សម្ដេចក្រឡាហោម ស ខេង អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតទើបតែងតាំងថ្មី នៃសាធារណរដ្ឋហ្វីលីពីន ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
January 12, 2022    អ្នកទស្សនា :

នារសៀលថ្ងៃពុធ ទី១២ ខែមករា ឆ្នាំ២០២២ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យលោកជំទាវ Maria Amelia C.Aquino ឯកអគ្គរដ្ឋទូតទើបតែងតាំងថ្មី នៃសាធារណរដ្ឋហ្វីលីពីន ប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ជាកិច្ចចាប់ផ្ដើម សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្តែងការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានលោកជំទាវ Maria Amelia C.Aquino ត្រូវបានតែងតាំងជា ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋហ្វីលីពីន ប្រចាំព្រះរាជាណាចក្រកម្ពុជា។ សម្ដេចក្រឡាហោម បានមានប្រសាសន៍សង្ឃឹមយ៉ាងមុតមាំថា ក្នុងអាណត្តិការទូតរបស់លោកជំទាវ ចំពោះកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាង កម្ពុជា-ហ្វីលីពីន កាន់តែបន្ដរីកចម្រើនបន្ថែមទៀត រួមទាំង កិច្ចសហប្រតិបត្តិការ នៅក្នុងក្របខណ្ឌគ្រួសារអាស៊ានផងដែរ។

នៅឆ្នាំ២០២២ កម្ពុជាទទួលតួនាទីជាប្រធានអាស៊ាន សម្ដេចក្រឡាហោម ក៏បានសង្ឃឹមថា ហ្វីលីពីន នឹងបន្ដចូលរួមគាំទ្រដល់ការបំពេញតួនាទីនេះ ដើម្បីបម្រើដល់ផលប្រយោជន៍រួមរបស់អាស៊ានទាំងមូល ក៏ដូចជា រួមចំណែកដល់ការពង្រឹង និងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាង កម្ពុជា-ហ្វីលីពីន ឱ្យកាន់តែខ្លាំងក្លាថែមទៀត។

ពាក់ព័ន្ធទៅនឹងកិច្ចសហប្រតិបត្តិការ នៅក្នុងវិស័យដែលស្ថិតក្រោមសមត្ថកិច្ចក្រសួងមហាផ្ទៃ រួមមាន ៖ វិស័យសន្ដិសុខ និងកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ជឿជាក់ថា កម្ពុជា-ហ្វីលីពីន នឹងបន្ដពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែទូលំទូលាយថែមទៀត ជាពិសេស ទៅលើការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ព្រមទាំងចែករំលែងបទពិសោធន៍គ្នាទៅវិញទៅមក ដែលពាក់ព័ន្ធទៅនឹងការងារកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ។

នាឱកាសនោះ សម្ដេចក្រឡាហោម ក៏បានជម្រាបជូន លោកជំទាវ អំពីបច្ចុប្បន្នភាពមួយចំនួន ពាក់ព័ន្ធទៅនឹងដំណើរការកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលមកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងតែអនុវត្តផែនការជាតិរយៈពេល ១០ឆ្នាំ ក្នុងដំណាក់កាលទី២ របស់ខ្លួន។ សម្ដេចក្រឡាហោម បានជម្រាបជូនទៀតថា សម្ដេច ពិតជាមានសេចក្ដីរីករាយ ដោយមើលឃើញនៅវឌ្ឍនភាពការងារ កំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ នៅប្រទេសកម្ពុជា ក្នុងរយៈពេលកន្លងមកនេះ។ សម្តេច មានប្រសាសន៍បន្តថា ចំពោះដំណាក់កាលទី២ ក៏ជាដំណាក់កាលមួយមានសារសំខាន់ ដែលត្រូវផ្ទេរនូវធនធាន និងសិទ្ធិអំណាច ទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ។

ជាការឆ្លើយតប លោកជំទាវ Maria Amelia C.Aquino ឯកអគ្គរដ្ឋទូតទើបតែងតាំងថ្មី នៃសាធារណរដ្ឋហ្វីលីពីន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានចូលរួមសម្ដែងអំណរសាទរចំពោះជោគជ័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រងនូវបញ្ហាជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា បានជោគជ័យយ៉ាងល្អប្រសើរ។ ជាងនេះទៀត លោកជំទាវ ក៏បានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែកយ៉ាងសកម្មរបស់ក្រសួងមហាផ្ទៃ ក្នុងការសម្រេចបាននូវជោគជ័យទៅលើការងារគ្រប់គ្រង ក៏ដូចជា យុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩។

លោកជំទាវ បានជម្រាបជូន សម្ដេចក្រឡាហោម ថា ហ្វីលីពីន នៅតែបន្ដគាំទ្រ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជាពិសេស ក្នុងឱកាសដែលកម្ពុជាទទួលតួនាទីជាប្រធានអាស៊ាន ហើយក៏បន្ដចូលរួមគាំទ្រនូវវេទិកាដែលក្រសួងមហាផ្ទៃ ត្រូវធ្វើជាប្រធានដឹកនាំ នៅក្រោមក្របខណ្ឌនៃអាស៊ាននេះផងដែរ។

ក្រៅពីកិច្ចសហប្រតិបត្តិការពហុភាគីនៅក្នុងក្របខណ្ឌអាស៊ាន លោកជំទាវ ឯកអគ្គរដ្ឋទូត បានសម្ដែងនូវចំណាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែច្រើនឡើងថែមទៀត ជាពិសេស លើវិស័យសន្ដិសុខ រួមមាន ៖ កិច្ចសហប្រតិបត្តិការលើការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន, បញ្ហាគ្រឿងញៀន, បញ្ហាប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា, ការជួញដូរមនុស្ស ជាដើម។ លោកជំទាវ បន្ដថា កិច្ចការទាំងនេះ មួយផ្នែកធំក៏ស្ថិតក្រោមសមត្ថកិច្ចទទួលខុសត្រូវរបស់ក្រសួងមហាផ្ទៃកម្ពុជាផងដែរ។

ទន្ទឹមនឹងនេះ លោកជំទាវ ឯកអគ្គរដ្ឋទូត ក៏សម្ដែងនូវបំណងពង្រីកទំនាក់ទំនងរវាង រដ្ឋបាលថ្នាក់ក្រោមជាតិរបស់ហ្វីលីពីន និងកម្ពុជា តាមរយៈការបង្កើតឱ្យមានការផ្លាស់ប្ដូរទស្សនកិច្ច និងការចង់សម្ព័ន្ធមេត្រីភាពរវាងប្រទេសទាំងពីរឱ្យកាន់តែជិតស្និត។ លោកជំទាវ ក៏បានថ្លែងអំណរគុណដល់សម្ដេចក្រឡាហោម និងក្រសួងមហាផ្ទៃ ដែលកន្លងមក ជាពិសេស ក្នុងកាលៈទេសៈនៃវិបត្តិជំងឺកូវីដ-១៩ ដែលបានជួយសម្រួលពាក់ព័ន្ធទៅនឹងការងារអន្ដោប្រវេសន៍ ចំពោះពលរដ្ឋហ្វីលីពីនមួយចំនួនជួបការលំបាក នៅក្នុងកាលៈទេសៈនៃជំងឺកូវីដ-១៩។

ជាមួយគ្នានេះដែរ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងអំណរគុណចំពោះការវាយតម្លៃទៅលើលទ្ធផល នៃការងារគ្រប់គ្រងជំងឺកូវីដ-១៩ នៅប្រទេសកម្ពុជា ហើយសម្តេចក៏សូមអរគុណចំពោះការវាយតម្លៃទៅលើកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលកន្លងមក។ សម្ដេចក្រឡាហោម ក៏បានឯកភាពចំពោះការលើកឡើងរបស់ លោកជំទាវ ឯកអគ្គរដ្ឋទូត ពាក់ព័ន្ធទៅនឹងការជំរុញនូវកិច្ចសហប្រតិបត្តិការ នៅក្នុងក្របខណ្ឌក្រោមសមត្ថកិច្ចក្រសួងមហាផ្ទៃ ជាពិសេស ការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងការងារពង្រីកនូវសម្ព័ន្ធមេត្រីភាពរវាងរដ្ឋបាលថ្នាក់ក្រោមជាតិនៃប្រទេសទាំងពីរ។

លើសពីនេះទៀត សម្ដេចក្រឡាហោម ស ខេង បានជូនពរលោកជំទាវ Maria Amelia C.Aquino ឯកអគ្គរដ្ឋទូតទើបតែងតាំងថ្មី នៃសាធារណរដ្ឋហ្វីលីពីន ប្រចាំព្រះរាជាណាចក្រកម្ពុជា ឱ្យទទួលបានជោគជ័យ ក្នុងការងារបំពេញបេសកកម្មនៅប្រទេសកម្ពុជា ប្រកបដោយភាពឧត្តុង្គឧត្តម។ សម្ដេចក្រឡាហោម បានជម្រាបជូនលោកជំទាវថា សម្តេច បានត្រៀមខ្លួនជានិច្ចចំពោះកិច្ចពិភាក្សាជាមួយ លោកជំទាវ ឯកអគ្គរដ្ឋទូត ដើម្បីផលប្រយោជន៍រួមរវាងប្រជាជន នៃប្រទេសទាំងពីរ៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ