អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា រៀបចំកិច្ចប្រជុំពិភាក្សាជាមួយក្រសួងនគរបាលវៀតណាម ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរបទពិសោធន៍ ក្នុងការធានាសន្តិសុខ សម្រាប់ព្រឹត្តិការណ៍អន្តរជាតិ
April 24, 2023    អ្នកទស្សនា :

រាជធានីភ្នំពេញ ៖ រសៀលថ្ងៃសៅរ៍ ទី២២ ខែមេសា ឆ្នាំ២០២៣នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ឯកបម្រុង លឿង តាមក្វាង អនុរដ្ឋមន្រ្តីក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម អញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំពង្រឹងកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរបទពិសោធន៍ ក្នុងការធានាសន្តិសុខ សម្រាប់ព្រឹត្តិការណ៍អន្តរជាតិ រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅនាយកដ្ឋានអង្គរក្ស។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានមានប្រសាសន៍បញ្ជាក់ឱ្យដឹងក្រោយកិច្ចប្រជុំថា៖ កិច្ចប្រជុំនៅថ្ងៃនេះ គឺអនុវត្តទៅតាមផែនការកិច្ចសហប្រតិបត្តិការរវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម ក្នុងការគាំទ្រគ្នាទៅវិញទៅមកលើការផ្លាស់ប្តូរបទពិសោធន៍ពាក់ព័ន្ធទៅនឹងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ សម្រាប់ព្រឹត្តិការណ៍ធំៗ ជាពិសេសខ្នាតតំបន់ និងអន្តរជាតិ ហើយនៅពេលឆាប់ៗខាងមុខនេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងកីឡាប៉ារ៉ាហ្គេមលើកទី១២ បន្ទាប់ពីប្រទេសវៀតណាម ខណៈដែលវៀតណាម ធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ គឺមិនមានការប្រកួតកីឡាប៉ារ៉ាហ្គេម នោះទេ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបញ្ជាក់ថា ដើម្បីឱ្យមានប្រសិទ្ធភាពខ្ពស់ ក្នុងការធានាឱ្យបាននូវសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាដ៏សំខាន់នេះ កម្ពុជាក៏បានស្នើសុំកិច្ចសហការពីភាគីមិត្ត ដើម្បីឱ្យជួយឧបត្ថម្ភគាំទ្រ និងផ្លាស់ប្តូរបទពិសោធន៍ពាក់ពន្ធនឹងកិច្ចការពារព្រឹត្តិការណ៍ដ៏សំខាន់ជាប្រវត្តិសាស្រ្តនេះ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានលើកឡើងថា សម្រាប់កិច្ចការរៀបចំផែនការការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម និងកីឡាប៉ារ៉ាហ្គេមខាងមុខនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានចង្អុលដឹកនាំ និងធ្វើការផ្សព្វផ្សាយរួចមកហើយ និងនាយកដ្ឋាន-អង្គភាពជំនាញនីមួយៗ ក៏បានធ្វើការចាត់ចែងគ្រប់ជ្រុងជ្រោយ ទាំងសណ្តាប់ធ្នាប់សាធារណៈ ការមកដល់របស់គណៈប្រតិភូ តម្រាយផ្លូវ កន្លែង ការស្នាក់នៅ ជាពិសេសទីកន្លែងព្រឹត្តិការណ៍ប្រកួត រួមទាំងការបង្ការហេតុការណ៍កើតឡើងជាយថាហេតុជាដើម។ ឯកឧត្តម បន្តថា ដើម្បីឱ្យកិច្ចការពារគ្រប់ជ្រុងជ្រោយទៅបាន គឺចាំបាច់ណាស់ត្រូវមានបទពិសោធន៍ ដោយសារនេះជាព្រឹត្តិការណ៍ដំបូងបំផុតក្នុងរយៈពេល ៦៥ឆ្នាំ ដែលកម្ពុជាខកខានធ្វើជាម្ចាស់ផ្ទះ ហើយក៏ចាត់ទុកថាជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រលើកដំបូងបំផុត ដូច្នេះទោះជាយើងមានការជឿជាក់លើសមត្ថភាពប៉ុណ្ណាក៏ដោយ យើងក៏ត្រូវទាមទាររកបទពិសោធន៍ពីប្រទេសជិតខាង ហើយកន្លងមក ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានចង្អុលដឹកនាំ និងបានទំនាក់ទំនងសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាច្រើន ដើម្បីផ្តល់បទពិសោធន៍ ជាពិសេសទទួលបានជោគជ័យក្នុងការការពារកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលជោគជ័យនេះក៏មានចំណែកមួយពីកិច្ចសហប្រតិបត្តិការក្នុងការពង្រឹងបទពិសោធន៍ជាមួយដៃគូសហប្រតិបត្តិការរបស់យើងផងដែរ។ ដូច្នេះ កិច្ចប្រជុំនេះ គោលបំណងសំខាន់ គឺការផ្លាស់ប្តូរបទពិសោធន៍លើកិច្ចសហប្រតិបត្តិការក្នុងការការពារ ជាពិសេសធានាសុវត្ថិភាពសម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមនៅពេលខាងមុខនេះ។

ឯកឧត្តមអគ្គស្នងការរងនគរបាលជាតិ បានគូសបញ្ជាក់ថា សម្រាប់ផែនការការពារកងកម្លាំងសមត្ថកិច្ចបានត្រៀមខ្លួនរួចរាល់អស់ហើយ គ្រប់គោលដៅអាទិភាព និងគ្រប់សមាសភាពចូលរួម គឺយើងបានត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ ប៉ុន្តែទោះជាយ៉ាងណាយើងក៏នៅមានការបារម្ភផងដែរ ព្រោះថាព្រឹត្តិការណ៍នេះប្រាកដជាមានអ្នកចូលរួមទស្សនា និងចូលរួមគាំទ្រការប្រកួតច្រើនកុះករ ហើយទោះជាយើងបានគិតគូរគ្រប់ជ្រុងជ្រោយរួចក៏ពិតមែន យើងក៏នៅតែបន្តធ្វើបច្ចុប្បន្នភាព និងតាមដានសភាពការណ៍ ដើម្បីចាត់វិធានការដោះស្រាយបញ្ហាបានទាន់ពេលវេលា។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ បន្ថែមទៀតថា សម្រាប់កិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បើគ្មានការចូលរួមពីមហាជន ក៏ដូចជាប្រជាពលរដ្ឋ ការងារនេះនឹងមិនបានជោគជ័យនោះទេ ទោះជាកងកម្លាំងសមត្ថកិច្ចមានសមត្ថភាពខ្ពស់យ៉ាងណាក៏ដោយ ក៏វាមិនអាចទៅបានរលូនប្រកបដោយតម្លាភាព ហើយដើម្បីឱ្យប្រទេសជាតិយើងប្រព្រឹត្តនៅព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដ៏ធំនេះបានជោគជ័យ ក៏ដូចជាលើកកិត្តិយស និងកិត្យានុភាពប្រទេសជាតិលើឆាកអន្តរជាតិ ក្នុងនាមតំណាងឱ្យកងកម្លាំងមានសមត្ថកិច្ច និងតំណាងឱ្យកងកម្លាំងពាក់ព័ន្ធទាំងអស់ក្នុងកិច្ចការពារធានសុវត្ថិភាពព្រឹត្តិការណ៍ស៊ីហ្គាម និងប៉ារ៉ាហ្គេមខាងមុខនេះ សូមសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ មេត្តាចូលរួមដើម្បីថែរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម ជាពិសេសការរក្សារបៀបរៀបរយ ហើយប្រសិនបើមានប្រការណាមួយថ្នាំងថ្នាក់ដូចជាការបិទផ្លូវ ឬក៏ការរៀបចំក្បួនគណៈប្រតិភូ ដែលនាំឱ្យប៉ះពាល់ដល់ពេលវេលាក្នុងការធ្វើចរាចរណ៍ សូមបងប្អូនប្រជាពលរដ្ឋមេត្តាខន្តីអភ័យទោស និងអធ្យាស្រ័យ៕

ប្រភព ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ