ក្រសួងមហាផ្ទៃ បានចូលរួមប្រជែងយកមេដាយ១៣២គ្រឿង នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២
May 19, 2023    អ្នកទស្សនា :

ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ដែលបានកន្លងផុតទៅនាពេលថ្មីៗនេះ ក្រុមអត្តពលិករបស់ក្រសួងមហាផ្ទៃ បានរួមចំណែកប្រជែងបានមេដាយ ១៣២ គ្រឿង ក្នុងចំណោមមេដាយដែលកម្ពុជាទទួលបានសរុប ២៨២ គ្រឿង

ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះជាប្រវត្តិសាស្រ្តឆ្នាំ២០២៣នេះ ក្រុមអត្តពលិកនៃក្រសួងមហាផ្ទៃ បានរួមចំណែកប្រជែងបានមេដាយសរុបចំនួន  ១៣២ គ្រឿង គឺស្មើនឹងជាង ៤៦ភាគរយ នៃមេដាយសរុបដែលកម្ពុជាទទួលបានចំនួន ២៨២ គ្រឿង  ក្នុងនោះមេដាយមាសអត្តពលិកនៃក្រសួងមហាផ្ទៃប្រជែងបានមានចំនួន៣៥ គ្រឿង មេដាយប្រាក់ចំនួន៣៤ គ្រឿង និងមេដាយសំរឹទ្ធិចំនួន ៦៣ គ្រឿង។

ឯកឧត្តម សរ សិទ្ធិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលបន្ទុកក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ការចូលរួមចំណែកប្រជែងទទួលបានមេដាយជូនជាតិនេះ គឺជាមោទកភាពយ៉ាងក្រៃលែង ហើយដែលកាន់តែអស្ចារ្យថែមទៀតនោះ គឺក្នុងចំណោមអត្តពលិកជាតិដែលចូលរួមប្រជែងបានមេដាយនោះ មានអត្តពលិកក្រសួងមហាផ្ទៃចំនួន ៣ រូប បានជាប់ជាអត្តពលិកឆ្នើមដោយដណ្តើមបានមេដាយច្រើនជាងគេ រួមមាន កីឡាការិនី ប៉ាល់ ឆរស្ម៊ី មេដាយ ០៦ គ្រឿង មាស០៤ ប្រាក់០១ សំរឹទ្ធ០១គ្រឿង វិញ្ញាសាវ៉ូវីណាម, កីឡាករ គង់ម៉ូណា មិថុរ៉ា មេដាយ ០៣ គ្រឿង មាស២ សំរឹទ្ធ០១គ្រឿង វិញ្ញាសាជឺជីតស៊ូ និងកីឡាករ លី បូរ៉ាមី មេដាយមាស ០៣គ្រឿង វិញ្ញាសាវ៉ូវីណាម។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣នេះ ដែលព្រះរាជាណាចក្រកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ បានបិទបញ្ចប់ប្រកបដោយជោគជ័យ និងយ៉ាងមោទនភាពនាពេលនេះ គឺកម្ពុជាស្ថិតក្នុងលំដាប់ប្រទេសទី ៤ ដែលទទួលបានមេដាយច្រើនជាងគេ។ លទ្ធផលនេះបើធៀបនឹងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី២០ ឆ្នាំ១៩៩៩ កម្ពុជាស្ថិតនៅលំដាប់ថ្នាក់លេខ ១០ និងមិនទទួលបានមេដាយសម្បី១គ្រឿង។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ចាត់ទុកលទ្ធផលនេះថា ជាសមិទ្ធផលរបស់ប្រជាជាតិទាំងមូលដែលប្រឹងងើបឈរឡើងក្នុងការកសាងជាតិ និយាយជារួម និងក្នុងវិស័យកីឡានិយាយដោយឡែក ៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ