សម្ដេចក្រឡាហោម ស ខេង អនុញ្ញាតឱ្យនាយកអង្គការយូនីសេហ្វ (UNICEF)ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ
May 24, 2023    អ្នកទស្សនា :

នៅថ្ងៃពុធ ទី២៤ ខែឧសភា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យលោក Will Parks នាយកអង្គការយូនីសេហ្វ (UNICEF) ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

ជាកិច្ចចាប់ផ្ដើម សម្ដេចក្រឡាហោម ស ខេង បានសម្ដែងការស្វាគមន៍ចំពោះ លោក Will Parks ដែលត្រូវបានចាត់តាំងជានាយកអង្គការយូនីសេហ្វ (UNICEF)ថ្មីប្រចាំនៅកម្ពុជា។ សម្ដេចក្រឡាហោម ក៏បានយកឱកាសនេះចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ថ្លែងអំណរគុណដល់អង្គការយូនីសេហ្វដែលបានជួយគាំទ្រដល់កម្ពុជា ជាយូរឆ្នាំកន្លងមក ជាពិសេសចាប់តាំងពីការដួលរំលំ នៃរបបខ្មែរក្រហម ឆ្នាំ១៩៧៩រហូតមក។ សម្ដេច ក៏សូមថ្លែងអំណរគុណជាថ្មីម្តងទៀតចំពោះអង្គការយូនីសេហ្វ ដែលបានចូលរួមគាំទ្រតាមរយៈជំនួយ និងកម្មវិធីផ្សេងៗជាមួយនឹងក្រសួងមហាផ្ទៃ ជាពិសេសពាក់ព័ន្ធការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលផ្ដោតទៅលើការលើកកម្ពស់នូវតួនាទីរបស់ស្ដ្រី និងការចូលរួមគាំពារដល់កុមារ ដែលកិច្ចការនេះក៏ជាផ្នែកមួយនៅក្នុងក្របខណ្ឌ នៃការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការផងដែរ។

សម្ដេចក្រឡាហោម ក៏មានសង្ឃឹងជឿជាក់ថា អង្គការយូនីសេហ្វ នឹងបន្ដគាំទ្រដល់កិច្ចការងារនេះបន្ដទៅមុខទៀត ដោយផ្សារភ្ជាប់យ៉ាងជិតស្និតជាមួយនឹងគោលនយោបាយ ក៏ដូចជា ផែនការយុទ្ធសាស្ដ្រ នៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ របស់រាជរដ្ឋាភិបាលកម្ពុជា។ ក្នុងឱកាសនោះ សម្ដេច ក៏បានជម្រាបជូន លោកនាយកអង្គការយូនីសេហ្វ ថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនេះ គឺជាកិច្ចការងារអាទិភាព ហើយក៏ជាការងារមួយដ៏មានសារៈសំខាន់ នៅក្នុងប្រវត្តិសាស្ដ្រ នៃការរៀបចំរដ្ឋបាលរបស់កម្ពុជាផងដែរ គឺមិនដែលមាននោះទេ ក្នុងប្រវត្តិសាស្ដ្ររបស់កម្ពុជា គិតមកដល់ពេលនេះ។

សម្ដេចក្រឡាហោម បន្ដថា ចាប់ពីឆ្នាំ២០២៤ តទៅ រាជរដ្ឋាភិបាល នឹងដំណើរការការងារផ្ទេរការគ្រប់គ្រង វិស័យអប់រំកម្រិតបឋមសិក្សា មតេយ្យសិក្សា ការអប់រំកុមារតូច ទៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិឱ្យបានពេញលេញបន្ទាប់ពីបានអនុវត្តនូវគម្រោងសាកល្បងមួយរយៈពេលកន្លងមក ក្នុងខេត្តបាត់ដំបង។

ជាការឆ្លើយតប លោក នាយកអង្គការយូនីសេហ្វ សូមថ្លែងអំណរគុណ សម្ដេចក្រឡាហោម ស ខេង ចំពោះការផ្ដល់ព័ត៌មានបច្ចុប្បន្នភាពអំពីដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា។ លោក ក៏បានកត់សម្គាល់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយក៏សូមទទួលយកសំណូមពររបស់ សម្ដេចក្រឡាហោម ក្នុងការបន្ដជួយគាំទ្រដល់កិច្ចការងារពាក់ព័ន្ធក្នុងការលើកកម្ពស់ស្ដ្រី និងការគាំពារដល់កុមារ នៅថ្នាក់ក្រោមជាតិ ដោយផ្សារភ្ជាប់ទៅនឹងគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ របស់រាជរដ្ឋាភិបាលកម្ពុជា។

លោក នាយកអង្គការយូនីសេហ្វ ក៏បានជម្រាបជូន សម្ដេចក្រឡាហោម ស ខេង អំពីផែនការសកម្មភាពរបស់អង្គការយូនីសេហ្វរយៈពេល ៤ឆ្នាំ (២០២៤ ដល់២០២៨) ដោយក្នុងនោះលោក ក៏បានជម្រាបជូនដែរថា នៅក្នុងក្របខណ្ឌនៃផែនការក្នុងរយៈពេល ៤ឆ្នាំនេះ គឺលោកមានគំនិតផ្ដួចផ្ដើម ក៏ដូចជាយោបល់មួយចំនួន ក្នុងការផ្ដល់កិច្ចសហការ ដើម្បីរួមចំណែកក្នុងការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ របស់រាជរដ្ឋាភិបាលកម្ពុជា មានដូចជា ៖ គំនិតផ្តួតផ្ដើម ក៏ដូចជា យោបល់ក្នុងការលើកកម្ពស់ការចូលរួមរបស់យុវជននៅតាមមូលដ្ឋាន នៅក្នុងការរៀបចំផែនការអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន មួយទៀតនោះ គឺផ្ដោតទៅលើការគាំទ្រទៅលើខេត្តគោលដៅមួយចំនួន ដើម្បីអនុវត្តសកម្មភាពជាក់ស្ដែងណាមួយដើម្បីទទួលបានលទ្ធផល និងប្រសិទ្ធភាព ជាពិសេសទៀតនោះ គឺពាក់ព័ន្ធការផ្ដល់សេវាសង្គម ដែលផ្ដោតទៅលើស្ដ្រី និងកុមារ។

ជាការឆ្លើយតប សម្ដេចក្រឡាហោម ស ខេង សូមថ្លែងអំណរគុណចំពោះព័ត៌មានអំពីផែនការរយៈពេល ៤ឆ្នាំ របស់អង្គការយូនីសេហ្វ នៅកម្ពុជា ហើយក៏សូមថ្លែងអំណរគុណចំពោះការលើកឡើងរបស់លោកនាយកអង្គការយូនីសេហ្វ នូវគំនិតផ្ដួតផ្ដើម ក៏ដូចជា មតិយោបល់ផ្សេងៗ តាមរយៈការអនុវត្តផែនការ ៤ឆ្នាំនេះ។ សម្ដេច បានជម្រាបជូនថា សម្តេច ពិតជាគាំទ្រទាំងស្រុងទៅលើអ្វីដែរ លោក បានលើកឡើង ហើយ សម្ដេច ក៏សូមស្នើមន្ដ្រីជំនាញរបស់អង្គការយូនីសេហ្វ សហការជាមួយនឹងអគ្គនាយកដ្ឋានរដ្ឋបាល ព្រមទាំងលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប)របស់ក្រសួងមហាផ្ទៃ ដើម្បីធ្វើកិច្ចការងារនេះជាមួយគ្នាដោយ សម្ដេច បានចាត់ទុកថា កម្មវិធីរយៈពេល ៤ឆ្នាំ របស់អង្គការយូនីសេហ្វ ក៏ស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលចាប់ពីឆ្នាំ២០២៤ តទៅ គឺរាជរដ្ឋាភិបាលកម្ពុជា នឹងចាប់ផ្តើមផ្ទេរមុខងារលើវិស័យអប់រំ ទៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិ៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ