សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈចិន
April 29, 2023    អ្នកទស្សនា :

នៅព្រឹកថ្ងៃសៅរ៍ ទី២៩ ខែមេសា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន ជាមួយឯកឧត្តម វ៉ាង ស៊ាងហុង សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រមានិតចិន។

នាឱកាសនោះ ឯកឧត្តម ស៊ីតាថុង អនុរដ្ឋមន្រ្តីនៃក្រសួងសន្តិសុខសាធារណៈចិន និងឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានថ្លែងសុន្ទរកថា ស្ដីអំពីលទ្ធផល នៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងភាគីទាំងពីរ។ បន្ទាប់មក ឯកឧត្តម វ៉ាង ស៊ាងហុង សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈចិន និងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏បានអញ្ជើញថ្លែងសុន្ទរកថាវាយតម្លៃចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការដ៏មានសារៈសំខាន់នេះ។

ជាមួយគ្នានោះ ឯកឧត្តម វ៉ាង ស៊ាងហុង បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះវត្តមានសម្ដេចក្រឡាហោម ស ខេង និងគណៈប្រតិភូ និងបានជម្រាបជូនអំពីស្មារតីនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសចិនផងដែរ។ ឯកឧត្តម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ដ៏ល្អជាមួយកម្ពុជា និងសង្ឃឹមជឿជាក់ថា តាមរយៈកិច្ចប្រជុំនាឱកាសនេះ ភាគីទាំងពីរនឹងកាន់តែធ្វើឱ្យកិច្ចសហប្រតិបត្តិការនេះទទួលបានលទ្ធផលល្អប្រសើរបន្ថែមទៀត។

ទន្ទឹមនោះដែរ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានថ្លែងអំណរគុណចំពោះការបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅ និងរាក់ទាក់ពីសំណាក់ ឯកឧត្តម រដ្ឋមន្រ្តី និងសហការី និងការផ្ដល់កិច្ចសហការយ៉ាងល្អប្រសើរក្នុងការសម្របសម្រួលដល់ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនាឱកាសនេះ។ ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្ដេចក្រឡាហោម ក៏បានបង្ហាញជំនឿយ៉ាងមុតមាំថា លទ្ធផលនៃកិច្ចប្រជុំនេះ នឹងរួមចំណែកកាន់តែសកម្មដល់ការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងរឹងមាំ និងស៊ីជម្រៅរវាងភាគីទាំងពីរ។

បន្ទាប់ពីកិច្ចប្រជុំបានប្រព្រឹត្តិទៅក្នុងបរិយកាសប្រកបដោយមិត្តភាព និងសហប្រតិបត្តិការស៊ីជម្រៅ ភាគីទាំងពីរក៏បានចុះហត្ថលេខាលើផែនការការងារ ស្ដីពីការបន្តអនុវត្តឆ្នាំ នៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់កម្ពុជា-ចិន។ ជាមួយគ្នានោះ បន្ទាប់ពីការចុះហត្ថលេខា ឯកឧត្តម វ៉ាង ស៊ាវហុង រដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈ ចិន ក៏បានអញ្ជើញបំពាក់មេដាយមាស មេដាយប្រាក់ អនុស្សាវរីយ៍មហាកំពែង ជូនសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ឯកឧត្តម សន្តិបណ្ឌិត សុខ ផល​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ, ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ​ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ​ ផងដែរ៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ