សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ អញ្ជើញអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវសមិទ្ធផលនានា របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
April 13, 2023    អ្នកទស្សនា :

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែមេសា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ញ៉ែម សាខន ស ខេង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវសមិទ្ធផលនានា របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពី សមាជិកព្រឹទ្ធសភា, សមាជិករដ្ឋសភា, រដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ, ក្រុមប្រឹក្សាខេត្ត-អភិបាលខេត្ត និងមន្ទីរអង្គភាពជុំវិញខេត្តជាច្រើនរូបទៀត។

នាឱកាសនោះ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានលើកឡើងថា រយៈពេលមួយឆ្នាំ ២០២២ កន្លងមកនេះ កងកម្លាំងនគរបាលខេត្តបាត់ដំបង បានបំពេញតួនាទីភារកិច្ចរបស់ខ្លួនយ៉ាងសកម្មមោះមុត ដោយរក្សាការពារបានយ៉ាងរឹងមាំនូវសន្តិសុខ សណ្តាប់ធ្នាប់សង្គមនៅទូទាំងខេត្ត និងនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ។

ឆ្លៀតឱកាសនោះ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន បានសម្ដែងនូវកតញ្ញូដឹងគុណដ៏ជ្រាលជ្រៅ ប្រកបដោយភក្តិភាពបំផុតចំពោះ សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន ស ខេង ព្រមទាំងថ្នាក់ដឹកនាំគ្រប់ថ្នាក់ ដែលជានិច្ចកាល តែងតែយកចិត្តទុកដាក់ជួយឧបត្ថម្ភដោះស្រាយ រាល់ការលំបាក ខ្វះខាតរបស់កងកម្លាំង និងផ្ដល់អនុសាសន៍ដ៏មានតម្លៃដល់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក្នុងការបំពេញភារកិច្ចសម្រេចបានជោគជ័យល្អប្រសើរ។

លើសពីនេះ លោកឧត្តមសេនីយ៍ទោ ក៏បានថ្លែងអំណរគុណចំពោះសប្បុរសជន ដែលបានបរិច្ចាគទ្រព្យសម្បត្តិផ្ទាល់ខ្លួន ចូលរួមជួយកសាងសមិទ្ធផលរបស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។ ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ ក៏បានប្តេជ្ញាថែរក្សាការពារសមិទ្ធផលទាំងនេះ ឱ្យបានស្ថិតស្ថេរគង់វង្សយូរអង្វែង ទុកជាកេរដំណែល សម្រាប់កងកម្លាំងបន្តវេនបំពេញភារកិច្ចបានសមរម្យ និងប្រកបដោយផាសុកភាពផងដែរ។

ឆ្លៀតឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍អបអរសាទរនូវសមិទ្ធផលទាំងឡាយរបស់និវត្តន៍ជននៅខេត្តបាត់ដំបង សម្រេចបាននាពេលកន្លងទៅ។ ជាងនេះនេះទៅទៀត សម្ដេចក្រឡាហោម ក៏សង្ឃឹមជឿជាក់ថា ក្នុងពេលអនាគត និវត្តន៍ជន នៅតែរក្សានូវទឹកចិត្តមនោសញ្ចេតនា គាំទ្រដល់បេសកកម្មដ៏ឧត្តុងឧត្តមក្នុងខេត្តបាត់ដំបងនេះ ដើម្បីសេចក្តីសុខរបស់ប្រជាពលរដ្ឋ។

ជាមួយគ្នានេះ សម្តេចក្រឡាហោម ស ខេង ក៏បានថ្លែងនូវការកោតសរសើរចំពោះកងកម្លាំងរបស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងទាំងអស់ ដែលបានខិតខំប្រឹងប្រែង បំពេញបេសកកម្មដ៏ឧត្តុងឧត្តមរបស់ខ្លួន ហើយក៏ទទួលបាននូវលទ្ធផលដ៏ត្រចះត្រចង់។ សម្ដេចក្រឡាហោម បន្ដថា ជាក់ស្តែងការបង្រ្កាបបទល្មើសនៅខេត្តបាត់ដំបង មានការថយចុះ ហើយការបង្ក្រាបក៏ទទួលបានលទ្ធផលខ្ពស់។ ចំពោះការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព សម្ដេច មើលឃើញថា មានឃុំជាច្រើនបានទទួលចំណាត់ថ្នាក់លេខ១ លេខ ២ លេខ៣ ហើយ ឃុំ សង្កាត់ ដែលគ្មានចំណាត់ថ្នាក់នោះ បានន័យថា «មិនមែនខិតខំប្រឹងប្រែងទទួលខុសត្រូវ ក្នុងការការពារសន្តិសុខជូនប្រជពលរដ្ឋឡើយ»។

សម្ដេចក្រឡាហោម បានថ្លែងអំណរគុណចំពោះ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដែលជានិច្ចជាកាលតែងតែយកចិត្តទុកដាក់ដល់ស្នងការដ្ឋាន អធិការដ្ឋាននគរបាល នៅតាមក្រុង ស្រុក នៅតាមប៉ុស្តិ៍នគរបាលរដ្ឋបាល នៅតាម ឃុំ សង្កាត់ ដើម្បីនគរបាលគ្រប់ថ្នាក់ គ្រប់ផ្នែក មានទឹកចិត្តក្នុងការបំពេញបេសកកម្មរបស់ខ្លួន។ សម្តេច សង្ឃឹមថា គណៈបញ្ជាការឯកភាព នឹងបន្តបំពេញបេសកកម្មនេះបន្តទៀត។

ជាថ្មីម្តងទៀត សម្តេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណដល់ក្រុមការងារខេត្ត ក្រុមកាងារស្រុក ក្រុមការងារឃុំ របស់រាជរដ្ឋាភិបាល ដែលកន្លងទៅនេះបានចំណាយពេលវេលា ធនធានយ៉ាងច្រើន ដើម្បីជួយដល់ប្រជាពលរដ្ឋ តែដោយឡែកក៏បានជួយដល់វិស័យសន្តិសុខ នៅមូលដ្ឋានផងដែរ។ សម្តេច សង្ឃឹមជឿជាក់ថា ឯកឧត្តម លោកជំទាវ លោក លោកស្រី នៅតែបន្តការចូលរួមចំណែកនេះបន្តទៅទៀត ដើម្បីសេចក្តីសុខរបស់ប្រជាពលរដ្ឋខ្មែរ៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ