សម្ដេចក្រឡាហោម ស ខេង អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និវត្តន៍ជន និងអតីតយុទ្ធជន ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង
May 06, 2023    អ្នកទស្សនា :

នាព្រឹកថ្ងៃសៅរ៍ ទី៦ ខែឧសភា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និវត្តន៍ជន និងអតីតយុទ្ធជន ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពីមន្រ្តីរាជការស៊ីវិលចំនួន៣៨៨រូប មន្រ្តីរាជការជាគ្រូបង្រៀនវិទ្យាល័យ និងអនុវិទ្យាល័យចំនួន១២១រូប គ្រូបង្រៀនកិច្ចសន្យាចំនួន៤៨រូប មន្រ្តីកិច្ចសន្យាទូទៅ មន្រ្តីនគរបាលចំនួន១០៥រូប មន្រ្តីនគរបាលការពារព្រំដែនចំនួន១៥៧រូប មន្រ្តីកងរាជអាវុធហត្ថចំនួន១២រូប មន្រ្តីសឹករងចំនួន៧៥រូប មន្រ្តីចូលនិវត្តន៍ចំនួន៦២រូប អតីតយុទ្ធជនចំនួន៩៥២រូប សរុបចំនួន១៩២២រូប។

នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ជំនួបនាថ្ងៃនេះ មិនមែនជាការបូកសរុបការងារប្រចាំឆ្នាំ ឬការធ្វើមិទ្ទិញអ្វីនោះទេ ក៏ប៉ុន្តែជាការជួបសួរសុខទុក្ខជាមួយមន្រ្តីទាំងអស់ ទាំងមន្រ្តីកំពុងបំពេញការងារ និងមន្រ្តីចូលនិវត្តន៍។

សម្ដេចក្រឡាហោម ស ខេង ក្នុងនាមសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សូមសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្រ្តីរាជការ កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៃស្រុកកំរៀងដែលបានខិតខំបំពេញការងារតាមតួនាទី និងភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ធ្វើឱ្យស្រុកកំរៀងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ និងរួមចំណែកឱ្យសម្រេចបានជោគជ័យនូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល។

សម្ដេចក្រឡាហោម ក៏បានសម្ដែងការដឹងគុណ និងអរគុណចំពោះអតីតយុទ្ធជន និងនិវត្តន៍ជនទាំងអស់ក្នុងស្រុកកំរៀងដែលបានតស៊ូ លះបង់ ធ្វើពលិកម្មយ៉ាងលំបាកលំបិន នាំមកនូវសន្តិភាព ស្ថិរភាព សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងវឌ្ឍនភាពសង្គម ដូចសព្វថ្ងៃនេះ។

ជាមួយគ្នានោះ សម្ដេចក្រឡាហោម បានគូសបញ្ជាក់អំពីសមិទ្ធផលរយៈពេល៥ឆ្នាំ របស់រាជរដ្ឋាភិបាល នីតិកាលទី៦ និងមានជំនឿថាអង្គពិធីទាំងមូលពិតជាបានតាមដាននូវដំណើរការវិវត្តន៍ប្រែប្រួលនៃសង្គមជាតិ ការប្រែប្រួលដ៏ស្មុគស្មាញនៃស្ថានការណ៍តំបន់ និងពិភពលោក ជាពិសេសផលវិបាកបង្កឡើងដោយសង្គ្រាម និងការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ។ សម្ដេច បានជម្រាបជូនអង្គពិធីអំពីទិសដៅការងាររួមរបស់រាជរដ្ឋាភិបាល រួមមានទិសដៅការងារឆ្នាំ២០២៣ ទិសដៅរយៈពេល៥ឆ្នាំទៅមុខ។

សម្ដេចបានសង្កត់ធ្ងន់ថា ក្នុងរយៈពេល៥ឆ្នាំខាងមុខ យើងទាំងអស់គ្នាពិតជាមានកិច្ចការនានាជាច្រើនដែលត្រូវអនុវត្តដើម្បីអនាគតដ៏ភ្លឺស្វាងរបស់ប្រទេសជាតិ និងបានបង្ហាញសុទិដ្ឋិនិយមថា ផ្អែកលើសមិទ្ធផលសម្រេចបានកន្លងមក និងដោយមានការគាំទ្រពីប្រជាពលរដ្ឋ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ប្រទេសជាតិនឹងបន្តអភិវឌ្ឍរីកច្រើនលើគ្រប់វិស័យស្របតាមគោលដៅរំពឹងទុកក្នុងរយៈពេល៥ឆ្នាំខាងមុខទៀត៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ