សម្ដេចក្រឡាហោម ស ខេង អនុញ្ញាតឱ្យប្រធានអង្គការពលកម្មអន្តរជាតិ (ILO) ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបពិភាក្សាការងារ
March 29, 2023    អ្នកទស្សនា :

នារសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣នេះសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យលោក Graeme Buckley ប្រធានអង្គការពលកម្មអន្តរជាតិ (ILO) ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបពិភាក្សាការងារ។

ជាកិច្ចចាប់ផ្ដើមសម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ស្វាគមន៍ និងបានថ្លែងអំណរគុណចំពោះអង្គការពលកម្មអន្តរជាតិ (ILO) ដែលបានដើរតួនាទីយ៉ាងសកម្មក្នុងការជួយគាំទ្រដល់កម្ពុជា តាមរយៈនៃអនុវត្តគម្រោងនានា ជាមួយនឹងក្រសួងស្ថាប័នពាក់ព័ន្ធ របស់រាជរដ្ឋាភិបាលកម្ពុជា ហើយជាមួយគ្នានោះ ក៏មានវិស័យមួយចំនួនដែលស្ថិតក្រោមក្រសួងមហាផ្ទៃ ដែលជាកិច្ចការសំខាន់សំខាន់ៗផងដែរ ដោយក្នុងនោះរួមមាន ការងារគាំទ្រដល់ទេសសន្តរប្រវេសន៍ និងការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកជាដើម។

ទន្ទឹមនោះ សម្តេចក្រឡាហោម បានលេីកឡេីងថា សម្ដេចត្រៀមខ្លួនជានិច្ច ក្នុងការបន្តនូវកិច្ចសហប្រតិបត្តិការដ៏ល្អនេះជាមួយនឹងអង្គការ (ILO) លើគម្រោងដែលមានស្រាប់រវាងភាគីទាំងពីរ ក៏ដូចជាគម្រោងនានាដែលជាឱកាសនៃកិច្ចសហប្រតិបត្តិការនាពេលអនាគត។

ជាការឆ្លើយតប លោក Graeme Buckley ប្រធានអង្គការពលកម្មអន្តរជាតិ (ILO) បានថ្លែងអំណរគុណ និងបានវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជាមកលើបេសកកម្មរបស់អង្គការ (ILO)នៅកម្ពុជា ដែលគិតមកដល់ពេលនេះ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងអង្គការ (ILO) និងកម្ពុជា គឺជាកិច្ចសហប្រតិបត្តិការយូរអង្វែង ដែលមានរយៈពេលជាច្រើនទសវត្សរ៍កន្លងមកហើយ។ ផ្អែកលើទំនាក់ទំនងដ៏យូរអង្វែងនេះដែរ លោកប្រធានអង្គការ ក៏សូមថ្លែងអំណរគុណចំពោះភាពជាដៃគូដ៏ល្អនេះ ហើយលោកប្រធានអង្គការក៏បានជម្រាបជូនសម្ដេចបន្ថែមផងដែរថា បច្ចុប្បន្ននេះ អង្គការ(ILO) មានកិច្ចសហប្រតិបត្តិការលើ វិស័យអាទិភាពមួយចំនួនជាមួយកម្ពុជាផងដែរ ក្នុងនោះមានកិច្ចសហប្រតិបត្តិការចំនួន ១៥គម្រោងជាមួយនឹងក្រសួងស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា។ ដោយឡែកចំពោះកិច្ចការស្នូលរបស់អង្គការ (ILO) គឺធ្វើការងារពាក់ព័ន្ធ ទៅនឹងវិស័យការងារ ដែលស្ថិតក្រោមសមត្ថកិច្ចរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងគោលដៅ ដើម្បីជួយគាំទ្រដល់ការលើកកម្ពស់ វិស័យការងាររោងចក្រកាត់ដេរ ក៏ដូចជា រោងចក្រផលិតវាយណភណ្ឌដទៃទៀតផងដែរ។

មួយវិញទៀត ចំពោះការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកដែលសម្តេចក្រឡាហោម បានលើកឡើង លោក Graeme Buckley ក៏បានជម្រាបជូនសម្ដេចថា អង្គការ (ILO) ក៏មានគម្រោងមួយដែលគាំទ្រដោយ ការងារលើកកម្ពស់សុវត្ថិភាពផ្លូវថ្នល់ ដែលពាក់ព័ន្ធទៅនឹងការងារដឹកជញ្ជូន កម្មករតាមបណ្ដារោងចក្រ ហើយគម្រោងនេះ គឺធ្វើយ៉ាងណា ដើម្បីលើកកម្ពស់ការយល់ដឹង អំពីសុវត្ថិភាពផ្លូវថ្នល់ នៅក្នុងការដឹកជញ្ជូន កម្មករប្រកបដោយសុវត្ថិភាព។

ជាថ្មីម្តងទៀត សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏សូមថ្លែងអំណរគុណចំពោះអង្គការពលកម្មអន្តរជាតិ (ILO) ដែលបានគាំទ្រតាមរយៈគម្រោងផ្សេងៗដល់ការលើកកម្ពស់សុវត្ថិភាពផ្លូវថ្នល់នៅកម្ពុជា ហើយទន្ទឹមនឹងនេះសម្ដេចក៏បានជម្រាបជូនលោកប្រធានអង្គការផងដែរថា នាពេលឆាប់ៗខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជា នឹងអនុម័តនូវផែនការ ទសវត្សរ៍សុវត្ថិភាពចរាចរណ៍ ២០២១-២០៣០ ដែលនេះគឺជាផែនទីបង្ហាញផ្លូវ មួយដ៏មានសារៈសំខាន់ នៅក្នុងទិសដៅនៃការពង្រឹងនូវសុវត្ថិភាព ចរាចរណ៍ផ្លូវគោក។ លើសពីនេះទៀត សម្ដេចក្រឡាហោម ក៏បានជម្រាបជូនផងដែរថា រាជរដ្ឋាភិបាលកម្ពុជា ក៏កំពុងតែរៀបចំនូវសេចក្ដីព្រាងថ្មី ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីឆ្លើយតបឱ្យបានសមស្របទៅនឹងការវិវឌ្ឍប្រែប្រួលនៃស្ថានភាពសង្គម របស់កម្ពុជា ហើយសម្ដេចក៏មានក្តីសង្ឃឹម និងជឿជាក់ថា ផ្អែកលើមូលដ្ឋាន នៃលិខិតបទដ្ឋានគតិយុត្តិទាំងនេះ អង្គការពលកម្មអន្តរជាតិ (ILO) នឹងនៅតែបន្តជួយគាំទ្របន្ថែមទៀតទៅដល់ការងារសុវត្ថិភាព ចរាចរណ៍ផ្លូវគោកនេះ ព្រមទាំងវិស័យដទៃទៀត ដែលស្ថិតក្រោមសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ ក៏ដូចជាស្ថាប័នពាក់ព័ន្ធ នានារបស់រាជរដ្ឋាភិបាលកម្ពុជាបន្ថែមទៀត៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ