ឯកឧត្តម សក់ សេដ្ឋា អញ្ជើញដឹកនាំកិច្ចប្រជុំអនុគណៈកម្មាធិការមុខងារ និងធនធាន នៃគ.ជ.អ.ប
April 27, 2023    អ្នកទស្សនា :

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ អនុគណៈកម្មាធិការមុខងារ និងធនធាននៃគ.ជ.អ.ប តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំអនុគណៈកម្មាធិការមុខងារ និងធនធាន នៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ដើម្បីពិនិត្យពិភាក្សាលើសេចក្តីព្រាងរបាយការណ៍វាយតម្លៃមុខងារក្នុងវិស័យអប់រំ ដែលបានផ្ទេរទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយរង នៃក្រសួងស្ថាប័នពាក់ព័ន្ធ ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃគ.ជ.អ.ប ជាច្រើនរូបផងដែរ។

នាឱកាសនោះ ឯកឧត្តម សក់ សេដ្ឋា បានសម្តែងការស្វាគមន៍ និងថ្លែងអំណរគុណចំពោះសមាជិក សមាជិកានៃអង្គប្រជុំទាំងអស់ដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ។ ជាមួយគ្នានោះ ឯកឧត្តម បានមានប្រសាសន៍ថា ឯកឧត្តម ទទួលបានការប្រគល់ភារកិច្ចតំណាងដ៏ខ្ពង់ខ្ពស់ពីសម្តេចក្រឡាហោម ដើម្បីដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងរបាយការណ៍វាយតម្លៃមុខងាររបស់អនុគណៈកម្មាធិការមុខងារ និងធនធាននៃគ.ជ.អ.ប ឱ្យបានល្អិតល្អន់បំផុត។ ឯកឧត្តម បានមានប្រសាសន៍បន្ថែមថា កិច្ចប្រជុំថ្ងៃនេះដើម្បីពិនិត្យ និងពិភាក្សាលើរបាយការណ៍ស្តីពីលទ្ធផលនៃការសិក្យាវាយតម្លៃលើការគ្រប់គ្រង ការចាត់ចែង និងការអនុវត្តមុខងារក្នុងវិស័យអប់រំ ដែលបានផ្ទេរទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ។ នៅក្នុងនោះ ឯកឧត្តម បានរំលឹកផងដែរថា កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ក្រសួងមហាផ្ទៃ បានចេញសេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារបច្ចេកទេសអន្តរក្រសួងសម្រាប់សិក្សា និងវាយតម្លៃលើការអនុវត្តមុខងារក្នុងវិស័យអប់រំដែលបានផ្ទេរទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ នេះ ដែលមានសមាសភាពមកពី ក្រសួងមហាផ្ទៃ, ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងមុខងារសាធារណៈ និងសមាគមក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ។

ជាមួយគ្នានោះ ឯកឧត្តម បានគូសបញ្ជាក់ថា គោលបំណងនៃការសិក្សាវាយតម្លៃនេះ គឺផ្តោតលើប្រសិទ្ធភាពនៃការគ្រប់គ្រង ការចាត់ចែង និងការអនុវត្តមុខងារអប់រំដែលបានផ្ទេរទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដោយពុំទាន់បានផ្តោតស៊ីជម្រៅលើគុណភាពសេវាអប់រំនៅឡើយ ដោយសារក្នុងអំឡុងពេលនៃការផ្ទេរមុខងារអប់រំនេះចំពេលដែលប្រទេសកម្ពុជាជួបវិបត្តិកូវីដ-១៩ ហើយសាលារៀននានាត្រូវបានបិទដំណើរការមួយរយៈពេល និងត្រូវផ្លាស់ប្តូរវិធីសាស្ត្របង្រៀនតាមប្រព័ន្ធអនឡាញជាដើម។ ក្នុងដំណើរការនៃការសិក្សាវាយតម្លៃនេះ ឯកឧត្តម បានបញ្ជាក់ថា ក្រុមការងារបច្ចេកទេសអន្តរក្រសួង បានចុះទៅសិក្សាវាយតម្លៃនៅតាមរដ្ឋបាលក្រុង ស្រុក ខណ្ឌ បានចំនួន ១៧ ក្នុងរាជធានី-ខេត្ត ក្នុងនោះរួមមាន៖ ខេត្តបាត់ដំបង មានចំនួន ០៧ក្រុងស្រុក, ខេត្តក្រចេះ មានចំនួន ០៣ក្រុងស្រុក, ខេត្តកំពត មានចំនួន ០៣ក្រុងស្រុក, ខេត្តកណ្តាល មានចំនួន០២ ក្រុងស្រុក និងរាជធានីភ្នំពេញ មានចំនួន ០២រដ្ឋបាលខណ្ឌ។

ទន្ទឹមនោះដែរ លោក ជ័យ សម្បត្តិផល្លា ប្រធានអង្គភាពវិភាគ និងអភិវឌ្ឍន៍គោលនយោបាយ នៃលេខាធិការដ្ឋាន គ.ជ.អ.ប និងជាសមាជិកនៃក្រុមការងារបច្ចេកទេសអន្តរក្រសួងសម្រាប់សិក្សា និងវាយតម្លៃលើការអនុវត្តមុខងារក្នុងវិស័យអប់រំដែលបានផ្ទេរទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ បានធ្វើបទបង្ហាញសង្ខេបស្តីលទ្ធផលនៃការសិក្សាវាយតម្លៃលើការងារគ្រប់គ្រង ការចាត់ចែង និងវាយតម្លៃលើការអនុវត្តមុខងារក្នុងវិស័យអប់រំដែលបានផ្ទេរទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ថា ការផ្ទេរមុខងារក្នុងវិស័យអប់រំទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ត្រូវបានអនុវត្តអស់រយៈពេល៣ឆ្នាំហើយ ដោយផ្អែកតាមផែនការការសកម្មភាព និងថវិកាប្រចាំឆ្នាំ២០២២របស់គ.ជ.អ.ប តម្រូវឱ្យមានការសិក្សាវាយតម្លៃលើការអនុវត្តមុខងារក្នុងវិស័យអប់រំដែលបានផ្ទេរឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដើម្បីពិនិត្យស្ថានភាព វឌ្ឍនភាព និងបញ្ហាប្រឈមនៃការអនុវត្តមុខងារអប់រំដែលបានផ្ទេរទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្ត និងជាមូលដ្ឋានសម្រាប់ការធ្វើសេចក្តីសម្រេចចិត្តលើការពង្រីកការប្រគល់មុខងារអប់រំទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដទៃទៀតក្រៅពីរដ្ឋបាលក្រុង ស្រុក ក្នុងខេត្តបាត់ដំបង។ លោក លោក ជ័យ សម្បត្តិផល្លា បានបន្ថែមថា ចំណុចសំខាន់ៗនៃការសិក្សាវាយតម្លៃនេះ គឺផ្តោតលើការងារសំខាន់មួយចំនួនរួមមាន៖ ការគ្រប់គ្រងការិយាល័យអប់រំ យុវជន និងកីឡា, ការគ្រប់គ្រងនៅតាមសាលារៀន, ការគ្រប់គ្រងបុគ្គលិកអប់រំ, ការគ្រប់គ្រង និងប្រើប្រាស់ថវិកា, ការគ្រប់គ្រង និងប្រើប្រាស់ទ្រព្យសម្បត្តិ និងទំនាក់ទំនងការងារ និងគណនេយ្យភាព ព្រមទាំងការងារពាក់ព័ន្ធផ្សេងទៀត។

ជាថ្មីម្តងទៀត ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍អនុគណៈកម្មាធិការមុខងារ និងធនធាន បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារពាក់ព័ន្ធទាំងអស់ដែលបានយកចិត្តទុកដាក់ និងបានចុះអនុវត្តផែនការសម្រេចបានលទ្ធផលយ៉ាងល្អប្រសើរ ដែលអាចរៀបចំចងក្រងនូវរបាយការណ៍ស្តីពីលទ្ធផលមួយបានយ៉ាងល្អ និងមានសារៈសំខាន់។ ឯកឧត្តម ក៏បានណែនាំឱ្យក្រុមការងារជួយបន្តពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍ដ៏មានសារៈសំខាន់នេះបន្ថែមទៀត ក្នុងករណីមានចំណុចខ្វះខាតណាមួយ សម្រាប់ជាការឆ្លុះបញ្ចាំងដ៏ត្រឹមត្រូវមួយក្នុងយន្តការនៃការផ្ទេរមុខងារ៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ