សម្ដេចក្រឡាហោម ស ខេង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ សេចក្តីព្រាងផែនការយុទ្ធសាស្ត្របច្ចេកវិទ្យាឌីជីថល ក្រសួងមហាផ្ទៃ
May 18, 2023    អ្នកទស្សនា :

ទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែឧសភា ឆ្នាំ២០២៣នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំស្តីពី ការត្រួតពិនិត្យសេចក្តីព្រាងផែនការយុទ្ធសាស្ត្របច្ចេកវិទ្យាឌីជីថល ក្រសួងមហាផ្ទៃ ឆ្នាំ២០២៣-២០២៧ ដោយមានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការប្រចាំការ-រដ្ឋលេខាធិការ-អនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គនាយក និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

នាឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្កិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានរាយការណ៍នូវសេចក្ដីព្រាងផែនការយុទ្ធសាស្ត្របច្ចេកវិទ្យាឌីជីថល ក្រសួងមហាផ្ទៃ ជូនសម្ដេចក្រឡាហោម ស ខេង និងអង្គពិធីទាំងមូល ថា ស្របតាមយុទ្ធសាស្ដ្រចតុកោណដំណាក់កាលពី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាងមូលដ្ឋានគ្រឹះសម្រាប់ឆ្ពោះទៅចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដោយការយកចិត្តទុកដាក់សំខាន់ទៅលើកំណែទម្រង់ប្រព័ន្ធគ្រប់គ្រង តាមបែបប្រព័ន្ធព័ត៌មានបច្ចេកវិទ្យា និងឌីជីថល ដើម្បីជំរុញនូវប្រសិទ្ធភាព នៃការងារ ក្នុងវិស័យសាធារណៈ និងសន្ដិសុខជាតិឱ្យទទួលបានប្រសិទ្ធភាពខ្ពស់ ជាពិសេស គឺការអភវិឌ្ឍធនធានមនុស្ស ឱ្យមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការចូលរួមអភិវឌ្ឍគោលនយោបាយនានារបស់រាជរដ្ឋាភិបាល។

ឯកឧត្តម នាយឧត្តមសេនីយ៍ បានបន្ដថា លើសពីនេះប្រព័ន្ធបច្ចេកវិទ្យា ក៏ជាកម្លាំងមួយយ៉ាងសំខាន់ ក្នុងការទាញយកនូវផលប្រយោជន៍​ សម្រាប់ធ្វើការអភិវឌ្ឍប្រទេសជាតិ និងការតភ្ជាប់ប្រព័ន្ធជាលក្ខណៈសកលផងដែរ។ ឯកឧត្តម​ នាយឧត្តមសេនីយ៍ បានបន្ដទៀត យោងតាមស្មារតីនេះ និងដើម្បីជួយក្នុងការជំរុញនូវកិច្ចការកំណត់ដោយរាជរដ្ឋាភិបាល បណ្ដាក្រសួងនានាចំណុះរាជរដ្ឋាភិបាល ត្រូវត្រៀមខ្លួនឱ្យបានរួចរាល់ និងទាន់ពេលវេលាសម្រាប់ការវិឌ្ឍន៍ឥតឈប់ឈរនៃបច្ចេកវិទ្យា ក្នុងយុគ្គសម័យបដិវត្តន៍កម្មឌីជីថល ដោយបានរៀបចំបង្កើតនូវក្របខណ្ឌគោលនយោបាយពាក់ព័ន្ធបច្ចេកវិទ្យាឌីជីថលនេះជាបន្ដបន្ទាប់សម្រាប់ប្រើប្រាស់ជាផែនទីបង្ហាញផ្លូវ ដោយស្របតាមគោលនយោបាយ និងចក្ខុវិស័យដែលរាជរដ្ឋាភិបាល បានរៀបចំនាពេលកន្លងមក។

នាឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសហការីទាំងអស់ បានចូលរួមចំណែកកសាងផែនការយុទ្ធសាស្ត្របច្ចេកវិទ្យាឌីជីថល ក្រសួងមហាផ្ទៃ ឆ្នាំ២០២៣-២០២៧ ដើម្បីជំរុញអភិវឌ្ឈន៍ប្រសិទ្ធភាពការងារឱ្យតែល្អឱ្យមានប្រសិទ្ធភាពខ្ពស់ផងដែរ។

ជាមួយគ្នានេះ សម្ដេចក្រឡាហោម ស ខេង បានលើកឡើងថា ផែនការយុទ្ធសាស្ដ្របច្ចេកវិទ្យាឌីជីថលនេះ គឺជាការងារដ៏សំខាន់មួយក្នុងផែនការយុទ្ធសាស្ដ្រ នៃរដ្ឋាភិបាលឌិជីថល ស្របតាមផែនការអភិវឌ្ឍបច្ចេកវិទ្យាផងដែរ ដោយសម្តេចក្រឡាហោម បានជំរុញបន្ថែមដល់ក្រុមការងារពាក់ព័ន្ធទាំងអស់បន្តពិនិត្យលើគ្រប់ជំហានដែលត្រូវអនុវត្តឱ្យបានគ្រប់ជ្រុងជ្រោយ និងម៉ត់ច៉ត់បំផុត ដែលប្រាកដថាជាផែនការយុទ្ធសាស្រ្តប្រកបដោយប្រសិទ្ធភាព និងលទ្ធផលវិជ្ជមានជាអតិបរិមា។

សូមបញ្ជាក់ដែរថា ការរៀបចំផែនការយុទ្ធសាស្ត្របច្ចេកវិទ្យាឌីជីថល ក្រសួងមហាផ្ទៃ គឺដើម្បីគាំទ្រចក្ខុវិស័យ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសគោលនយោបាយរដ្ឋាភិបាលឌីជីថលក្របខណ្ឌក្រសួងមហាផ្ទៃ ក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈម និងសំណូមពរនានារបស់បណ្តាអង្គភាពចំណុះក្រសួងពាក់ព័ន្ធវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ព្រមជាមួយការពង្រឹងប្រសិទ្ធភាពការងារ លើកកម្ពស់ការផ្តល់សេវាសាធារណៈ និងសន្តិសុខជាតិ។ ហើយក៏ជាយន្តការគ្រប់គ្រងប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ សម្រាប់ផ្តល់ភាពងាយស្រួលក្នុងការតភ្ជាប់ និងកាត់បន្ថយការចំណាយថវិកាស្ទួនលើគម្រោងបច្ចេកវិទ្យាឌីជីថលរបស់បណ្តាអង្គភាពចំណុះក្រសួងផងដែរ។

គម្រោងផែនការយុទ្ធសាស្ត្រនេះដែរ ក៏ផ្តោតលើការផ្តល់សេវាសាធារណៈជាអាទិភាពសំខាន់ៗរួមមាន៖ ការងារចុះបញ្ជីអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មប្រជាពលរដ្ឋ (បង្កើតប្រព័ន្ធរួមមួយ), ការងារចុះបញ្ជីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក, ការងារគ្រប់គ្រងជនបរទេស, ការផ្តល់សេវានៅរដ្ឋបាលថ្នាក់ក្រោមជាតិតាមអង្គភាព និងការិយាល័យច្រកចេញចូលតែមួយ ,និងប្រព័ន្ធអាទិភាពផ្សេងទៀតបន្ទាប់ពីធ្វើការសិក្សាលម្អិតជាមួយអង្គភាពជំនាញក្រោមចំណុះក្រសួងមហាផ្ទៃ។

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ