សម្ដេចក្រឡាហោម ស ខេង អនុញ្ញាតជូនលោកស្រី KAMEI Haruko ប្រធាន JICA ប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា
March 29, 2023    អ្នកទស្សនា :

នារសៀលថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូនលោកស្រី KAMEI Haruko ប្រធាន JICA ប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា នាឱកាសលោកស្រីត្រូវបញ្ចប់អាណត្តិការងារ។

ជាកិច្ចចាប់ផ្ដើម សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណចំពោះអង្គការ JICA ដែលបានមកជួយគាំទ្រដល់គម្រោងនានាជាច្រើននៅព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានោះសម្ដេចក៏បានចាត់ទុកថាការអភិវឌ្ឍដែលកម្ពុជាទទួលបានរហូតមកដល់បច្ចុប្បន្ននេះ គឺមានការរួមចំណែកមួយផ្នែកផងដែរ ពីសំណាក់រដ្ឋាភិបាលជប៉ុន ក៏ដូចជាអង្គការ JICA ផងដែរ។

នាឱកាសនោះដែរ លោកស្រី KAMEI Haruko ប្រធាន JICA ប្រចាំនៅកម្ពុជា បានថ្លែងអំណរគុណសម្តេចក្រឡាហោម និងបានជម្រាបសម្ដេចថា ឆ្នាំ២០២៣នេះ ជាឆ្នាំខួបនៃទំនាក់ទំនង៧០ឆ្នាំ នៃការបង្កើតចំណងការទូតរវាងប្រទេសទាំងពីរ កម្ពុជា-ជប៉ុន ហើយក៏ជាខួបលើកទី៣០ឆ្នាំ នៃវត្តមាន របស់អង្គការ JICA ដែលបានបង្កើតការិយាល័យក្នុងព្រះរាជាណាចក្រកម្ពុជា។ក្នុងនោះលោកស្រីបន្តថា ព្រឹត្តិការណ៍ដ៏មានអត្ថន័យនាឆ្នាំនេះ ពិតជាអាចស្តែងឱ្យឃើញអំពីកិច្ចសហប្រតិបត្តិការដ៏ល្អជាច្រើនទសវត្សរ៍កន្លងមក រវាង JICA ជាមួយកម្ពុជា។

ជាមួយគ្នានោះ លោកស្រីក៏បានវាយតម្លៃខ្ពស់ចំពោះការអនុវត្តគម្រោងនានា ជាមួយភាគីកម្ពុជា រួមទាំងក្រសួងមហាផ្ទៃ បើទោះបីជួបប្រទះនូវបញ្ហាប្រឈមដោយសារជំងឺកូវីដ១៩ ក៏ប៉ុន្តែនៅតែបន្តមានដំណើរការវិវឌ្ឍទៅមុខយ៉ាងល្អប្រសើរ។ ទន្ទឹមនឹងនេះលោកស្រីក៏បានជម្រាបជូនសម្ដេចក្រឡាហោមផងដែរ អំពីគម្រោងធំៗចំនួនពីរដែលអង្គការ JICA មានកិច្ចសហប្រតិបត្តិការជាមួយក្រសួងមហាផ្ទៃកម្ពុជា ដោយទីមួយ គឺគម្រោងលើកកម្ពស់សមត្ថភាពមន្ត្រីរដ្ឋបាលមូលដ្ឋាន ដែលគម្រោងនេះអនុវត្តជាច្រើនឆ្នាំមកហើយ និងបានជួយគាំទ្រដល់ការបណ្ដុះបណ្ដាលលើកកម្ពស់សមត្ថភាពរបស់មន្ត្រីរដ្ឋបាលមូលដ្ឋាន ក៏ដូចជាមន្ត្រីរដ្ឋបាលស៊ីវិលនៃក្រសួងមហាផ្ទៃតាមរយៈការរៀបចំឱ្យមានវគ្គបណ្ដុះបណ្ដាល និងការរៀបចំដំណើរទស្សនកិច្ចផ្លាស់ប្តូរបទពិសោធផ្សេងៗក្នុងរយៈពេលកន្លងមក។ ចំពោះគម្រោងទីពីរ លោកស្រីបន្ថែមថា គឺពាក់ព័ន្ធទៅនឹងគម្រោងសុវត្ថិភាពផ្លូវថ្នល់ ដែលគម្រោងនេះរៀបចំឡើងក្នុងគោលបំណង ខិតខំធ្វើយ៉ាងណារួមចំណែកកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ដែលបច្ចុប្បន្នបញ្ហានេះ ជាបញ្ហាមួយដ៏ស្មុគស្មាញ ហើយលោកស្រីក៏បានដឹងថារាជរដ្ឋាភិបាលកម្ពុជាមានការប្ដេជ្ញាចិត្តក្នុងការធ្វើយ៉ាងណាខិតខំកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍នេះដែរ។

សម្ដេចក្រឡាហោមបានថ្លែងអំណរគុណចំពោះការគាំទ្ររបស់JICA មកលើគម្រោងដូចដែលបានលើកឡើង ដោយសម្ដេចក្រឡាហោមបានសង្កត់ធ្ងន់ថា ការជួយគាំទ្រដល់ការលើកកម្ពស់សមត្ថភាពមកមន្ត្រីរដ្ឋបាលថ្នាក់ក្រោមជាតិ ពិតជាមានសារៈសំខាន់ជាយុទ្ធសាស្ត្រដែលការងារនេះ គឺគាំទ្រទៅដល់ដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលខិតខំធ្វើយ៉ាងណាឱ្យមន្ត្រីរដ្ឋបាលមូលដ្ឋានមានសមត្ថភាពក្នុងការបំពេញនូវមុខងារដែលត្រូវបានផ្ទេរពីថ្នាក់ជាតិ ដើម្បីបម្រើប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព។

ចំពោះគម្រោងជួយគាំទ្រដល់ការងារសុវត្ថិភាពផ្លូវថ្នល់ សម្ដេចក្រឡាហោម ក៏បានជម្រាបជូនលោកស្រីដែរថា រាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងខិតខំដោះស្រាយដោយបង្កើតនូវយន្តការថ្នាក់ជាតិ និងអន្តរក្រសួងមួយហៅថាគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដោយមានសម្ដេចផ្ទាល់ជាប្រធាន ក៏បានធ្វើកិច្ចការជាច្រើន រួមទាំងការងាររៀបចំច្បាប់គោលនយោបាយ ក៏ដូចជាការដាក់ចេញនូវវិធានការផ្សេងៗក្នុងការកាត់បន្ថយគ្រោះថ្នាក់។

សម្ដេចក្រឡាហោម ក៏បានជម្រាបជូនដែរថាថ្វីដ្បិតតែបញ្ហានេះនៅតែបន្តជាបញ្ហាដ៏ស្មុគស្មាញដែលត្រូវតែបន្តដោះស្រាយ ក៏ប៉ុន្តែតាមរយៈបទពិសោធន៍កន្លងមកបានកត់សម្គាល់ឃើញថា មានវឌ្ឍនភាពជាវិជ្ជមានជាច្រេីនទៅលើការយល់ដឹងពីសំណាក់អ្នកប្រើប្រាស់ផ្លូវ។ សម្ដេចក្រឡាហោម បានថ្លែងអំណរគុណលោកស្រី KAMEI Haruko និងសង្ឃឹមជឿជាក់ថា JICA នឹងនៅតែបន្តគាំទ្រដល់គម្រោងនានាដែលមានជាមួយព្រះរាជាណាចក្រកម្ពុជាក៏ដូចជាមួយនឹងក្រសួងមហាផ្ទៃ៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ