុំទាំងមូលជ្រាប ថា សកម្មភាពជាអាទិភាពសំខាន់ៗ ដែលអនុវត្តទទួលបាននាពេលកន្លងទៅ រួមមាន ៖ ការកែសម្រួលអនុគណៈកម្មាធិការ គ.ជ.អ.ប និងក្រុមការងារបច្ចេកទេសនានា, ការរៀបចំឯកសារទស្សនទានសម្រាប់ការរៀបចំតាត់តែងកម្មវិធីជាតិទី២ (ធ្នូ ២០២០), ការរៀបចំសេចក្ដីព្រាងកម្មវិធីជាតិដំណាក់កាលទី២ (២០២១-២០៣០), ការរៀបចំកម្មវិធីការងាររយៈពេល៥ឆ្នាំ (២០២១-២០២៥) សម្រាប់GCFដើម្បីផ្ដល់មូលនិធិគាំទ្រដល់គម្រោងបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ, ការសម្របសម្រួលតាមដាន និងគាំទ្រការអនុវត្ត ផ.ស.ថ របស់ គ.ជ.អ.ប, ការសហការជាមួយកម្មវិធីកំណែទម្រង់បីបូកមួយ។

ដោយឡែក ឯកឧត្តម ង៉ាន់ ចំរើន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប ក៏បានធ្វើសេចក្ដីរាយការណ៍អំពីការពិនិត្យ ពិភាក្សាលើសេចក្ដីព្រាងឯកសារកម្មវិធីជាតិ ដំណាក់កាលទី២ (២០២១-២០៣០) ថា ប្រជាពលរដ្ឋទទួលបានសេវា និងផលប្រយោជន៍ពីការអភិវឌ្ឍដែលផ្ដល់ដោយរដ្ឋបាលថ្នាក់ក្រោមជាតិ ប្រកបដោយបរិយាប័ន្ន និងសមធម៌សង្គម ព្រមទាំង រួមចំណែកសម្រេចបានគោលបំណងប្រែក្លាយកម្ពុជា ឱ្យទៅជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់ ឆ្នាំ២០៣០។

ឯកឧត្តម បានបន្ដថា ជាពិសេសនោះ លើកកម្ពស់ការផ្ដល់សេវា និងការអភិវឌ្ឍប្រកបដោយប្រជាធិបតេយ្យ បរិយាប័ន្ន សមធម៌ និងយុត្តិធម៌ តាមរយៈការធ្វើទំនើបកម្មប្រព័ន្ធអភិបាលកិច្ចថ្នាក់ក្រោមជាតិ និងការកែលំអដំណើរការផ្ដល់សេវា ដើម្បីរួមចំណែកក្នុងការលុបបំបាត់ភាពក្រីក្រ និងលើកកម្ពស់គុណភាពជីវភាពរបស់ប្រជាជនឱ្យកាន់តែប្រសើរឡើង។

ក្រោយបញ្ចប់ការធ្វើសេចក្ដីរាយការណ៍របស់អង្គប្រជុំរួច សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប បានអញ្ជើញដ៏ខ្ពង់ខ្ពស់ផ្តល់នូវមតិបូកសរុបថា ពាក់ព័ន្ធឯកសារកម្មវិធីជាតិដំណាក់កាលទី២ ស្នើលេខាធិការដ្ឋាន គ.ជ.អ.ប ពិនិត្យកែសម្រួល និងរៀបចំបែបបទ ដើម្បីដាក់ឯកសារកម្មវិធីជាតិដំណាក់កាលទី២នេះ ជូន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ពិនិត្យ និងសម្រេច នាដើមខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខ ហើយត្រូវបន្ដសម្របសម្រួល ក្នុងការរៀបចំផែនការអនុវត្ត ៥ឆ្នាំ លើកទី១ នៃកម្មវិធីជាតិ ដំណាក់កាលទី២នេះឱ្យបានឆាប់។

សម្ដេចក្រឡាហោម បានបញ្ជាក់ទៀតថា ពាក់ព័ន្ធទៅនឹងសេចក្ដីណែនាំអំពីគោលការណ៍បែបបទ និងនិតីវិធីគ្រប់គ្រងបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ សម្ដេច ស្នើដល់ក្រសួងមុខងារសាធារណៈ ពិនិត្យកែសម្រួល និងដាក់ចេញជាផ្លូវការនូវសេចក្ដីណែនាំផ្អែកតាមស្មារតីនៃកិច្ចប្រជុំ ព្រមទាំង ត្រូវបន្ដរៀបចំផ្សព្វផ្សាយឱ្យបានទូលំទូលាយ។

សម្ដេចក្រឡាហោម ក៏បានណែនាំដល់ក្រសួង-ស្ថាប័ន ពាក់ព័ន្ធ ត្រូវបន្ដគាំទ្រ និងបណ្ដុះបណ្ដាល ដល់មន្ដ្រីរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ អាចបំពេញការងាររបស់ខ្លួនស្របតាមរចនាសម្ព័ន្ធ និងប្រព័ន្ធមុខងារថ្មីនានាដែលផ្ទេរទៅឱ្យ ត្រូវអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់ និងទទួលខុសត្រូវ ផងដែរ។

ទន្ទឹមនេះដែរ សម្ដេចក្រឡាហោម ក៏បានណែនាំបន្ថែមទៀតដល់ក្រសួង-ស្ថាប័ន ពាក់ព័ន្ធ ត្រូវពន្លឿនការផ្ទេរទ្រព្យសម្បត្តិ ដែលពាក់ព័ន្ធនឹងមុខងារដែលបានផ្ទេរទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិមានការទទួលខុសត្រូវច្បាស់លាល់ ក្នុងការគ្របគ្រង់ ចាត់ចែង និងប្រើប្រាស់ទ្រព្យសម្បត្តិទាំងនោះ សម្រាប់អនុវត្តមុខងារដែលបានផ្ទេរឱ្យមានប្រសិទ្ធភាព៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ