សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធីបតីប្រកាសដាក់ឱ្យប្រើជាផ្លូវការនូវឯកសារចក្ខុវិស័យ និងយុទ្ធសាស្ត្រស្តីពីសុខដុមនីយកម្មការកែទម្រង់ ៣ បូក ១ នៃរាជរដ្ឋាភិបាល
December 07, 2022    អ្នកទស្សនា :

នារសៀលថ្ងៃពុធទី០៧ ខែធ្នូ ឆ្នាំ២០២២ សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវឯកសារចក្ខុវិស័យ និង យុទ្ធសាស្ត្រស្តីពី “សុខដុមនីយកកម្មការកែទម្រង់ ៣ បូក ១ របស់រាជរដ្ឋាភិបាល”នៅសណ្ឋាគារ សូហ្វីតែលភ្នំពេញ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងថ្នាក់ដឹកនាំនៃក្រសួង-ស្ថាប័នពាក់ព័ន្ធព្រមទាំងមានមន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ។

ឯកឧត្តម ហ៊ែល ចំរើន រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរងនៃគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ) បានធ្វើសេចក្តីរាយការណ៍បូកសរុបស្តីពីឯកសារចក្ខុវិស័យ និង យុទ្ធសាស្ត្រស្តីពី “សុខដុមនីយកម្មការកែទម្រង់ ៣ បូក ១ នៃរាជរដ្ឋាភិបាល”។ ឯកឧត្តម ហ៊ែល ចំរើន មានប្រសាសន៍ឱ្យដឹងថា ចក្ខុវិស័យ និងយុទ្ធសាស្ត្រ ស្ដីពីសុខដុមនីយកម្មនៃការកែទម្រង់ ៣ បូក ១ នេះ មានគោលបំណងធានាសុខដុមនីយកម្មនៃការកែទម្រង់ ដោយយកសមិទ្ធផល និងបទពិសោធន៍កន្លងមក ធ្វើជាមូលដ្ឋានឈានឆ្ពោះទៅរកការសម្រេចបាននូវគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដោយត្រូវឆ្លើយតបទៅនឹងសភាពការណ៍វិវត្តនៃបរិបទសកលលោក។

នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បាន ធ្វើការវាយតម្លៃខ្ពស់ចំពោះក្រុមការងារអគ្គលេខាធិការដ្ឋាន និងលេខាធិការដ្ឋានដែលបានសហការគ្នារៀបចំឯកសារចក្ខុវិស័យ និង យុទ្ធសាស្ត្រស្តីពី “សុខដុមនីយកម្មការកែទម្រង់ ៣ បូក ១ នៃរាជរដ្ឋាភិបាល”នេះឡើង។ ជាមួយគ្នានេះ សម្តេចក្រឡាហោម បានធ្វើការអំពាវនាវឱ្យមានការចូលរួមកាន់តែសកម្មថែមទៀតពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ក្នុងដំណាក់កាលនៃការធ្វើកំណែទម្រង់នេះ។

សម្តេកច្រឡាហោម បានមានប្រសាសន៍ឱ្យដឹងថា ផ្អែកទៅលើការរីកចម្រើន តម្រូវការសង្គម រួមជាមួយការប្រកួតប្រជែងលើឆាកអន្តរជាតិ យើងត្រូវផ្តោតការយកចិត្តទុកដាក់ និងត្រូវតែមានការជម្រុញលើកកម្ពស់ប្រសិទ្ធភាពនៃការធ្វើកំណែទម្រង់ផ្នែកអភិបាលកិច្ច​ ដើម្បីធានាដល់ការឆ្លើយតបយ៉ាងមានប្រសិទ្ធភាពនៃតម្រូវការសង្គមផង និងដើម្បីការទប់ទល់ទៅនឹងសភាពការណ៍វិវត្តនៃបរិបទសកលលោក និងហេតុការណ៍នានាដែលកើតចេញពីវិត្តបត្តិពិភពលោកផងដែរ។ សម្តេចក្រឡាហោម បានបញ្ជាក់ទៀតថា ការធ្វើកំណែទម្រង់នេះមានលក្ខណៈជាអន្តរវិស័យមានទំនាក់ទំនងដោយផ្ទាល់ផង និងប្រយោលផង ព្រមទាំងមានលក្ខណៈបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក អាស្រ័យហេតុនេះជោគជ័យគឺអាស្រ័យទៅលើការរៀបចំដោយការយកចិត្តទុកដាក់ និងភាពប្រទាក់ក្រឡាគ្នា​ ដើម្បីបំពេញឱ្យគ្នាទៅវិញទៅមក។

សម្តេចក្រឡាហោម ស ខេង មានប្រសាសន៍បញ្ជាក់បន្ថែមថា ដើម្បីធានាឱ្យឯកសារចក្ខុវិស័យ និង យុទ្ធសាស្ត្រស្តីពី “សុខដុមនីយកម្មការកែទម្រង់ ៣ បូក ១នៃរាជរដ្ឋាភិបាល”នេះ ត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធិភាពខ្ពស់ សម្តេច​ បានផ្ដល់ជូនជាអនុសាសន៍មួយចំនួនដល់ អគ្គលេខាធិការដ្ឋាន និងលេខាធិការដ្ឋាននៃកម្មវិធីកំណែទម្រង់ទាំង៤ត្រូវបន្តកិច្ចសហប្រតិបត្តិការរួមគ្នាក្នុងការរៀបចំ និងអនុវត្តផែនការសកម្មភាពរួមឱ្យកាន់តែមានភាពប្រទាក់ក្រឡាគ្នា ស្របតាមអភិក្រមដែលបានកំណត់ក្នុងឯកសារចក្ខុវិស័យ និងយុទ្ធសាស្ត្រស្តីពី “សុខដុមនីយកម្មការកែទម្រង់ ៣ បូក ១នៃរាជរដ្ឋាភិបាល”។

ទន្ទឹមនឹងនេះ អគ្គលេខាធិការដ្ឋាន និងលេខាធិការដ្ឋាននៃកម្មវិធីកំណែទម្រង់ទាំង៤ត្រូវរៀបចំកិច្ចប្រជុំយន្តការសម្របសម្រួលការកែទម្រង់ចក្ខុវិស័យ និង យុទ្ធសាស្ត្រស្តីពីសុខដុមនីយកម្ម​ ការរកែទម្រង់ ៣ បូក ១ឱ្យបានទៀងទាត់​ ដើម្បីតាមដាន​ និងត្រួតពិនិត្យពីវឌ្ឍនភាព និងស្វែងរកដំណោះស្រាយឱ្យបានទាន់ពេលវេលា។ ក្នុងនោះត្រូវពិនិត្យលទ្ធភាពផ្តល់ការគាំទ្រគ្រប់មធ្យោបាយដល់កំណែទម្រង់នីមួយៗឱ្យបានសមស្រប។

ជាមួយគ្នានោះដែរ សម្តេចក្រឡាហោម បានស្នើដល់ឯកឧត្តម លោកជំទាវ ដែលជា ថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវផ្តល់ការគាំទ្រ និងបន្តចូលរួមក្នុងកិច្ចដំណើរការនៃកំណែទម្រង់ស្នូលទាំង៤របស់រាជរដ្ឋាភិបាល​ ដើម្បីធានាដល់ការសម្រេចបាននូវគោលបំណងរួម ព្រមទាំងការពង្រឹងគុណភាពអភិបាលកិច្ចដើម្បីបម្រើដល់ផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជាឱ្យកាន់តែប្រសើរឡើង៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ