សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីសម្ពោធអគារសិក្សា នៃសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ
May 11, 2023    អ្នកទស្សនា :

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែឧសភា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទី បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសម្ដេចព្រះសុមេធាធិបតី នន្ទ ង៉ែត ១ខ្នង កម្ពស់៤ជាន់ ១២បន្ទប់ និងសមិទ្ធផលនានា នៃសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ស្ថិតនៅភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយមានការមន្ត និងអញ្ជើញចូលរួមពី សម្ដេចព្រះពុទ្ធជ័យមុនី ឃឹម សន ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក ព្រះអគ្គាធិការរង នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ និងជាព្រះមេគណរាជធានីភ្នំពេញ, ព្រះមុនីកោសល្យបណ្ឌិត យ៉ន សេងយៀត ព្រះសាកលវិទ្យាធិការរង, ឯកឧត្តម ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា, ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិ នៃកម្ពុជា ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ និងព្រះមន្រ្តីសង្ឃ, ថ្នាក់ដឹកនាំ និងមន្រ្តីរដ្ឋបាលខេត្តបាត់ដំបង ព្រមទាំងប្រជាពលរដ្ឋ និងព្រះសង្ឃ ជាច្រើនអង្គ-នាក់ ផងដែរ។

ក្នុងឱកាសនោះ ព្រះមុនីកោសល្យបណ្ឌិត យ៉ន សេងយៀត បានមានព្រះថេរដីកាថា ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ បានបង្កើតឡើងនៅឆ្នាំ១៩៥៤ ក្រោមព្រះរាជឧបត្ថម្ភរបស់ព្រះបរមរតនកោដ្ឋ និងបានបិទទ្វារនៅឆ្នាំ១៩៧២ រហូតដល់ឆ្នាំ២០០០ ទើបដំណើរការឡើងវិញក្នុងឋានៈជាមហាវិទ្យាល័យ និងត្រូវបានតម្លើងជាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ដោយមានមហាវិទ្យាល័យចំនួន ៤ រួមមាន៖ មហាវិទ្យាល័យទស្សនវិជ្ជា, មហាវិទ្យាល័យបាលីសំស្ក្រឹត និងភាសាបរទេស, មហាវិទ្យាល័យវិទ្យាសាស្រ្តអប់រំ និងព័ត៌មានវិទ្យា និងមហាវិទ្យាល័យអក្សរសាស្រ្តខ្មែរ។ ព្រះមុនីកោល្យបានមានព្រះថេរដីកាទៀតថា បច្ចុប្បន្ន ពុទ្ធិកសាកលវិទ្យាល័យមានសិស្សកំពុងសិក្សាសរុប ៣.៧៥៦ អង្គ-នាក់ ទាំងថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់។ ព្រះអង្គបន្តថា បច្ចុប្បន្នពុទ្ធិកសាកលវិទ្យាល័យមាន ៣ ទីតាំង រួមមាន៖ ទីតាំងកណ្តាលនៅរាជធានីភ្នំពេញ ទីតាំងសាខានៅខេត្តកំពង់ឆ្នាំង និងទីតាំងសាខានៅខេត្តបាត់ដំបង ដែលដំណើរការនៅឆ្នាំ២០០៨ ដោយសម្ដេចអគ្គមហាធម្មពោធិសាល កិត្តិព្រឹទ្ធបណ្ឌិត ជា ស៊ីម និងលោកជំទាវ បានផ្ដល់អគារសិក្សា១ខ្នង និងចុងក្រោយនេះបានទទួលការឧបត្ថម្ភបន្ថែមពីឯកឧត្តម ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិ នៃកម្ពុជា និងលោកជំទាវ។

សម្រាប់អគារសិក្សាឧបត្ថម្ភដោយឯកឧត្តម ជា ចាន់តូ និងលោកជំទាវនេះ ត្រូវបានប្រសិទ្ធនាមថា អគារសម្ដេចព្រះសុមេធាធិបតី នន្ទ ង៉ែត ចាប់ផ្ដើមកសាងនៅថ្ងៃទី១២ ខែវិច្ឆិការ ឆ្នាំ២០២០ និងបញ្ចប់ជាស្ថាពរនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ មានបណ្ដោយ៣០ម៉ែត្រ ទទឹង២១ម៉ែត្រ កំពស់៤ជាន់ មានបន្ទប់សិក្សា១២បន្ទប់ បន្ទប់រង់ចាំ១ សាលប្រជុំ១ និងបន្ទប់ទឹក១ មានបំពាក់សម្ភារៈទំនើបបម្រើឱ្យដំណើរការបង្រៀន និងរៀនសូត្រ អស់ទឹកប្រាក់ប្រមាណ ១លានដុល្លារអាមេរិក។

ទន្ទឹមនេះដែរ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទី បានថ្លែងបញ្ជាក់នូវសេចក្ដីរីករាយជ្រះថ្លាក្រៃលែង ក្នុងការអញ្ជើញមកចូលរួមជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសម្តេចព្រះសុមេធាធិបតី នន្ទ ង៉ែត នៃសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង ក្នុងឱកាសប្រកបដោយភាពដ៏អធិកអធមនាពេលនេះ។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្ដេចក្រឡាហោម បានសម្តែងនូវមោទកភាពចំពោះការរីកចម្រើនជាលំដាប់របស់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ រួមទាំងសាខាខេត្តបាត់ដំបង រួមចំណែកបណ្ដុះបណ្ដាលសិស្ស និងនិស្សិតទាំងកម្រិតឧត្តមសិក្សា និងក្រោយឧត្តមសិក្សាជាច្រើនអង្គ/នាក់ ឱ្យក្លាយជាបណ្ឌិតបញ្ញាវ័ន្ដ និងជាធនធានមនុស្សដ៏ចាំបាច់សម្រាប់ដំណើរការកសាងអភិវឌ្ឍ សង្គមជាតិ ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ។

សម្ដេចក្រឡាហោម បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម បណ្ឌិត ជា ចាន់តូ និងលោកជំទាវ និងសប្បុរសជនទាំងអស់ ដែលបានបរិច្ចាគនូវធនធានជាច្រើន ដើម្បីចូលរួមអភិវឌ្ឍវិស័យពុទ្ធសាសនា ក៏ដូចជាវិស័យផ្សេងៗជាច្រើនទៀត ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិប្រកបដោយចីរភាព។ សម្ដេចក្រឡាហោម បន្តថា ព្រះពុទ្ធសាសនា មានតួនាទីសំខាន់ណាស់សម្រាប់ការកសាងសង្គមខ្មែរ ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ក្នុងនោះ រាជរដ្ឋាភិបាល តែងបានខិតខំកសាងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជាច្រើនដែលបានផ្តល់ជាប្រយោជន៍ជូនប្រជាជននៅទូទាំងប្រទេសបានប្រើប្រាស់ ហើយការរីកចម្រើននៃ ពុទ្ធិកសាកលវិទ្យាល័យជាផ្នែកមួយនៃការផ្ដល់ឱកាសដល់កូនចៅប្រជាពលរដ្ឋក្នុងការទទួលបានចំណេះដឹង ដើម្បីក្លាយជាធនធានមនុស្សពោរពេញដោយសមត្ថភាព។

ផ្អែកលើទស្សនខាងលើ សម្ដេចក្រឡាហោម បានចាត់ទុកព្រះពុទ្ធសាសនា ថាជាមូលដ្ឋានក្នុងការអប់រំផ្នត់គំនិត និងផ្តល់នូវពុទ្ធិឱ្យមនុស្សប្រព្រឹត្តិនូវអំពើជាកុសល យកចិត្តទុកដាក់លើការពង្រឹងឆន្ទៈ គុណធម៌ សីលធម៌ ស្មារតីគោរពច្បាប់ ព្រមទាំងការយល់ដឹងអំពីវប្បធម៌ និងប្រវត្តិសាស្ត្ររបស់ជាតិឱ្យដល់កុលបុត្រ កុលធីតា ជាសមណសិស្ស-និស្សិត ដើម្បីឱ្យពួកគេក្លាយជាមិត្តល្អ កូនល្អ និងពលរដ្ឋល្អ សម្រាប់សង្គមជាតិ ជាពិសេស ក្នុងបរិការណ៍នៃការរីកចម្រើនជឿនលឿនផ្នែកបច្ចេកវិទ្យា។

សម្ដេចក្រឡាហោម បានគូសបញ្ជាក់ថា សមិទ្ធផលទាំងខាងវិស័យអាណាចក្រ និងវិស័យពុទ្ធចក្រ ដែលប្រទេសជាតិសម្រេចបានរហូតមកទល់ពេលនេះ ពិតជាកើតឡើងដោយសារកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញយ៉ាងត្រឹមត្រូវនូវកម្មវិធីនយោបាយ គោលនយោបាយ យុទ្ធសាស្ត្រ និងកម្មវិធីនានា ជាមួយការចាត់តាំងអនុវត្តដោយមានការគាំទ្រ និងការចូលរួមពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាននៅទូទាំងប្រទេស។

ឆ្លៀតក្នុងឱកាសនោះដែរ សម្ដេចក្រឡាហោម ក៏បានផ្ដល់នូវអនុសាសន៍ និងមតិផ្ដាំផ្ញើឱ្យគ្រប់តួអង្គក្នុងសង្គម បន្តរួមគ្នាខិតខំថែរក្សាការពារសុខសន្តិភាព ស្ថិរភាពនយោបាយឱ្យស្ថិតស្ថេរគង់វង្សយូរអង្វែង រួមគ្នាថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ហើយថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរស្រុក-ក្រុង ឃុំ-សង្កាត់ ភូមិ និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវលើកកម្ពស់ការគោរពវិន័យ សីលធម៌វិជ្ជាជីវៈ និងអនុវត្តឱ្យត្រឹមត្រូវនូវតួនាទីភារកិច្ចរបស់ខ្លួនក្នុងការបម្រើប្រជាពលរដ្ឋ បន្តរួមគ្នាខិតខំចូលរួមអភិវឌ្ឍន៍មូលដ្ឋានដើម្បីកសាងស្រុក-ក្រុង ឃុំ- សង្កាត់ ភូមិឱ្យកាន់តែរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត។

លើសពីនេះទៀត សម្តេចក្រឡាហោម បានណែនាំបន្ថែមដល់មន្ត្រីទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិទាំងអស់ ត្រូវធានាឱ្យបាននូវសន្តិសុខ និងសុវត្ថិភាពសម្រាប់ទាំងភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ ក្នុងខណៈព្រះរាជាណាចក្រកម្ពុជា បាន និងកំពុងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំ SEA GAME លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលជាព្រឹត្តិការណ៍ដ៏ធំនេះមានអ្នកចូលរួមពីគ្រប់មជ្ឈដ្ឋាន។ និងត្រៀមខ្លួនដើម្បីចូលរួមគាំទ្រការរៀបចំព្រឹត្តិការណ៍ធំមួយទៀត គឺការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដាខាងមុខនេះ។

សម្ដេចក្រឡាហោម បានសង្កត់ធ្ងន់ថា យើងទាំងអស់គ្នាមានតួនាទីសំខាន់ៗ គឺទី១ ជាអ្នកចូលរួមក្នុងការការពារ សន្តិសុខសណ្តាប់ធ្នាប់ពេលបោះឆ្នោតឱ្យប្រព្រឹត្តទៅបានដោយសេរី យុត្តិធម៌ និងគ្មានការគំរាមកំហែង, ទី២ ត្រូវអនុវត្តសិទ្ធិក្នុងការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដើម្បីរៀបចំរដ្ឋាភិបាលថ្មី៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ