សម្តេចក្រឡាហោម ស ខេង អនុញ្ញាតឱ្យឯកឧត្តម Justin Kevin ឯកអគ្គរដ្ឋទូតអូស្ត្រាលី ទើបតែងតាំងថ្មី ចូលជួបសម្តែងការគួរសម
May 03, 2023    អ្នកទស្សនា :

នាព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យឯកឧត្តម Justin Kevin ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលទើបតែងតាំងថ្មី និងសហការី ចូលជួបសម្ដែងការគួរសម។

ក្នុងជំនួបនោះដែរ សម្ដេចក្រឡាហោម ស ខេង បានសម្ដែងនូវការស្វាគមន៍ និងថ្លែងនូវការអបអរសារទ ដែលឯកឧត្តមត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពប្រចាំព្រះរាជាណាចក្រកម្ពុជា។ សម្តេចក្រឡាហោម ក៏បានឆ្លៀតយកឱកាសនេះជម្រាបជូនផងដែរថា ប្រទេសទាំងពីរមានទំនាក់ទំនងជាមួយគ្នាជាង៧០ឆ្នាំមកហើយ ទោះបីជាពេលខ្លះទំនាក់ទំនងនោះត្រូវបានកាត់ផ្តាច់ដោយសារតែស្ថានភាពនយោបាយនៅកម្ពុជា ក៏ប៉ុន្តែភាគីទាំងពីរបានបន្តរក្សានូវទំនាក់ទំនងនេះយ៉ាងល្អប្រសើរ។

សម្តេចក្រឡាហោម​ សង្ឃឹមជឿជាក់ថា តាមរយៈបេសកកម្មការទូតរបស់ឯកឧត្តម នៅកម្ពុជានឹងរួមចំណែកដល់ការពង្រឹង ពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែខ្លាំងក្លាថែមទៀត។ សម្តេចក្រឡាហោម បានគូសបញ្ជាក់ដែរថា ភាគីទាំងពីរពិតជាមានមូលដ្ឋានបង្អែករឹងមាំក្នុងទំនាក់ទំនងទ្វេរភាគីតាមរយៈទំនាក់ទំនងដ៏យូរឆ្នាំមកហើយនេះ​ ក៏មានទំនាក់ទំនងដ៏ល្អក្នុងកម្រិតតំបន់ផងដែរ​ ដោយមានអាស៊ាន និងអូស្ត្រាលី។

សម្តេចក្រឡាហោម ក៏បានជម្រាបជូនឯកអគ្គរដ្ឋទូតថា ក្រសួងមហាផ្ទៃក៏មានកិច្ចសហប្រតិបត្តិការ និងការផ្តល់ជំនួយពីសំណាក់អូស្ត្រាលីផងដែរ ជាពិសេសទៅលើការងារវិមជ្ឍការ និងវិសហមជ្ឍការ ដែលភាគីអូស្ត្រាលីបានជួយលើកិច្ចការងារនេះ​ ព្រមជាមួយការងារគណនេយ្យភាពសង្គម ដោយមានការចូលរួមជួយគាំទ្រពីសំណាក់អូស្ត្រាលី​ ផងដែរ។

ទន្ទឹមនឹងនេះដែរ សម្តេចក្រឡាហោម ក៏បានលើកឡើង អំពីដំណើរទស្សនកិច្ចរបស់សម្តេចជាមួយអតីត ឯកអគ្គរដ្ឋទូតអូស្ត្រាលី និងឯកអគ្គរដ្ឋទូតអាល្លឺម៉ង ព្រមទាំង ដៃគូរអភិវឌ្ឍន៍ផ្សេងទៀត ដែលបានធ្វើដំណើររួមគ្នាទៅតាមខេត្តមួយចំនួននៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមពិនិត្យលើការងារកំណែទម្រង់ ក៏ដូចជាការអភិវឌ្ឍន៍គម្រោងនានានៅមូលដ្ឋានរបស់កម្ពុជា។

មួយវិញទៀតសម្តេចក្រឡាហោម ជម្រាបជូននូវគម្រោងនគរបាលសហគមន៍ ដែលជាគម្រោងមួយទទួលបានការគាំទ្រពីភាគីអូស្ត្រាលី។ សម្តេចបានសម្តែងនូវការអរគុណចំពោះអូស្ត្រាលី ដែលបានរួមចំណែកធ្វើឱ្យសហគមន៍ទទួលបានសុខសុវត្ថិភាព តាមរយៈការចូលរួមជួយបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្រ្តីតាមសហគមន៍។ សម្តេចក្រឡាហោម ក៏បានណែនាំឱ្យបន្តជំរុញនឹងលើកទឹកចិត្ត ដល់ភាគីទាំងពីរបន្តអនុវត្តនូវការងារផ្សេងៗទៀតដែលក្រសួងមហាផ្ទៃមានជាមួយនគរបាលសហព័ន្ធអូស្ត្រាលីតាមរយៈការចុះកិច្ចព្រមព្រៀងជាមួយគ្នាកន្លងមកឱ្យកាន់តែទទួលបានលទ្ធផលល្អប្រសើរថែមទៀត។

ជាការឆ្លើយតប ឯកអគ្គរដ្ឋទូតអូស្ត្រាលី បានថ្លែងអំណរគុណចំពោះពាក្យពេជន៍ដ៏មានអត្ថន័យរបស់សម្តេចក្រឡាហោម ក្នុងនោះឯកឧត្តមផ្ទាល់ពិតជាមានសេចក្តីសប្បាយរីករាយដែលបានវិលត្រឡប់មកប្រទេសកម្ពុជាជាថ្មីម្តងទៀត ដោយឯកឧត្តមធ្លាប់បានបំពេញបេសកកម្មនៅប្រទេសកម្ពុជាអស់រយៈពេល២០ឆ្នាំមកហើយ ទន្ទឹមនឹងនេះឯកឧត្តម បានឯកភាពចំពោះការលើកឡើងរបស់សម្តេចក្រឡាហោម ទៅលើកិច្ចសហប្រតិបត្តិការទ្វេរភាគី ក៏ដូចជាទំនាក់ទំនងក្នុងកម្រិតតំបន់។

ឯកឧត្តមបានមានប្រសាសន៍បន្ថែមថា ក្នុងតួនាទីរបស់ឯកឧត្តម ជាឯកអគ្គរដ្ឋទូតអូស្ត្រាលី ឯកឧត្តមនឹងបន្តស្វែងរកឱកាស​ ដើម្បីពង្រីកទំនាក់ទំនងទ្វេភាគី ក៏ដូចជាពហុភាគីសំដៅធ្វើយ៉ាងណាដោះស្រាយបញ្ហា ក្តីកង្វល់រួមរបស់ភាគីទាំងពីរ។ ចំពោះកិច្ចសហការជាមួយក្រសួងមហាផ្ទៃ ឯកឧត្តម បានបង្ហាញការឯកភាពជាមួយការលើកឡើងរបស់សម្តេច ដោយអូស្ត្រាលីមានទំនាក់ទំនង​ និងកិច្ចសហប្រតិបត្តិការល្អជាមួយក្រសួងមហាផ្ទៃ ទាំងក្នុងក្របខណ្ឌរៀបចំនយោបាយ និងប្រតិបត្តិការការងារផ្ទាល់ផងដែរ។

ឯកឧត្តម ឯកអគ្គរដ្ឋទូតអូស្ត្រាលី បានសម្តែងនូវការរីករាយចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការកន្លងមករវាងនគបាលសហព័ន្ធអូស្ត្រាលី និងនគរបាលជាតិកម្ពុជា ជាមួយការងារប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ការកេញប្រវាញ់ផ្លូវភេទលើកុមារ ការប្រយុទ្ធប្រឆាំងនឹងការសម្អាតប្រាក់ ទោះបីជាទទួលបានលទ្ធផលល្អប្រសើរក្នុងការងារទាំងនេះហើយក៏ដោយ ក៏ភាគីអូស្ត្រាលីនៅតែបន្តសហការជំរុញ ពង្រឹង ពង្រីកទំនាក់ទំនាងលើការងារទាំងនេះឱ្យកាន់តែទទួលបានលទ្ធផលជាវិជ្ជមានកាន់តែច្រើនឡើងថែមទៀត។​ ឯកឧត្តម ឯកអគ្គរដ្ឋទូត​ បានបន្តទៀតថាចំពោះការងារកិច្ចសហប្រតិបត្តិការកំណែទម្រង់វិមជ្ឍការ និងវិសហមជ្ឍការ ក៏ដូចជាការងារគណនេយ្យភាពសង្គម ឯកឧត្តម​ ពិតជាមានសេចក្តីរីករាយចំពោះកម្ពុជាដែលបានដំណើរការងារនេះ ក្នុងរយៈពេលប្រមាណជាង២០ឆ្លាំងកន្លងមក ហើយអូស្ត្រាលី ក៏រីករាយក្នុងការបន្តរួមចំណែកជួយកម្ពុជា​ ក្នុងការបន្តការងារនេះបន្តទៀត។ ក្រៅពីនេះឯកឧត្តម ឯកអគ្គរដ្ឋទូតអូស្ត្រាលី និងសម្តេចក្រឡាហោម បានជជែកផ្លាស់ប្តូរយោបល់ ទៅលើការងារមួយចំនួនរួមមាន៖ ការចូលរួមរបស់អង្គការសង្គមស៊ីវិលក្នុងដំណើរការអភិវឌ្ឍន៍សង្គមជាតិ និងស្ថានភាពនយោបាយនៅកម្ពុជា ឈានឆ្ពោះទៅកាន់ការងារបោះឆ្នោតជាតិនៅក្នុងខែកក្កដាខាងមុខ និងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន។

ជាថ្មីម្តងទៀត សម្តេចក្រឡាហោម សូមថ្លែងអំណរគុណ និងជូនពរឯកអគ្គរដ្ឋទូតអូស្ត្រាលី សូមទទួលបានជោគជ័យក្នុងបេសកកម្មការងាររបស់ឯកឧត្តម ក្នុងព្រះរាជាណាចក្រកម្ពុជា៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ