សម្ដេចក្រឡាហោម ស ខេង៖ សមត្ថកិច្ចមិនត្រូវទារប្រាក់បន្ថែម ចំពោះករណីដែលប្រជាពលរដ្ឋទៅដោះស្រាយយកម៉ូតូ ឬរថយន្ដ ដែលបានជួបគ្រោះថ្នាក់ ត្រឡប់មកវិញ
January 30, 2023    អ្នកទស្សនា :

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ណែនាំដល់សមត្ថកិច្ច មិនត្រូវទារប្រាក់បន្ថែម នៅពេលប្រជាពលរដ្ឋទៅដោះស្រាយយកម៉ូតូ ឬរថយន្ដ ដែលបានជួបគ្រោះថ្នាក់ចររាចរណ៍ ឬហេតុការណ៍ផ្សេងៗ ត្រឡប់មកវិញនោះទេ។

សម្ដេចក្រឡាហោម មានប្រសាសន៍បញ្ជាក់ថា «សមត្ថកិច្ចផ្សេងៗទៀត ដែលមានការពាក់ព័ន្ធ សូមអំពាវនាវ និងចូលរួម ដើម្បីដោះស្រាយបញ្ហានានាឱ្យបានត្រឹមត្រូវ។ ខ្ញុំ ចង់និយាយថា សមត្ថកិច្ច តុលាការ ឫក៏សមត្ថកិច្ចនគរបាល យកទៅកន្លែងប៉ុស្ដិ៍ហើយ នៅពេលដោះចប់ហើយ (ពលរដ្ឋដោះស្រាយចប់) ទារយកឡាន ទារយកម៉ូតូមិនបាន ត្រូវបង់លុយថែម អាហ្នឹងសូមឱ្យប្រយ័ត្ន កុំធ្វើបែបនេះ»។

សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍បែបនេះ នាឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារងា ឆ្នាំ២០២៣ ដែលពិធីនេះប្រារព្ធធ្វើឡើង នៅស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣។ សម្ដេចក្រឡាហោម ស ខេង ក៏បានណែនាំដល់សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវរួមគ្នាដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋ ឱ្យបានត្រឹមត្រូវបំផុត។

ឆ្លៀតឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង បានសង្ឃឹមយ៉ាងមុតមាំថា ផ្អែកលើបទពិសោធន៍ការងារ និងស្មារតីខិតខំប្រឹប្រែងទទួលខុសត្រូវពីគ្រប់ក្រសួង-ស្ថាប័ន មានសមត្ថកិច្ច អាជ្ញាធរគ្រប់លំដាប់ថ្នាក់ នឹងអាចសម្រេចបានជោគជ័យក្នុងការបង្ការ ទប់ស្កាត់ និងកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍ឱ្យបានជាអតិបរិមាក្នុងឆ្នាំ២០២៣ ក៏ដូចជាការរក្សាសណ្ដាប់ធ្នាប់ចរាចរណ៍ផ្លួវគោក ឱ្យកាន់តែប្រសើរឡើងជាលំដាប់៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ