នៅថ្ងៃព្រហស្បតិ៍០២ រោច ខែ មាឃ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស ២៥៦២ត្រូវនឹងថ្ងៃទី ២១ ខែកុម្ភះ ឆ្នាំ ២០១៩ នាទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ នុត សវនា អគ្គនាយករង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សន្តិបណ្ឌិត ចាន់ គីមសេង អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Philippe KRIDELKA (ហ្វ៊ីលីប៉េ គ្រីដេលកា) ឯកអគ្គរាជទូតប្រទេសប៊ែលហ្ស៉ីក ប្រចាំនៅប្រទេសថៃ ដែលអមដំណើរឯកឧត្តមដោយ លោកឧត្តមសេនីយ៍ឯក Pascal WAUTELET (ប៉ាស្កាល់ វ៉វតេឡិត) សេនានុព័ន្ធនគរបាលអមស្ថានទូតប៊ែលហ្ស៉ីក ប្រចាំនៅប្រទេសថៃ និងលោក Patrick GOVAERT លេខាទី១ និងជាមន្រ្តីទទួលបន្ទុកកិច្ចការកុងស៊ុល នៃស្ថានទូតប៊ែលហ្ស៉ីក ប្រចាំនៅប្រទេសថៃផងដែរ។
ឯកឧត្តម ឯកអគ្គរាជទូតបានលើកឡើងថា ថ្វីត្បិតប្រទេសប៊ែលហ្សុីកមិនមានស្ថានទូត ឬស្ថានបេសកកម្មផ្លូវការនៅកម្ពុជាដូចកាលជំនាន់សង្គមរាស្រ្តនិយម ប៉ុន្តែប្រទេសប៊ែលហ្សុីកនាពេលបច្ចុប្បន្នបានផ្តោតលើតួនាទីសំខាន់របស់កម្ពុជាក្នុងសហគមន៍អន្តរជាតិ ជាក់ស្តែងដោយថ្មីៗនេះកម្ពុជាបានបោះឆ្នោតគាំទ្របេក្ខភាពប្រទេសប៊ែលហ្សុីកជាសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ឯកឧត្តមបន្តថា កំណើនភ្ញៀវទេសចរណ៍ជនជាតិប៊ែលហ្សឹកមកកម្ពុជាកាន់តែច្រេីន ដែលមានភ្ញៀវទេសចរណ៍ខ្លះបានប្រព្រឹត្តបទល្មើសនៅកម្ពុជា ហេីយជាហេតុជម្រុញឲ្យរដ្ឋាភិបាលប៊ែលហ្សឹកពង្រឹងការយកចិត្តទុកដាក់លើភាពចាំបាច់ នៃចំណងការទូត និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសយើងទាំងពីរ។ឯកឧត្តមបន្ថែមថា កាលពីពេលថ្មីៗ នេះ ប៊ែកហ្សឹកបានបញ្ចូលកម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន៦ទៀតដែលជាសមាជិកអាស៊ាន រួមមាន៖ ថៃ ឡាវ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហបុរី វៀតណាម ដើម្បីបង្កើនបណ្តាញកិច្ចសហប្រតិបត្តិការលើកិច្ចការនគរបាល និងយុត្តិធម៌ បន្ថែមលើជំនួយផ្នែកវិស័យអប់រំ កសិកម្ម ទេសចរណ៍ ដំណើរការដោះមីននៅខេត្តព្រះវិហារផងដែរ។
ឯកឧត្តម នុត សវនា បានមានប្រសាសន៍បញ្ជាក់ពីជំហរកម្ពុជា លើកិច្ចសហប្រតិបត្តិការក្នុងវិស័យយុត្តិធម៌ព្រហ្មទណ្ឌ និងអប់រំកែប្រែដែលកម្ពុជាតែងផ្តល់កិច្ចគាំទ្រដល់ប្រទេសជាមិត្ត ក្នុងដំណើរការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែននានា រួមទាំងការផ្លាស់ប្តូរបទពិសោធន៍ ការបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្រ្តីជំនាញជាដើម។ ឯកត្តមបន្តថា ទំនាក់ទំនងល្អរវាងនគរបាលសហព័ន្ធប៊ែលហ្សឹក ជាមួយនគរបាលជាតិ និងពន្ធនាគារកម្ពុជានឹងជម្រុញឲ្យប្រសើរឡើងក្នុងការរួមចំណែករក្សាសន្តិសុខក្នុងតំបន់ និងសកល តាមរយៈការចែករំលែកព័ត៌មាន ចំណេះដឹង និងបទពិសោធន៍៕ គឹមអាន
ប្រភព៖ អគ្គនាយកដ្ឋានពន្ធនាគារ