ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំក្រុមការងារសិក្សាស្រាវជ្រាវ អភិវឌ្ឍកម្មវិធីកត់ត្រា និងគ្រប់គ្រងទិន្នន័យប្រជាពលរដ្ឋនៅមូលដ្ឋាន
May 11, 2023    អ្នកទស្សនា :

ទីស្ដីការក្រសួងមហាផ្ទៃ ៖ នាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣នេះ ក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំក្រុមការងារសិក្សាស្រាវជ្រាវ អភិវឌ្ឍកម្មវិធីកត់ត្រា និងគ្រប់គ្រងទិន្នន័យប្រជាពលរដ្ឋនៅមូលដ្ឋាន ភូមិ ឃុំ សង្កាត់ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ សាន លុច អគ្គនាយករង នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារសិក្សាស្រាវជ្រាវ អភិវឌ្ឍកម្មវិធីកត់ត្រា និងគ្រប់គ្រងទិន្នន័យប្រជាពលរដ្ឋនៅមូលដ្ឋាន ភូមិ ឃុំ សង្កាត់ ដោយមានការអញ្ជើញចូលរួមពី អនុប្រធាន-សមាជិក-សមាជិកា នៃក្រុមការងារសិក្សាស្រាវជ្រាវនេះ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

នាឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សាន លុច បានលើកឡើងថា ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បានដាក់ចេញផែនការឱ្យក្រុមការងារ ធ្វើការសិក្សាស្រាវជ្រាវ អភិវឌ្ឍកម្មវិធីកត់ត្រា និងគ្រប់គ្រងទិន្នន័យប្រជាពលរដ្ឋនៅមូលដ្ឋាន ភូមិ ឃុំ សង្កាត់ ដើម្បីឈានទៅអនុវត្តនូវកម្មវិធីកត់ត្រានេះ និងគ្រប់គ្រងទិន្នន័យប្រជាពលរដ្ឋនៅមូលដ្ឋាន ភូមិ ឃុំ សង្កាត់ ដោយត្រូវអនុវត្តចាប់ពីភូមិតែម្តង ដោយសារថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ យល់ឃើញថា អ្វីៗកើតឡើងចេញពីភូមិមុនគេ។

ឯកឧត្តម នាយឧត្តមសេនីយ៍ បានគូសបញ្ជាក់ថា “យើងចង់ឱ្យមេភូមិនីមួយៗ ស្រងយកទិន្នន័យប្រជាពលរដ្ឋដោយខ្លួនឯង ព្រោះថា កាលពីពេលមុន ពួកគាត់គ្រប់គ្រងទិន្នន័យប្រជាពលរដ្ឋដោយក្រដាសស្នាម ប៉ុន្ដែឥឡូវតម្រូវឱ្យពួកគាត់មកគ្រប់គ្រងតាមប្រព័ន្ធទូរស័ព្ទវិញ”។ ឯកឧត្តម នាយឧត្តមសេនីយ៍ បន្ដថា ក្រុមការងារ ក៏ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការរៀបចំដាក់ឱ្យដំណើរការសាកល្បងនូវកម្មវិធីកត់ត្រា និងគ្រប់គ្រងប្រព័ន្ធទិន្នន័យប្រជាពលរដ្ឋផងដែរ។

ជាមួយគ្នានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានណែនាំដល់ក្រុមការងារទាំងអស់ ត្រូវរៀបចំផែនការ និងបណ្ដុះបណ្ដាលដល់មន្ត្រីរដ្ឋបាលឃុំ សង្កាត់, ប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំ សង្កាត់ នូវកម្មវិធីកត់ត្រា និងគ្រប់គ្រង់ទិន្នន័យប្រជាពលរដ្ឋនៅមូលដ្ឋាន ភូមិ ឃុំ សង្កាត់ ដើម្បីយកទៅអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់។

សូមជម្រាបជូនដែរថា ក្រុមការងារសិក្សាស្រាវជ្រាវ ដើម្បីអភិវឌ្ឍកម្មវិធីកត់ត្រា និងគ្រប់គ្រងប្រព័ន្ធទិន្នន័យ ប្រជាពលរដ្ឋនៅមូលដ្ឋានតាមបណ្តា ភូមិ ឃុំ សង្កាត់ មានភារកិច្ចដូចជា៖ សិក្សាស្រាវជ្រាវអំពីបទប្បញ្ញត្តិច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងការគ្រប់គ្រងទិន្នន័យប្រជាពលរដ្ឋក្នុងមូលដ្ឋាន ភូមិ ឃុំ សង្កាត់, រៀបចំដាក់ឱ្យដំណើរការសាកល្បងនូវកម្មវិធីកត់ត្រា និងគ្រប់គ្រងប្រព័ន្ធទិន្នន័យប្រជាពលរដ្ឋនៅមូលដ្ឋាន ភូមិ ឃុំ សង្កាត់ តាមភូមិសាស្ត្រដែលបានកំណត់, សហការជាមួយអាជ្ញាធរមូលដ្ឋាន ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលក្រុង ស្រុក ខ័ណ្ឌ រដ្ឋបាលឃុំ សង្កាត់ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ក្នុងការរៀបចំដាក់ឱ្យដំណើរការសាកល្បងនូវកម្មវិធីកត់ត្រា និងគ្រប់គ្រងប្រព័ន្ធទិន្នន័យប្រជាពលរដ្ឋ៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ