ឯកឧត្តម សន្ដិបណ្ឌិត នេត សាវឿន អញ្ជើញជួបសំណេះសំណាល និងផ្តល់ថវិកាលើកទឹកចិត្តដល់គ្រូបង្វឹក ក្រុមកីឡាករ កីឡាការិនីបាល់ទះឆ្នេរខ្សាច់ និងបាល់ទះក្នុងសាលជម្រើសជាតិកម្ពុជា
May 19, 2023    អ្នកទស្សនា :

រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៨ ខែឧសភា ឆ្នាំ២០២៣នេះ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ដិត នេត សាវឿន អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងផ្តល់ថវិកាលើកទឹកចិត្តដល់ គ្រូបង្វឹក ក្រុមកីឡាករ កីឡាការិនីបាល់ទះឆ្នេរខ្សាច់ និងក្រុមកីឡាការិនីបាល់ទះក្នុងសាលជម្រើសជាតិកម្ពុជា ដែលទើបបញ្ចប់បេសកកម្មចូលរួមការប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ជាកិច្ចចាប់ផ្ដើមជំនួបនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានលើកឡើងពីភាពជោគជ័យ នៃការធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ (32nd SEA GAMES) លើកទី៣២ របស់រាជរដ្ឋាភិបាលកម្ពុជា ជូនដល់ គ្រូបង្វឹក និងក្រុមកីឡាករ-កីឡាការិនីបាល់ទះ ដែលនេះបង្ហាញពីមោទនភាពជាតិខ្មែរ បន្ទាប់ពីរង់ចាំអស់រយៈពេល៦៤ឆ្នាំ។

ពាក់ព័ន្ធក្រុមកីឡាបាល់ទះវិញ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានបង្ហាញនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអ្វីដែលសម្រេចបានក្នុងការប្រកួតដ៏សំខាន់នេះ និយាយជារួម និងនិយាយដោយឡែកពាក់ព័ន្ធក្រុមបាល់ទះនារីក្នុងសាល និងក្រុមកីឡាបាល់ទះបុរស-នារីលើឆ្នេរខ្សាច់ គឺធ្វើបានល្អហើយ បើទោះបីមិនទទួលបានមេដាយក៏ពិតមែន តែនេះជាប្រវត្តិសាស្ដ្រសម្រាប់កម្ពុជា។

ក្នុងនាមប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានណែនាំឱ្យក្រុមកីឡាករ កីឡាការិនីបាល់ទះទាំងអស់ ត្រូវបន្ដខិតខំប្រឹងប្រែងអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួន ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ដើម្បីឈានទៅដណ្ដើមជោគជ័យនៅថ្ងៃខាងមុខ។ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ក៏បានរំលឹកដល់គ្រូបង្វឹកផងដែរ ត្រូវបន្ដខិតខំប្រឹងប្រែងការងាររបស់ខ្លួន ដើម្បីលើកកម្ពស់សមត្ថភាពក្រុមកីឡាករ។

ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ក៏បានបង្ហើបពីគម្រោងក្នុងការបង្កើនការលីកកម្ពស់បាល់ទះនៅពេលអនាគតផងដែរ សំដៅចម្រាញ់យកកីឡាករដែលមានសមត្ថភាពខ្ពស់ សម្រាប់ចូលប្រកួតជម្រើសជាតិ ប៉ុន្ដែករណីនេះ ឯកឧត្តមបានសង្កត់ធ្ងន់ថា នឹងត្រូវប្រើប្រាស់ពេលវេលាយូរដើម្បីសម្រេចបានជោគជ័យ។ ទោះជាយ៉ាងណា ឯកឧត្តមបានបង្ហាញការប្ដេជ្ញាចិត្តខ្ពស់ ក្នុងការអនុវត្តការងារនេះ។

ជាមួយគ្នានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ គ្រូបង្វឹក ក្រុមកីឡាករ កីឡាការិនីបាល់ទះទាំងអស់ ដែលបានចំណាយពេលផ្ទាល់ខ្លួន និងខិតខំយកអស់ពីកម្លាំងកាយចិត្ដក្នុងការចូលរួមប្រកួតរយៈពេលកន្លងមក។ ដើម្បីជាការលើកទឹកចិត្ត ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានឧបត្ថម្ភថវិកា ១,០០០ដុល្លារ ដល់គ្រូបង្វឹកម្នាក់ៗ និងកីឡាករ កីឡាការិនីបាល់ទះ ម្នាក់ៗ ១,០០០ដុល្លារផងដែរ។ ដោយឡែក ពាក់ព័ន្ធជាមួយក្រុមកីឡាករបាល់ទះបុរសក្នុងសាល ដែលទទួលបានមេដាយប្រាក់វិញនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន នឹងធ្វើការជួបសំណេះសំណាល លើកទឹកចិត្តដោយផ្ទាល់នៅពេលក្រោយផងដែរ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ