សម្តេចក្រឡាហោម ស ខេង អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី២១ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប)
May 02, 2023    អ្នកទស្សនា :

ទីស្តីការក្រសួងមហាផ្ទៃ៖ នាព្រឹកថ្ងៃអង្គារិ៍ ទី០២ ខែឧសភា ឆ្នាំ២០២៣នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំលើកទី២១ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ដោយមានការចូលរួមពី ឯកឧត្តម ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី រដ្ឋលេខាធិការជាថ្នាក់ដឹកនាំ និងសមាជិក គ.ជ.អ.ប ថ្នាក់ដឹកនាំ និងសមាជិកលេខាធិការដ្ឋាន គ.ជ.អ.ប និងមន្រ្តីជាន់ខ្ពស់នៃក្រសួង ស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត នៃរាជរដ្ឋាភិបាល ព្រមទាំងអ្នកចូលរួមតាមរយៈប្រព័ន្ធវវីដេអូសន្និសីទជាច្រើនរូបទៀតផងដែរ។

ជាកិច្ចចាប់ផ្ដើម សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប បានមានប្រសាសន៍ថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះសមាជិក សមាជិកា ដែលបានគាំទ្រ និងចូលរួមក្នុងកិច្ចដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ជាពិសេសលើកាងារការគ្រប់គ្រង ការចាត់ចែង និងការអនុវត្តមុខងារក្នុងវិស័យអប់រំ ដែលបានផ្ទេរទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ព្រមទាំងបានគូសបញ្ជាក់ដែរថា ផ្អែកលើការសម្រេច និងឯកភាពគ្នាក្នុងកិច្ចប្រជុំនាពេលកន្លងមករបស់ គ.ជ.អ.ប. កាលពីខែធ្នូ ឆ្នាំ២០២២មក គ.ជ.អ.ប. បានបំពេញភារកិច្ចទទួលបានលទ្ធផលយ៉ាងច្រើន ព្រមទាំងបានសម្រេច និងដាក់ឱ្យអនុវត្តផ្លូវការ នូវផែនការសកម្មភាព និងថវិកាឆ្នាំ២០២៣របស់ គ.ជ.អ.ប ផងដែរ។

សម្ដេចក្រឡាហោម ក៏បានគូសបញ្ជាក់អំពីការសម្របសម្រួលរៀបចំសេចក្ដីព្រាងច្បាប់ពាក់ព័ន្ធនឹងការការពារធនធានធម្មជាតិ ដែលត្រូវបានដាក់បញ្ចូលក្នុងក្រមបរិស្ថាន និងធនធានធម្មជាតិ ដោយបានដាក់ឆ្លងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី កាលពីសប្ដាហ៍មុន និងរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីព្រៃឈើ និងច្បាប់ជលផល ដែលកំពុងពិនិត្យចុងក្រោយ ខណៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន ក៏កំពុងធ្វើការងារជាមួយ គ.ជ.អ.ប ដើម្បីរៀបចំសេចក្ដីព្រាងអនុក្រឹត្យផ្ទេរមុខងារមួយចំនួនទៅថ្នាក់ក្រោមជាតិផងដែរ។

ទន្ទឹមគ្នានេះ សម្ដេចក្រឡាហោម ស ខេង ក៏បានមានប្រសាសន៍អំពីការខិតខំប្រឹងប្រែងរបស់ក្រសួងមហាផ្ទៃ ក្នុងការរៀបចំការណែនាំទៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដើម្បីឱ្យមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការអនុវត្តមុខងារ ដែលត្រូវបានផ្ទេរទៅឱ្យស្របតបតាមរចនាសម្ព័ន្ធថ្មី ស្របពេលដែលក្រសួងមុខងារសាធារណក៏បានចេញសេចក្ដីព្រាងអនុក្រឹត្យ ស្ដីពីការកំណត់មុខតំណែងវិជ្ជាជីវៈ និងការពិពណ៌នាមុខតំណែងនានាក្នុងរចនាសម្ព័ន្ធរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ដាក់ជូនប្រមុខរាជរដ្ឋាភិបាល ពិនិត្យ និងសម្រេចរួចរាល់។ សម្ដេចក្រឡាហោម បន្តថា កន្លងមក គ.ជ.អ.ប បានធ្វើការសម្របសម្រួលដល់ក្រុមការងារអន្តរក្រសួងរៀបចំ សិក្សា វាយតម្លៃ លើការគ្រប់គ្រង ការចាត់ចែង និងការអនុវត្តមុខងារវិស័យអប់រំដែលផ្ទេរទៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងបានរៀបចំជារបាយការណ៍ ស្ដីពីលទ្ធផលនៃការសិក្សាវាយតម្លៃនេះដែរ។

សម្តេចក្រឡាហោម ស ខេង មានប្រសាសន៍បន្តថា វិស័យអប់រំជាវិស័យអទិភាពមួយក្នុងចំណោមវិស័យអទិភាព ដែលបានរៀបចំផ្ទេរការគ្រប់គ្រងទៅកាន់រដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ដោយបានតម្រូវឱ្យផ្ទេរមុខងារចាប់ពីឆ្នាំ២០១៦ ក្រោមការសម្របសម្រួលរបស់ គ.ជ.អ.ប ដោយផ្អែកតាមសំណើររបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងនោះរាជរដ្ឋាភិបាលបានសម្រេចដាក់ចេញអនុក្រឹត្យស្តីពីការប្រគល់មុខងារអប់រំចំនួន៣ គឺការអប់រំកុមារតូច ការអប់រំបឋមសិក្សា និងការអប់រំក្រៅប្រព័ន្ធទៅឱ្យរដ្ឋបាលក្រុង ស្រុក ក្នុងខេត្តបាត់ដំបងដើម្បីជាគំរូ និងបទពិសោធន៍មុននឹងបន្តអនុវត្តទៅរាជធានីខេត្ត ស្រុក ខណ្ឌដទៃទៀតទូទាំងប្រទេស។ ជាមួយគ្នានោះ សម្តេចក្រឡាហោម ស ខេង ក៏បានស្នើឱ្យលេខាធិការដ្ឋាន គ.ជ.អ.ប ធ្វើការសិក្សា និងធ្វើការវាយតម្លៃ ដើម្បីពិនិត្យតាមដានការអនុវត្តការផ្ទេរមុខងារនេះ ក្នុងគោលបំណងដោះស្រាយបញ្ហាប្រឈមនានា ធ្វើយ៉ាងណាលើកកម្ពស់ប្រសិទ្ធភាពការងារ ដើម្បីអនុវត្តការផ្ទេរមុខងារទៅដល់ខេត្តនានាទូទាំងប្រទេសឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។

ឯកឧត្តម ចាន់ សុធា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប ធ្វើសេចក្ដីរាយការណ៍សង្ខេបពីលទ្ធផលនៃការសិក្សាវាយតម្លៃមុខងារវិស័យអប់រំដែលបានផ្ទេរទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌនាពេលកន្លងមក ជូនអង្គប្រជុំទាំងមូល។

ឯកឧត្តម ចាន់ សុធា មានប្រសាសន៍ឱ្យដឹងថាការផ្ទេមុខងារក្នុងវិស័យអប់រំនេះទៅឱ្យបានរដ្ឋបាលក្រុង ស្រុក ខណ្ឌ រួមមាន ការផ្ទេរបុគ្គលិកការិយាល័យអប់រំ យុវជន និងកីឡាក្រុង ស្រុក ខណ្ឌទៅស្ថិតក្រោមការគ្រងរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌទូទាំងប្រទេស និងការផ្ទេរបុគ្គលិកជាគ្រូបង្រៀនដែលបម្រើការងារនៅគ្រឹះស្ថានបឋមសិក្សា គ្រឹះស្ថានមត្តេយ្យសិក្សា និងនៅតាមមជ្ឈមណ្ឌលសិក្សាសហគមន៍ទាំងអស់ក្នុងខេត្តបាត់ដំបង ទៅស្ថិតក្រោមការគ្រប់គ្រងផ្ទាល់ របស់រដ្ឋបាលក្រុង ស្រុកទាំង១៤ក្នុងខេត្តបាត់ដំបងផងដែរ។

ឯកឧត្តមបន្តថា ទោះយ៉ាងនេះក្តី ការគ្រប់គ្រង ការចាត់ចែង និងការអនុវត្តមុខងារក្នុងវិស័យអប់រំ ដែលបានផ្ទេរទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌនៅមានបញ្ហាប្រឈមមួយពាក់ព័ន្ធនឹងភាពពុំទាន់ច្បាស់លាស់នៃការទទួលខុសត្រូវលើការគ្រប់គ្រង ការចាត់ចែង និងការអនុវត្តមុខងារអប់រំក្នុងក្របខណ្ឌនៃការធ្វើប្រតិភូកម្ម ការគ្រប់គ្រង ការចាត់ចែង និងការប្រើប្រាស់ធនធានហិរញ្ញវត្ថុ និងធនធានមនុស្សដែលទាមទារការពិនិត្យ និងការកែសម្រួល រួមជាមួយនឹងការពង្រឹងយន្តការគាំទ្រ ការអភិវឌ្ឍសមត្ថភាព ការតាមដានត្រួតពិនិត្យដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ដើម្បីធានាឱ្យការគ្រប់គ្រង ការចាត់ចែង និងការអនុវត្តមុខងារអប់រំដែលបានផ្ទេរទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌអាចអនុវត្តបានដោយរលូនប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ជាពិសេសធានាបាននូវគុណភាពអប់រំល្អប្រសើរជាលំដាប់។

ជាថ្មីម្តងទៀត ក្រោយពិនិត្យចំពោះរបាយការណ៍នៃការវាយតម្លៃចំពោះការផ្ទេរការងារគ្រប់គ្រង ការចាត់ចែង និងការអនុវត្តមុខងារក្នុងវិស័យអប់រំ ដែលទៅឱ្យរដ្ឋបាលក្រុង ស្រុក ហើយនោះ សម្តេចក្រឡាហោម គ្រោងនឹងអនុវត្តការផ្ទេរមុខងារអប់រំចំនួន៣ គឺការអប់រំកុមារតូច ការអប់រំបឋមសិក្សា និងការអប់រំក្រៅប្រព័ន្ធដល់ខេត្តទាំងអស់នៅទូទាំងព្រះរាជាណចក្រកម្ពុជា ព្រមជាមួយគ្នានោះ សម្ដេចក្រឡាហោម ស ខេង នឹងធ្វើសេចក្តីរាយការណ៍ជម្រាបជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធ្វើការពិនិត្យ និងសម្រេចផងដែរ៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ