សម្តេចក្រឡាហោម ស ខេង អនុញ្ញាតឱ្យថ្នាក់ដឹកនាំនៃសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា (CWPUC) ចូលជួបសម្តែងការគួរសម
September 27, 2022    អ្នកទស្សនា :

នាថ្ងៃអង្គារ៍ ទី២៧ ខែកញ្ញា ឆ្នាំ២០២២ សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី  បានអនុញ្ញាតឱ្យសមាសភាពថ្នាក់ដឹកនាំនៃសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា(CWPUC) ចំនួន៣៣រូប ចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និង មន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប។

លោក ហង្ស រ៉ាវី ប្រធានសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា(CWPUC) បានធ្វើសេចក្តីរាយការណ៍សង្ខេបគោរពជូន សម្តេចក្រឡាហោម ដោយលោកបានលើកឡើងថា សហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា គឺជាស្ថាប័នអង្គការវិជ្ជាជីវៈ ដែលមានសហព័ន្ធសហជីពចំនួន១៦ និងសមាគម ចំនួន០៨ ចំណុះ និងមានសមាជិកសរុប ចំនួន៣៩,៩៧៨នាក់។

ក្នុងនោះផងដែរ លោក ហង្ស រ៉ាវី លើកឡើងអំពីសកម្មភាពការងារដែលអនុវត្តបានជោគជ័យក្នុងពេលកន្លងមកលើការការពារសិទ្ធិ ការងារមនុស្សធម៌ និងការដោះស្រាយបញ្ហាប្រឈមនានារបស់កម្មករ និយោជិក នៅតាមសហគ្រាស គ្រឹះស្ថាន និងបញ្ហារបស់កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

នាឱកាសនោះដែរ សម្តេចក្រឡាហោម ស ខេង បានសម្តែងនូវការកោតសរសើរចំពោះសមាជិកសមាជិកាសហជីពរក្សាសិទ្ធិកម្មករកម្ពុជា(CWPUC) ដែលបានបំពេញតួនាទីភារកិច្ចបានយ៉ាងល្អ លើកិច្ចការងារ ជួយដោះស្រាយបញ្ហារបស់កម្មករ និយោជិក សហគ្រាស គ្រឹះស្ថាន និងកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលបង្ករបរិយាកាសល្អសម្រាប់អ្នកវិនិយោគបរទេសកាន់តែច្រើនមកវិនិយោគនៅក្នុងប្រទេសផងដែរ។

ជាមួយគ្នានេះ សម្តេចក្រឡាហោម បានធ្វើការណែនាំដល់សមាជិក សមាជិការសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា(CWPUC)ឱ្យបន្តកិច្ចការងារនេះឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ទន្ទឹមនឹងនេះ បន្តពង្រឹងការសាមគ្គីភាពរវាងគ្នាឱ្យកាន់តែល្អ និងកាន់តែមានវិសាលភាព ជាពិសេសធ្វើការណែនាំដល់កម្មករ និយោជិកឱ្យអនុវត្តការងារស្របតាមច្បាប់ការងារដែលជាច្បាប់មូលដ្ឋានសម្រាប់ការពារសិទ្ធិរបស់កម្មករ។ លើសពីនេះទៅទៀត សម្តេចក្រឡាហោម បានលើកទឹកចិត្ត និងណែនាំ ឱ្យសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា(CWPUC)បម្រើកម្មករ និយោជិកឱ្យបានស្មើភាព មិនត្រូវប្រកាន់និន្នាការនយោបាយនោះឡើយ៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ