ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ ជួបសំណេះសំណាលជាមួយ គ្រូបង្វឹក កីឡាករ កីឡាការិនី បាល់ទះអង្គុយ ដែលត្រៀមប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២
May 25, 2023    អ្នកទស្សនា :

រាជធានីភ្នំពេញ ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡោ សុឡេង អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៥ ខែឧសភា ឆ្នាំ២០២៣នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រូបង្វឹក កីឡាករ កីឡាការិនី បាល់ទះអង្គុយ ដែលត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ជំនួបសំណេះសំណាលលើកទឹកចិត្តនេះ ត្រូវបានធ្វើឡើងនៅមជ្ឈមណ្ឌលជាតិនៃជនពិការ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា និងជាអគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។ ក្នុងនោះកីឡាករ កីឡាការិនីបាល់ទះអង្គុយ ដែលត្រៀមចូលរួមប្រកួតនោះ មានសរុបចំនួន២៥នាក់ កីឡាករ ចំនួន១៣នាក់ និងកីឡាការិនី ចំនួន១២នាក់។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡោ សុឡេង បាននាំយកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ និងក្ដីនឹករលឹកពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន ជូនគ្រូបង្វឹក កីឡាករ កីឡាការិនី បាល់ទះអង្គុយគ្រប់ៗរូប ដែលត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលនឹងចាប់ផ្ដើមនៅក្នុងពេលឆាប់ៗខាងមុខនេះ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡោ សុឡេង ក៏បានលើកយកបទពិសោធន៍ និងជោគជ័យកន្លងទៅរបស់ក្រុមបាល់ទះជម្រើសជាតិកម្ពុជា ក្នុងសាលផ្នែកបុរស ដែលទទួលបានមេដាយប្រាក់ ជាប្រវត្តិសាស្រ្តសម្រាប់ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដែលទើបបញ្ចប់នាពេលកន្លងទៅថ្មីៗនេះ សំដៅឱ្យក្រុមកីឡាករ កីឡាការិនីបាល់ទះអង្គុយ ត្រូវតែព្យាយាមខិតខំប្រឹងប្រែង ដើម្បីទទួលបានជោគជ័យ។

តំណាង ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានគូសបញ្ជាក់ថា ដើម្បីឈានទៅដណ្ដើមជោគជ័យ ក្រុមកីឡាករ កីឡាការិនីទាំងអស់ ត្រូវពង្រឹងស្មារតីក្រុម រក្សាសាមគ្គីភាព ហើយត្រូវចង់ចាំថា ការប្រកួតរបស់យើង តំណាងឱ្យប្រជាពលរដ្ឋកម្ពុជាជាង១៧លាននាក់ ដែលកំពុងទស្សនា។ ឯកឧត្តម ក៏បានកោតសរសើរផងដែរ ចំពោះការប្រកួតកន្លងទៅ ដែលក្រុមកីឡាបាល់ទះអង្គុយធ្វើបានល្អស្រាប់មកហើយ ដូច្នេះត្រូវបន្ដស្មារតីនេះបន្តទៀត។

ដើម្បីជាការលើកទឹកចិត្តគ្រាដែលក្រុមកីឡាករ កីឡាការិនី បាល់ទះអង្គុយ ដែលនឹងចាប់ផ្ដើមប្រកួតជាផ្លូវការនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣ខាងមុខនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា បានឧបត្ថម្ភថវិកាក្នុងម្នាក់២០០ដុល្លារ និង៥លានរៀល ជូនមជ្ឈមណ្ឌលជាតិនៃជនពិការផងដែរ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ