ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំស្ដីពីការសម្របសម្រួលបែបបទ ការពិនិត្យដំណេីរចេញ-ចូល ជូនពលករខ្មែរក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ
March 25, 2024    អ្នកទស្សនា :

ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ ឯកឧត្តម សេង សក្ដា អគ្គនាយកដ្ឋានការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនិងឯកឧត្តម ង៉ោ ម៉េងជ្រូន អភិបាលរង នៃអគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីសហប្រធាន ដឹកនាំកិច្ចប្រជុំស្ដីពីការសម្របសម្រួលបែបបទ ការពិនិត្យដំណេីរចេញ-ចូល ជូនពលករខ្មែរ ដែលវិលត្រលប់ពីប្រទេសថៃ ចូលព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នៅសាលប្រជុំប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត កាលពីព្រឹកថ្ងៃអាទិត្យ ទី២៤ ខែមីនា ឆ្នាំ២០២៤នេះ។ កិច្ចប្រជុំនេះមានការអញ្ជេីញចូលរួមពី ឯកឧត្តម-លោកជំទាវ ទីប្រឹក្សាអមក្រសួង ឯកឧត្តម អគ្គនាយករង អន្តោប្រវេសន៍ លោកនាយករដ្ឋបាលរងខេត្តបន្ទាយមានជ័យ លោក-លោកស្រី អនុព័ន្ធការងារអមស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ លោក-លោកស្រី អគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសៈកែវ និងលោកនាយប៉ុស្តិ៍តាមបណ្ដាលច្រកទ្វារអន្តរជាតិពាក់ព័ន្ធមួយចំនួន។

ឯកឧត្តម សេង សក្ដា អគ្គនាយក នៃអគ្គនាយកដ្ឋានការងារ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានមតិបេីកកិច្ចប្រជុំ និងមានប្រសាសន៍ថាដោយមានការចង្អុលបង្ហាញពីសម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឱ្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងក្រសួងការងារ ព្រមទាំងអាជ្ញាធរដែនដី និងស្ថានប័នពាក់ព័ន្ធទាំងអស់ត្រូវចូលរួមសហការគ្នា ដេីម្បីជួយសម្របសម្រួលដល់ពលករខែ្មរដែលវិលត្រលប់ពីប្រទេសថៃ ចូលព្រះរាជាណាចក្រកម្ពុជាវិញ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ខាងមុខនេះ ។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ មានប្រសាសន៍ លេីកឡេីងថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍មានក្រុមការងារជាច្រេីន កន្លងមកក៏មានកិច្ចប្រជុំពិភាក្សាម្ដងរួចមកហេីយក្នុងការត្រៀមលក្ខណៈមួយចំនួនពាក់ព័ន្ធដំណេីរចូល-ចេញរបស់ពលករខ្មែរ ដែលវិលត្រលប់ពីប្រទេសថៃ ចូលព្រះរាជាណាចក្រកម្ពុជានេះ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក បន្តទៀតថា កិច្ចប្រជុំនេះគឺបានរៀបចំឱ្យមន្រ្តីនៅតាមបណ្ដាលច្រកទ្វារអន្តរជាតិដែលជាប់ព្រំដែនថៃត្រូវរៀបចំត្រៀមលក្ខណៈ ដេីម្បីធានាឱ្យបានការគ្រប់គ្រង និងសម្រួលដល់អ្នកដំណេីរជាតិ-អន្តរជាតិ ជាពិសេសទទួលជួយសម្របសម្រួលជូនពលករខ្មែរមកព្រះរាជាណាចក្រកម្ពុជាវិញ ធ្វេីដំណេីរចេញចូលអោយបានស្រួល បានឆាប់រហ័ស សន្តិសុខ និងមានសុវត្តិភាព។ ឯកឧត្តម បន្តទៀតថា យោងតាមប្រសាសន៍របស់ថ្នាក់នាំនៃព្រះរាជាណាចក្រកម្ពុជា ខាងលេីនេះអាចនឹងមានការកេីនឡេីងខ្ពស់ក្នុងការវិលត្រលប់ចូលប្រទេសច្រេីនជាងរាល់ឆ្នាំតាមបណ្ដាលច្រកទ្វារអន្តរជាតិជាប់ព្រំដែនថៃ ជាពិសេសនៅប៉ុស្តិ៍ច្រកទ្វាអន្តរជាតិប៉ោយប៉ែត និងប៉ុស្តិ៍ច្រកទ្វាអន្តរជាតិដូង ដែលអាចមានពលករខ្មែរចូលច្រេីនជាងគេ។ ឯកឧត្តម បានគូសបញ្ជាក់ផងដែលថាអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានចាត់កម្លាំងមន្ត្រីបន្ថែមជាច្រេីនរូប និងបានចាត់ឱ្យក្រុមការងារជំនាញត្រូវត្រៀមរៀបចំប្រព័ន្ធបចេ្ចកទេសមួយចំនួនក្នុងការជួយសម្របសម្រួលដល់ពលករខែ្មរដែលវិលត្រលប់ពីប្រទេសថៃ ចូលព្រះរាជាណាចក្រកម្ពុជាវិញ។

ក្រោយពីបានស្ដាប់របាយការណ៍លំអិតរបស់លោកនាយប៉ុស្តិ៍តាមបណ្ដាលច្រកទ្វារអន្តរជាតិពាក់ព័ន្ធរួចមក កិច្ចប្រជុំក៏បានលេីកឡេីងនូវមតិ ដោយបានបញ្ជាក់អំពីតម្រូវការចាំបាច់ក្នុងការលើកផែនការ និងបញ្ហាប្រឈមមួយចំនួន ដើម្បីអនុវត្តការងារឱ្យមានប្រសិទ្ធភាពខ្ពស់តាមផែនការរបស់ប្រមុខរាជរដ្ឋាភិបាល។

បន្ទាប់ពីកិច្ចប្រជុំ ប្រតិភូចុះពិនិត្យទីតាំងច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងច្រកទ្វារអន្តរជាតិដូងខេត្តបាត់ដំបង ដើម្បីរៀបចំលំហូរទទួលពលករ រួមទាំងពិនិត្យទីតាំងសង់រោងសម្រាប់ចែកទឹកដល់ពលករ និងសម្រាករងចាំជិះឡានត្រឡប់ទៅប្រទេសកម្ពុជា៕

ប្រភព÷ អគ្គនាយកដ្ឋានអន្តោប្រវេសន៍

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ