ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំគណៈកម្មការអន្ដរក្រសួង ដើម្បីសិក្សាបញ្ហាការបាក់ច្រាំងទន្លេបាសាក់-ទន្លេហ៊ូវ និងព្រែកជ្រៃធំ-ព្រែកប៊ិញយី
May 09, 2023    អ្នកទស្សនា :

ទីស្ដីការក្រសួងមហាផ្ទៃ ៖ នៅព្រឹកថ្ងៃអង្គារ ទី០៩ ខែឧសភា ឆ្នាំ២០២៣នេះ ក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំគណៈកម្មការអន្ដរក្រសួង ដើម្បីសិក្សា និងដោះស្រាយបញ្ហាការបាក់ច្រាំងទន្លេបាសាក់-ទន្លេហ៊ូវ និងព្រែកជ្រៃធំ-ព្រែកប៊ិញយី ក្រោមអធិបតីភាព ឯកឧត្តម ឡាំ ជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការអន្ដរក្រសួង ដោយមានការអញ្ជើញចូលរួមពី អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ, តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងសមាជិក-សមាជិកា គណៈកម្មការអន្ដរក្រសួង ជាច្រើនរូបទៀត។

នាឱកាសនោះដែរ ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តម ឡាំ ជា បានស្វាគមន៍ចំពោះសមាជិក-សមាជិកា របស់គណៈកម្មការអន្ដរក្រសួងទាំងអស់ ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំនាពេលព្រឹកនេះ និងបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងាររបស់គណៈកម្មាធិការអន្ដរក្រសួង ដែលសម្រេចបាននាពេលកន្លងមក។ លើសពីនេះ ឯកឧត្តម រដ្ឋលេខាធិការ ក៏បានរម្លឹកដោយសង្ខេបជូនអង្គប្រជុំអំពីវឌ្ឍភាពការងារថ្មីរបស់គណៈកម្មការអន្ដរក្រសួងដែលសម្រេចបានជាច្រើនក្នុងការដោះស្រាយបញ្ហាបាក់ច្រាំងទន្លេនិងព្រែកនេះផងដែរ។ ឯកឧត្តម បានឱ្យដឹងទៀតថា ផ្អែកតាមសំណើរបស់ក្រសួងមហាផ្ទៃ, រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យគណៈកម្មការអន្ដរក្រសួង ជួបប្រជុំជាមួយភាគីវៀតណាម ដើម្បីពិភាក្សា និងដោះស្រាយបញ្ហាបាក់ច្រាំងទន្លេបាសាក់-ទន្លេហ៊ូវ និងព្រែកជ្រៃធំ-ព្រែកប៊ិញយី និងបញ្ហាប្រឈមមួយចំនួនទៀតរវាង កម្ពុជា-វៀតណាម នៅពេលវេលាសមស្របណាមួយផងដែរ។

ទន្ទឹមគ្នានេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ទទួលបន្ទុកជាប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាល រាជធានី ខណ្ឌ និងខេត្ត បានធ្វើការគូសបញ្ជាក់ជូនអង្គប្រជុំអំពីស្មារតី នៃកិច្ចប្រជុំលើកទី១២ ស្តីពីកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍបណ្តាខេត្តជាប់ព្រំដែនរវាងកម្ពុជា-វៀតណាម ដែលប្រព្រឹត្តឡើងនាពេលកន្លងទៅនេះ ហើយភាគីទាំងពីរបានឯកភាពគ្នាដើម្បីជំរុញឱ្យក្រុមការងារថ្នាក់ជាតិនៃប្រទេសទាំងពីរជួបពិភាក្សាគ្នា ដើម្បីចាត់វិធានការទប់ស្កាត់កុំឱ្យមានការបាក់ច្រាំងទន្លេបាសាក់-ទន្លេហ៊ូវ និងព្រែកជ្រៃធំ-ព្រែកប៊ិញយី បន្ថែមទៀត ដោយឈរលើមូលដ្ឋានគោរពអធិបតេយ្យ និងបូរណភាពទឹកដីរបស់ប្រទេសនីមួយៗ។

ឆ្លៀតក្នុងឱកាសនោះដែរ តំណាងគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន តំណាងក្រសួងសាធារណៈការនិងដឹកជញ្ជូន និងតំណាងក្រសួងធនធានទឹកនិងឧត្តុនិយម បានធ្វើបទបង្ហាញបច្ចេកទេសអំពីមូលហេតុដែលនាំឱ្យមានការបាក់ច្រាំងទន្លេនិងព្រែក និងបញ្ជាក់អំពីទិន្នន័យច្រាំងទន្លេនិងព្រែកដែលបានបាក់ចាប់តាំងពីឆ្នាំ២០០៧ រហូតមកដល់ពេលបច្ចុប្បន្ន៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ