ឯកឧត្តម សក់ សេដ្ឋា អញ្ជើញដឹកនាំកិច្ចប្រជុំដោះស្រាយភាពស្របច្បាប់ សម្រាប់ពលករទេសន្ដប្រវេសន៍កំពុងធ្វើការនៅថៃ
May 16, 2023    អ្នកទស្សនា :

ទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃអង្គារ ទី១៦ ខែឧសភា ឆ្នាំ២០២៣នេះ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សា ដោះស្រាយភាពស្របច្បាប់សម្រាប់ពលករទេសន្ដប្រវេសន៍ ដែលបាននឹងកំពុងធ្វើការងារក្នុងប្រទេសថៃដែលមានឯកសារផុតសុពលភាព, ជិតផុតសុពលភាព និងមិនមានឯកសារ ដោយមានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ, អគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ, អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

នាឱកាសនោះដែរ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានលើកឡើងថា កម្ពុជា បានបង្កើតឱ្យមានមជ្ឈមណ្ឌលទទួលពលករចំនួន ២កន្លែង នៅខេត្តបន្ទាយមានជ័យ ហើយមណ្ឌលនេះ ក៏ជាទីកន្លែងទទួលព័ត៌មានទិន្នន័យនូវពលករបានឆ្លងកាត់ ពិសេសពលករ ដែលត្រូវបញ្ជូនត្រឡប់មកពីប្រទេសថៃវិញ។ លោកជំទាវ រដ្ឋលេខាធិការ លើកឡើងទៀតថា គ.ជ.ប.ជ ចាត់ទុកការងារទេសន្ដរប្រវេសន៍ជាផ្នែកមួយ នៃយុទ្ធសាស្ដ្របង្ការទប់ស្កាត់អំពើជួញដូរមនុស្ស ជាពិសេស ក្នុងចំណោមជនទេសន្ដរប្រវេសន៍ផងដែរ។

ឆ្លៀតឱកាសនោះ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ បានផ្ដល់អនុសាសន៍ដល់អង្គប្រជុំថា យើងត្រូវរួមគ្នាពិនិត្យប្រព័ន្ធ និងកិច្ចសហប្រតិបត្តិការរវាង កម្ពុជា-ថៃ ក្នុងការគ្រប់គ្រងពលករ ដែលធ្វើការងារនៅប្រទេសថៃ ខណៈប្រទេសទាំងពីរ បានចុះអនុស្សារណៈយោគយល់គ្នានាពេលកន្លងមក។ ជាមួយគ្នានេះ ឯកឧត្តម រដ្ឋលេខាធិការប្រចាំការ ក៏បានថ្លែងអំណរគុណចំពោះអង្គប្រជុំ បានរួមគ្នាទប់ស្កាត់ ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ទោះបីមានបញ្ហាជំងឺកូវីដ-១៩ ក៏ដោយ។ ចំពោះវិធានការដោះស្រាយចំពោះមុខ ឯកឧត្តម រដ្ឋលេខាធិការប្រចាំការ ស្នើគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ត្រូវបន្ដធ្វើការងារជាមួយភាគីថៃ ដើម្បីផ្ដល់ភាពស្របច្បាប់ចំពោះពលករខ្មែរណាមិនទាន់មានភាពស្របច្បាប់ ដើម្បីធ្វើយ៉ាងណាឱ្យពួកគាត់មានភាពស្របច្បាប់ សម្រាប់បំពេញការងារនៅប្រទេសថៃ៕

ប្រភព៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ