សម្ដេចក្រឡាហោម ស ខេង អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំសាលា និងសិក្ខាកាមនគរបាលជាតិកម្ពុជា ដែលកំពុងសិក្សានៅតាមសាលាបណ្ដុះបណ្ដាលនគរបាល នៅប្រទេសវៀតណាម
April 24, 2023    អ្នកទស្សនា :

នារសៀលថ្ងៃចន្ទ ទី២៤ ខែមេសា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំសាលា និងសិក្ខាកាមនគរបាលកម្ពុជា ចំនួន ២៤១នាក់ ដែលកំពុងសិក្សានៅតាមសាលាបណ្ដុះបណ្ដាលនគរបាល នៅទីក្រុងហូជីមិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

នាឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី ក៏បានជួបសំណេះសំណាលជាមួយ លោកឧត្ដមសេនីយ៍ត្រី បណ្ឌិត ដ័ន មិញលី នាយកមហាវិទ្យាល័យសន្តិសុខប្រជាជន នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ក្នុងជំនួបនោះ សម្ដេចក្រឡាហោម បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំមហាវិទ្យាល័យ និងសាលានគរបាលជាតិវៀតណាម សម្រាប់ការយកចិត្តទុកដាក់បណ្ដុះបណ្ដាល និងការគាំទ្រគ្រប់បែបយ៉ាងដល់សិក្ខាកាមនគរបាលជាតិកម្ពុជា។ ក្នុងនាមក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចក្រឡាហោម ស ខេង បានស្នើដល់ភាគីវៀតណាម ឱ្យបន្តការទទួលបណ្ដុះបណ្ដាលសិក្ខាកាមនគរបាលកម្ពុជានៅឆ្នាំបន្តបន្ទាប់ទៀត។ ជាការឆ្លើយតប ឧត្ដមសេនីយ៍ត្រី បណ្ឌិត ដ័ន មិញលី នាយកមហាវិទ្យាល័យសន្តិសុខប្រជាជន នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានឯកភាព និងគាំទ្រចំពោះសំណើរបស់សម្ដេចក្រឡាហោម ជាមួយក្ដីសង្ឃឹមថា ភាគីទាំងពីរនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាលើវិស័យបណ្ដុះបណ្ដាលនេះបន្ថែមទៀត។
ក្រោយបញ្ចប់ជំនួបជាមួយថ្នាក់ដឹកនាំសាលានគរបាលវៀតណាម សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបន្តជួបសំណេះសំណាលជាមួយសិក្ខាកាមនគរបាលជាតិកម្ពុជា។ ទន្ទឹមនោះ ជាថ្មីម្ដងទៀត សម្ដេចក្រឡាហោម បានថ្លែងអំណរគុណដល់ក្រសួងនគរបាល និងរដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានផ្ដល់កិច្ចសហការល្អជាមួយក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា។

លើសពីនេះទៀត សម្ដេចក្រឡាហោម ក៏បានថ្លែងអំណរគុណគណៈដឹកនាំសាលាបណ្ដុះបណ្ដាលនគរបាលវៀតណាមដែលបានសហការរៀបចំពិធីសំណេះសំណាលនាឱកាសនេះ ដោយមានការចូលរួមពីសិក្ខាកាមនគរបាលជាតិកម្ពុជា ចំនួន ២៤១នាក់ មកពីសាលាបណ្ដុះបណ្ដាលចំនួន ៥ ឱុ្យបានមកជួបជុំគ្នានាឱកាសនេះ។ សម្ដេចក្រឡាហោម ក៏បានអរគុណសម្រាប់ការគាំទ្រទាំងការស្នាក់នៅ ការហូបចុក ការថែទាំងសុខភាព ពិសេសការគាំទ្រផ្សេងៗក្នុងអំឡុងពេលរាតត្បាតជំងឺកូវីដ-១៩ កន្លងមក។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី ក៏បានមានប្រសាសន៍ទៅកាន់សិក្ខាកាមនគរបាលជាតិកម្ពុជា អំពីសារៈសំខាន់ នៃការថែរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ ដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ ក្នុងនោះសម្ដេចក្រឡាហោម បានលើកឡើងអំពីបញ្ហាប្រឈមជាសាកលពាក់ព័ន្ធនឹងបញ្ហាសន្តិសុខ ដោយសារភាពស្មុគស្មាញ នៃបទល្មើសបច្ចេកវិទ្យា និងឧក្រិដ្ឋកម្មឆ្លងដែន ពិសេសបទល្មើសមិនប្រពៃណីដែលមានការប្រែប្រួល និងកើតឡើងឥតឈប់ឈរជារៀងរាល់ថ្ងៃ។

ជាមួយគ្នានោះ សម្ដេចក្រឡាហោម ក៏បានគូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍធនធានមនុស្ស នៃក្រសួងមហាផ្ទៃ ដែលមិនមែនសម្រាប់តែក្របខណ្ឌមន្រ្តីនគរបាលជាតិទេ ប៉ុន្តែមន្រ្តីអនុរក្សពន្ធនាគារ និងមន្រ្តីរាជការស៊ីវិលក៏បានធ្វើឡើងដូចគ្នាដែរ ជាក់ស្ដែងក្រសួងបានដាក់ឱ្យដំណើរការសាលាជាតិរដ្ឋបាលមូលដ្ឋាន។ សម្ដេចសង្ឃឹមជឿជាក់ថា សិក្ខាកាមនគរបាលជាតិកម្ពុជាដែលកំពុងសិក្សានៅប្រទេសវៀតណាមនាឱកាសនេះ នឹងខិតខំប្រឹងប្រែងសិក្សារៀនសូត្រដើម្បីយកចំណេះដឹងមកបម្រើប្រទេសជាតិ។

បន្ថែមពីនេះទៀត សម្ដេចក្រឡាហោម ក៏បានផ្ដល់អនុសាសន៍ណែនាំឱ្យសិក្ខាកាមគោរពឱ្យបានខ្ជាប់ខ្ជួននូវច្បាប់ ប្រពៃណី ទំនៀមទំលាប់ នៃប្រទេសដែលខ្លួនស្នាក់នៅសិក្សារៀនសូត្រ និងត្រូវមានស្មារតីស្រលាញ់រាប់អាន ចេះជួយយកអាសារគ្នាទៅវិញទៅមកជាមួយសិក្ខាកាម និងជនជាតិដ៏ទៃទៀត រាប់ទាំងជនជាតិនៃប្រទេសដែលកំពុងស្នាក់នៅសិក្សារៀនសូត្រផងដែរ៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ