នាព្រឹកថ្ងៃអង្គារ ថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យសមាសភាពមន្ត្រីដើម្បីចាត់បំពេញភារកិច្ចចំពោះមុខ ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំរបស់អគ្គាធិការដ្ឋាននិងមានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គាធិការរង ប្រធាននាយកដ្ឋាន និងអនុប្រធាននាយកដ្ឋាន។
ឯកឧត្តមអគ្គាធិការ មានមតិស្វាគមន៍និងបានជម្រាបពីគោលបំណងរបស់អង្គប្រជុំនាពេលនេះថា ដោយទទួលបានការអនុញ្ញាតជាគោលការណ៍រួចរាល់ពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃដើម្បីបំពេញកិច្ចការមួយចំនួនសំដៅត្រួតពិនិត្យប្រសិទ្ធភាពការអនុវត្តសេចក្តីណែនាំរបស់ក្រសួងដែលបានដាក់ចេញ និងការអនុវត្តតួនាទីភារកិច្ចរបស់មន្ត្រីនិងអង្គភាពក្រោមក្រសួងមហាផ្ទៃឱ្យស្របតាមច្បាប់ លិខិតបទដ្ឋានជាធរមាន ដើម្បីជៀសវាងមន្ត្រីមួយចំនួនឆ្លៀតឱកាសប្រើប្រាស់ហួសដែនសមត្ថកិច្ចច្បាប់កំណត់ដែលបណ្តាលឱ្យប្រជាពលរដ្ឋមានការថ្នាំងថ្នាក់ និងមិនសប្យាយចិត្ត។ហេតុនេះ ស្នើ ឯកឧត្ដម អគ្គាធិការរង និងប្រធាននាយកដ្ឋាន ពិនិត្យសមាសភាព សមត្ថភាពរបស់មន្ត្រីរបស់ខ្លួន ដើម្បីចាត់ឱ្យបំពេញនិងការចុះអនុវត្តការងារនេះដើម្បីសម្រេចបានលទ្ធផលល្អប្រសើរជូនថ្នាក់ដឹកនាំក្រសួង។
ទន្ទឹមនឹងនេះដែរ ឯកឧត្តមអគ្គាធិការ បានបញ្ជាក់បន្ថែមនូវគោលការណ៍ដែលថ្នាក់ដឹកនាំក្រសួងទើបបានអនុញ្ញាតដើម្បីចុះអនុវត្តនាពេលខាងមុខនេះផងដែររួមមាន៖
- ចុះត្រួតពិនិត្យចំនុចខ្វះចន្លោះការអនុវត្តតួនាទីរបស់មន្រី្តចរាចរណ៍របស់ស្នងការដ្ឋាននគរបាលរាជធានី ខេត្ត
- តាមដានមន្ត្រីរាជការក្រោមឱវាទក្រសួងមហាផ្ទៃដែលកំពុងបំពេញការងារជាមេធាវី និងជាមន្ត្រីរាជការផង
-ធ្វើការតាមដាន និងមានវិធានការដាក់ទណ្ឌកម្មខាងវិន័យមន្ត្រីក្រោមឱវាទក្រសួងមហាផ្ទៃដែលត្រូវទទួលរង និងត្រៀមទទួលរងការដាក់វិន័យបានគេចវេះពីការអនុវត្តវិន័យ ដោយផ្ទេរភារកិច្ចចេញទៅអង្គភាពផ្សេង ក្នុងនោះមន្ត្រីខ្លះទទួលបានការតែងតាំង និងដំឡើងឋានន្តរស័ក្តិថែមទៀត៕
ប្រភព៖ អគ្គាធិការដ្ឋាន