សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខសិស្សនាយនគរបាល សិស្សនាយនគរបាលរង វគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាល នៅសាលានគរបាលជាតិភូមិភាគ៣ ខេត្តកំពង់ស្ពឺ
June 30, 2022    អ្នកទស្សនា :

នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខសិស្សនាយនគរបាល សិស្សនាយនគរបាលរង វគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៥ លើកទី២ នៅសាលានគរបាលជាតិភូមិភាគ៣ ខេត្តកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ, អគ្គនាយកដ្ឋានភស្ដុភារ និងហិរញ្ញវត្ថុ, បណ្ឌិត្យសភានគរបាលកម្ពុជា ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

ជាកិច្ចចាប់ផ្ដើម លោកឧត្តមសេនីយ៍ទោ វៀក សុភាព នាយកសាលានគរបាលជាតិភូមិភាគ៣ បានថ្លែងថា វត្តមាន សម្ដេចក្រឡាហោម នាឱកាសនេះ ជាសក្ខីភាពបង្ហាញពីការយកចិត្តទុកដាក់របស់ សម្ដេច ចំពោះអង្គភាពបណ្ដុះបណ្ដាលកងកម្លាំងនគរបាលជាតិ ព្រមទាំងផ្ដល់កិត្តិយស និងកម្លាំងចិត្តឱ្យខិតខំប្ដេជ្ញាចិត្តខ្ពស់ និងឆន្ទៈកាន់តែខ្ពស់ក្នុងការបំពេញភារកិច្ចឱ្យសម្រេចបានជោគជ័យស្របតាមទស្សនៈដឹកនាំ កំណែទម្រង់ របស់ សម្ដេច និងផែនការដែលបានកំណត់។

លោកឧត្តមសេនីយ៍ទោ ក៏បានឱ្យដឹងដែរថា សាលានគរបាលជាតិភូមិភាគ៣ បានបណ្ដុះបណ្ដាលមន្ត្រី និងសិស្សនគរបាលក្របខ័ណ្ឌថ្មីមកពីខេត្ត០៦ រួមមាន៖ ខេត្តកំពង់ស្ពឺ, ព្រះសីហនុ, តាកែវ, កំពត, កែប និងកោះកុង សរុបចំនួន០៦ ស្មើនឹង ៦៣៧នាក់ នារីជិត ៥០០នាក់ ខណៈឆ្នាំនេះ បាន និងកំពុងបណ្ដុះបណ្ដាលសិស្សនគរបាលជំនាន់ទី១៥ លើកទី២ ចំនួន ១៣៣នាក់ មកពីស្នងការដ្ឋាននគរបាលខេត្តតាកែវ ២០នាក់ និងខេត្តកោះកុង ១១៣នាក់ ដែលបានប្រឡងជាប់ក្របខណ្ឌឆ្នាំ២០២២។

អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា នេះជាលើកទី១ ហើយដែល សម្ដេច បានអញ្ជើញមកដល់សាលានគរបាលជាតិភូមិភាគ៣ នេះ។ សម្ដេច បានរំលឹកថា កន្លងមក ទីតាំងសាលានេះ ជាអតីតទីតាំងផលិតគ្រឿងញៀនដ៏ធំមួយ ដែលសមត្ថកិច្ចបង្ក្រាបបាន ហើយត្រូវបានតុលាការកំពូលសម្រេចប្រគល់ដីនេះមកឱ្យក្រសួងមហាផ្ទៃ ទើបក្រសួងរៀបចំទីនេះជាសាលាបណ្ដុះបណ្ដាលនគរបាលភូមិភាគ៣ តែម្ដង។

សម្ដេចក្រឡាហោម បានណែនាំអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ រៀបចំចុះបញ្ជីដីធ្លីទីតាំងនេះ ក្នុងបញ្ជីសារពើពន្ធ របស់រដ្ឋឱ្យបានឆាប់ និងជាបន្ទាន់ ដើម្បីធានាការពារផលប្រយោជន៍សាធារណៈ និងបន្តថា បើទោះបីជាទីតាំងនេះដីនៅទំនេរច្រើនមែន ប៉ុន្តែក៏មានការងារច្រើនត្រូវធ្វើលើទីតាំងទាំងនោះដែរ ក្នុងនោះ សម្ដេច បានផ្ដួចផ្ដើមឱ្យរៀបចំទីតាំងចិញ្ចឹមសត្វដូចជា គោ និងពពែជាដើម ហើយសាលាត្រូវសហការជាមួយមន្រ្តីជំនាញកសិកម្ម ដោយ សម្ដេច នឹងផ្ដល់ពូជឱ្យសាលារៀបចំចិញ្ចឹម។

ពាក់ព័ន្ធនឹងដំណើរការអភិវឌ្ឍសាលានគរបាលជាតិភូមិភាគ៣ នេះដែរ សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណ និងកោតសរសើរ ឯកឧត្តម រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តពាក់ព័ន្ធនឹងភូមិភាគ៣ នេះដែល បានរួមកម្លាំងសាមគ្គីគ្នារំលែកថវិកាមកចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ដូចដែល លោកឧត្តមសេនីយ៍ទោ វៀក សុភាព បានរាយការណ៍។ សម្ដេច ចាត់ទុកថា នេះជាការរួមចំណែកដ៏មានសារៈសំខាន់ ពិសេសក្នុងពេលរដ្ឋកំពុងសន្សំការចំណាយក្នុងស្ថានភាពកូវីដ-១៩។

សម្ដេចក្រឡាហោម ស ខេង ក៏បានថ្លែងអំណរគុណថ្នាក់ដឹកនាំ និងមន្រ្តីទទួលបន្ទុកការងារបណ្ឌិត្យសភានគរបាលកម្ពុជា រួមទាំងអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋាន និងអង្គភាពនានា ដែលខិតខំរួមគ្នាធ្វើឱ្យសម្រេចគោលបំណងមួយដែល សម្ដេច គូសបញ្ជាក់ថា «ធ្វើឱ្យនគរបាលយើងទៅជានគរបាលរបស់ប្រជាពលរដ្ឋ កុំឱ្យពលរដ្ឋខ្លាចនគរបាល កែប្រែឱ្យប្រជាពលរដ្ឋមានវប្បធម៌ស្រលាញ់ចូលចិត្ត និងជឿជាក់លើនគរបាលដែលជាអ្នកបំរើគាត់ ហើយនគរបាលក៏ចាត់ទុកពលរដ្ឋជាចៅហ្វាយដែលត្រូវបំរើសេវាជូន»៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ