ឯកឧត្តម សក់ សេដ្ឋា អញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដេីម្បីត្រៀមសម្រាប់កិច្ចប្រជុំលើកទី១២ រវាងខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម
April 18, 2023    អ្នកទស្សនា :

នាព្រឹកថ្ងៃអង្គារទី១៨ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីសម្របសម្រួលរៀបចំខ្លឹមសារត្រៀមសម្រាប់កិច្ចប្រជុំលើកទី១២ ស្តីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ ថ្នាក់ដឹកនាំមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ និងមន្ត្រីជំនាញជាច្រើនរូបទៀត។

នៅក្នុងកិច្ចប្រជុំនោះ ឯកឧត្តម សក់ សេដ្ឋា មានប្រសាសន៍ថ្លែងអំណរគុណដល់ ឯកឧត្តម លោកជំទាវ ដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមកិច្ចប្រជុំនេះ ជាមួយគ្នានោះដែរ ឯកឧត្តម រដ្ឋលេខាធិការប្រចាំការ បានបញ្ជាក់ឱ្យដឹងថាកិច្ចប្រជុំដែលរៀបចំឡើងនៅថ្ងៃនេះ ដើម្បីត្រៀមរៀបចំកិច្ចប្រជុំលើកទី១២ ស្តីពីកិច្ចសហប្រតិបត្តិការ និង ការអភិវឌ្ឍនៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម ដែលនឹងរៀបចំធ្វើឡើងនៅប្រទេសវៀតណាមនាពេលខាងមុខ។

នាឱកាសនោះផងដែរ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល បានធ្វើសេចក្តីរាយការណ៍សង្ខេប ជូនឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ និងអង្គប្រជុំទាំងមូល អំពីការងាររៀបចំកិច្ចប្រជុំលើកទី១២ ស្តីពីកិច្ចសហប្រតិបត្តិការ និង ការអភិវឌ្ឍបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម ដោយឯកឧត្តម មានប្រសាសន៍ថាកិច្ចប្រជុំនេះបានរៀបចំឡើងចាប់តាំងពីឆ្នាំ២០០៤ រហូតមកដល់ឆ្នាំ២០២៣ ដោយភាគីកម្ពុជា-វៀតណាមបានរៀបចំកិច្ចប្រជុំប្តូរវេនជាម្ចាស់ផ្ទះម្នាក់ម្តង ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែការរីករាលដាលនៃជំងឺកូវីដ-១៩ ប្រទេសទាំងពីរបានរៀបចំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូពីចម្ងាយ ហើយកិច្ចប្រជុំលើកទី១២នេះ ភាគីវៀតណាមនឹងធ្វើជាម្ចាស់ផ្ទះ។

ឯកឧត្តម បានបញ្ជាក់ឱ្យដឹងថា ក្នុងកិច្ចប្រជុំលើកទី១២ ភាគីទាំងពីរនឹងពិភាក្សាទៅលើការងាររក្សាសន្តិសុខសណ្តាប់ធ្នាប់នៅតាមព្រំដែន ,វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ, ការគ្រប់គ្រងច្រកទ្វាព្រំដែន វិស័យគមនាគមន៍ និងដឹកជញ្ជូន ព្រមទាំងវិស័យសំខាន់ផ្សេងៗទៀត និងការងាររុករកអដ្ឋិធាតុកងទ័ព និងធ្វើមាតុភូមិនិវត្តន៍ ព្រមទាំងពិភាក្សាលើការងារដែលនៅសេសសល់មួយចំនួនទៀតផងដែរ៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ