នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៤ ខែឧសភា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបុណ្យវិសាខបូជា ប្រារព្ធនៅសាលាបុណ្យជើងភ្នំព្រះរាជទ្រព្យ ស្ថិតនៅឃុំផ្សាដែក ស្រុកពញាឭ ខេត្តកណ្ដាល ដោយមានការយាង និងអញ្ជើញចូលរួមពី សម្ដេចព្រះអភិសិរី សុគន្ធា មហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្ដេចព្រះមហាសង្ឃរាជ នៃគណធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចព្រះមន្រ្តីសង្ឃ ឯកឧត្តម រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា ថ្នាក់ដឹកនាំក្រសួងស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងពុទ្ធបរិស័ទជាច្រើនរូបទៀត។
ពិធីបុណ្យវិសាខបូជា គឺការរម្លឹកដល់ព្រឹត្តិការណ៍ដ៏ពិសេសចំនួន៣ ទាក់ទងនឹងព្រះសមា្មសម្ពុទ្ធ រួមមាន៖ ការប្រសូត ការត្រាស់ដឹង និងការចូលបរិនិព្វាន។ ព្រះសមា្មសម្ពុទ្ធ ព្រះអង្គ ទ្រង់ប្រសូតនៅថ្ងៃសុក្រ ពេញបូណ៌មី ខែវិសាខ មុនគ្រិស្តសករាជ ចំនួន ៦២៣ឆ្នាំ។ នៅពេលមានព្រះជន្ម ២៩ព្រះវស្សា ព្រះសិទ្ធត្ថ បានយាងទៅសាងផ្នួស។ ក្រោយពីសាងផ្នួសអស់រយៈពេល ៦ព្រះវស្សា ព្រះអង្គក៏បានត្រាស់ដឹងជាព្រះពុទ្ធ នៅថ្ងៃពុធ ពេញបូណ៌មី ខែវិសាខនាវេលាទៀបភ្លឺ។
ព្រះពុទ្ធបរមគ្រូ ទ្រង់ចូលព្រះបរិនិព្វាន នៅថ្ងៃអង្គារ ពេញបូណ៌មី ខែវិសាខ នៅពេលដែលព្រះអង្គមានព្រះជន្ម ៨០ព្រះវស្សា។ រហូតមកដល់ពេលនេះ ព្រះសក្យមុនី បានរលត់សង្ខារអស់រយៈពេល ២៥៦៦ ឆ្នាំហើយ៕
ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា