ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំផ្សព្វផ្សាយការងាររៀបចំជ្រើសរើសបេក្ខភាព មន្ដ្រីនគរបាលជាតិ និងមន្ដ្រីពន្ធនាគារ ដើម្បីចូលរួមក្នុងបេសកម្មថែរក្សាសន្ដិភាព អ.ស.ប
April 28, 2023    អ្នកទស្សនា :

ទីស្ដីការក្រសួងមហាផ្ទៃ ៖ នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣នេះ ក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំក្រុមការងារចំពោះកិច្ចសម្របសម្រួលរៀបចំជ្រើសរើសបេក្ខភាព មន្ដ្រីជំនាញនគរបាលជាតិ និងមន្ដ្រីជំនាញពន្ធនាគារ ក្រសួងមហាផ្ទៃ ដើម្បីចូលរួមក្នុងបេសកកម្មប្រតិបត្តិការថែរក្សាសន្ដិភាព នៅអង្គការសហប្រជាជាតិ (អ.ស.ប) ក្រោមអធិបតីភាព ឯកឧត្តម ដាំ វុទ្ធី អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចំពោះកិច្ច ដោយមានការអញ្ជើញចូលរួមពី សមាជិក នៃក្រុមការងារចំពោះកិច្ច និងមន្ត្រីពាក់ព័ន្ធផងដែរ។

ឯកឧត្តម ដាំ វុទ្ធី អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ការជ្រើសរើសបេក្ខភាពមន្ដ្រីជំនាញនគរបាលជាតិ មន្ដ្រីជំនាញពន្ធនាគារ ក្រសួងមហាផ្ទៃ ឱ្យទៅចូលរួមក្នុងបេសកកម្មប្រតិបត្តិការថែរក្សាសន្ដិភាពនេះ ត្រូវមានលក្ខខណ្ឌ ដូចជា៖ កម្រិតវប្បធម៌ថ្នាក់បរិញ្ញាប័ត្រ នគរបាលយុត្តិធម៌ ព្រហ្មទណ្ឌ វិទ្យាសាស្ដ្រសង្គម ឬជំនាញដែលពាក់ព័ន្ធ, មានបទពិសោធន៍ការងារ ជាពិសេសចេះភាសាបារាំង និងចេះបើកបររថយន្ដផងដែរ។

នាឱកាសនោះ ឯកឧត្តម អ៊ួង ចន្ធី អគ្គនាយករង និងជាប្រធាននាយកដ្ឋានបុគ្គលិក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានលើកឡើងថា ការជ្រើសរើសបេក្ខភាព មន្ដ្រីនគរបាលជាតិ និងមន្ដ្រីពន្ធនាគារ របស់ក្រសួងមហាផ្ទៃ ឱ្យចូលរួមក្នុងបេសកកម្មប្រតិបត្តិការថែរក្សាសន្ដិភាព គឺជាការងារថ្មីមួយសម្រាប់មន្ដ្រីនគរបាលជាតិ និងមន្ដ្រីពន្ធនាគារ។ ឯកឧត្តម បន្ដថា មន្ដ្រីនគរបាលជាតិ និងមន្ដ្រីពន្ធនាគារ ត្រូវមានលក្ខខណ្ឌច្រើន មុនចេញដំណើរទៅបំពេញការងារ ក្នុងបេសកកម្មប្រតិបត្តិការថែរក្សាសន្ដិភាព។

ជាមួយគ្នានេះដែរ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ម៉ៅ សុភារម្យ អគ្គនាយករង និងជាប្រធាននាយកដ្ឋានរដ្ឋបាល សរុប នៃអគ្គនាយកដ្ឋានពន្ធនាគារ បានសម្ដែងនូវសេចក្ដីរីករាយចំពោះមន្ដ្រីពន្ធនាគារ ដែលមានឱកាសចូលរួមក្នុងបេសកកម្មប្រតិបត្តិការថែរក្សាសន្ដិភាព ដែលជាកិច្ចការងារមួយដ៏មានសារៈសំខាន់បំផុត។ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ បានឱ្យដឹងថា ក្រោយការផ្សព្វផ្សាយ ក្នុងការជ្រើសរើសមន្ដ្រីពន្ធនាគារ ឱ្យចូលរួមបម្រើក្នុងបេសកម្មនេះ ក៏មានមន្ដ្រីពន្ធនាគារជាច្រើនមានចំណាប់អារម្មណ៍ ក្នុងការចូលរួមបេសកម្មនេះផងដែរ។

ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ឯក អៀម បូណារ័ត្ន អនុប្រធាននាយកដ្ឋានបុគ្គលិក នៃក្រសួងមហាផ្ទៃ ក៏បានឡើងរាយការណ៍អំពីការងារត្រៀមជ្រើសរើសបេក្ខភាព ជាមន្ដ្រីនគរបាលជាតិ និងមន្ដ្រីពន្ធនាគារ ក្នុងបេសកកម្មប្រតិបត្តិការថែរក្សាសន្ដិភាព សម្រាប់ឆ្នាំ២០២៣ផងដែរ។

ទន្ទឹមនឹងនេះដែរ ឯកឧត្តម ដាំ វុទ្ធី អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានថ្លែងអំណរគុណចំពោះ សមាជិកនៃក្រុមការងារចំពោះកិច្ចនេះ ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំនាពេលនេះ ដោយបានពិភាក្សានូវខ្លឹមសារសំខាន់ៗ សម្រាប់យកទៅអនុវត្តឱ្យបានល្អប្រសើរ។ ឯកឧត្តម អនុរដ្ឋលេខាធិការ ក៏បានផ្ដាំផ្ញើដល់ក្រុមការងារទាំងអស់ ឱ្យមានការសិក្សាឱ្យបានច្បាស់លាស់ ក្នុងការជ្រើសរើសមន្ដ្រីនគរបាលជាតិ និងមន្ដ្រីពន្ធនាគារ ឱ្យទៅបម្រើការងារក្នុងបេសកកម្មប្រតិបត្តិការថែរក្សាសន្ដិភាព និងមានទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយ គណៈកម្មាធិការជាតិសម្របសម្រួលការជ្រើសរើស ឱ្យបម្រើការងារក្នុងបេសកកម្មប្រតិបត្តិការថែរក្សាសន្ដិភាព។

សូមបញ្ជាក់ថា ក្រុមការងារចំពោះកិច្ចសម្របសម្រួលរៀបចំជ្រើសរើសបេក្ខភាព មន្ដ្រីជំនាញនគរបាលជាតិ និងមន្ដ្រីជំនាញពន្ធនាគារ ក្រសួងមហាផ្ទៃ ដើម្បីចូលរួមក្នុងបេសកកម្មប្រតិបត្តិការថែរក្សាសន្ដិភាព នៅអង្គការសហប្រជាជាតិ (អ.ស.ប) មានតួនាទី និងភារកិច្ច ដូចជា៖ ផ្សព្វផ្សាយនូវសេចក្តីជូនដំណឹង និងសេចក្ដីកំណត់អំពីលក្ខណសម្បត្តិជ្រើសរើសបេក្ខភាព របស់គណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការបញ្ជូនកងកម្លាំងចូលរួមបេសកកម្មថែរក្សាសន្តិភាព របស់ អ.ស.ប ឱ្យបានទូលំទូលាយដល់មន្ត្រីនគរបាលជាតិ មន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទ, ទទួលពាក្យរៀបចំសំណុំឯកសារ និងបញ្ជីឈ្មោះបេក្ខភាព ដើម្បីបញ្ជូនទៅគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការបញ្ជូនកងកម្លាំងចូលរួមបេសកកម្មថែរក្សាសន្តិភាពរបស់ អ.ស.ប, សហការរៀបចំការបណ្តុះបណ្តាលដល់បេក្ខភាព-បេក្ខជនតាមការចាំបាច់, សម្របសម្រួល និងសហការជាមួយគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការបញ្ជូនកងកម្លាំង ចូលរួមបេសកកម្មថែរក្សាសន្តិភាពរបស់ អ.ស.ប, រៀបចំរបាយការណ៍ ស្ដីពីវឌ្ឍនភាពការងាររបស់ក្រុមកងារចំពោះកិច្ចគោរពជូន សម្ដេចក្រឡាហោម ស ខេង ឧបនាយកដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ព្រមទាំងបំពេញភារកិច្ចផ្សេៗទៀត តាមការប្រគល់ជូនរបស់សម្ដេចក្រឡាហោម ស ខេង៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ