សម្តេចក្រឡាហោម ស ខេង ប្រកាសប្រកាន់ជំហរដាច់ខាត ក្នុងការ​ប្រឆាំង​អំពើជួញដូរមនុស្សដោយពង្រឹងការទប់ស្កាត់ និង បង្ក្រាបលើគ្រប់រូបភាពទាំងអស់
April 23, 2019    អ្នកទស្សនា :

     សម្តេចក្រឡាហោម ស​ ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈ​កម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស​ បានប្រកាសប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ និង​ដាច់​ខាតក្នុងការប្រឆាំងអំពើជួញដូរមនុស្ស ដោយពង្រឹងការទប់ស្កាត់ ស្វែងរកបទល្មើស និងបង្ក្រាប​កាន់តែខ្លាំងក្លា ហើយមិនអនុញ្ញាតឲ្យជនល្មើសទាំង​ឡាយមានសកម្មភាព បង្កភាពរង​គ្រោះដល់​ប្រជាពលរដ្ឋ បើ ទោះបីជាជនល្មើសមានកលល្បិចខ្ពស់យ៉ាងក៏ដោយ។ សម្តេចក្រឡាហោម បាន​ប្រកាសបែបនេះក្នុងកិច្ចប្រជុំផ្សព្វ​ផ្សាយ​របាយ​​​ការណ៍ជាតិស្តីពីសកម្មភាព និងលទ្ធផលការងារ​ប្រយុទ្ធ​ប្រឆាំងអំពើជួយ​​​ដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទឆ្នាំ២០១៨ និងលើកទិស​ដៅឆ្នាំ​២០១៩ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួយដូរមនុស្ស នៅព្រឹកថ្ងៃអង្គារ ៤រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ​២០១៩ នាទីស្តីការក្រសួងមហាផ្ទៃ។

     សម្តេចក្រឡាហោម ស​ ខេង បន្តថាក្នុងសកម្មភាពប្រយុទ្ធប្រឆាំងអំពើជួយដូរមនុស្សនេះ បានធ្វើ​ការ​អប់រំផ្សព្វផ្សាយ តាមប្រព័ន្ធអេឡិកត្រូនិក វិទ្យុ ទូរទស្សន៍ និងតាមបណ្តាញផ្សព្វផ្សាយសង្គម ក៏​ដូចជាការបិតផ្សាយសារ ការសម្តែងសិល្បៈ ភាពយន្តខ្នាតខ្លី និងការចែកខិតប័ណ្ណ ក៏ត្រូវបានធ្វើ​ជាញឹកញាប់។ ជាងនេះទៅទៀតក៏បានរៀបចំ កិច្ចប្រជុំ វេទិកាសាធារណៈ យុទ្ធនាការធំៗ ជាច្រើន ដោយ​ផ្តោតលើខ្លឹមសារស្តីពីកិច្ចការពារប្រជាពលរដ្ឋ ជាពិសេសកុមារ យុវវ័យ និងស្រ្តី ពីអំពើជួញ​ដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ នៅតាមសហគមន៍ ក៏ដូចជានៅតាមសាលារៀនគ្រប់កម្រឹត។ សម្តេចបន្ថែមថា ព្រះរាជាណាចក្រកម្ពុជា តាមរយៈគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំង​អំពើជួញ​ដូរមនុស្ស ពង្រឹងការផ្សព្វផ្សាយ និងអនុវត្តអនុស្សរណៈកិច្ចព្រមព្រៀង ទ្វេភាគី ពហុភាគី ក៏ដូចជា​អនុសញ្ញាអាស៊ាន និងកតិកាសញ្ញាពិភពលោក ដែលកម្ពុជាបានចុះហត្ថលេខា និងចូលរួមអនុម័ត ដើម្បីរួមចំណែកការពារសុវត្ថិភាព ភាពរៀបរយ និងស្របច្បាប់នៃជនទេសន្តរប្រវេសន៍ និងការពារ​ពួកគេពីអំពើជួញដូរមនុស្ស និងការកេងប្រវ័ញ្ចគ្រប់រូបភាព។ សម្តេចក្រឡាហោម​បានបញ្ជាក់​បន្ថែម​ថា នឹងមិនអត់ឱនដាច់ខាតចំពោះមន្រ្តីទាំងអស់ដែលជាប់ពាក់ព័ន្ធ ចូលរួម ឬធ្វើជាខ្នងបង្អែកឲ្យជន​ល្មើស និងរាល់សកម្មភាពដែលនាំឲ្យមានភាពរាំងស្ទះដល់កិច្ចខិត​ខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល​ក្នុងការលុបបំបាត់អំពើជួញដូរមនុស្ស នឹងត្រូវផ្តន្ទាទោស ដូចមានចែងក្នុងច្បាប់ជាធរមាន។

     ​សូមបញ្ជាក់ដែរថាក្នុងឆ្នាំ២០១៨  រាជរដ្ឋាភិបាល ដែលមានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំង​អំពើជួញ​ដូរមនុស្សសេនាធិការបានបង្ក្រាប ចាប់ឃាត់ខ្លួន និងបញ្ជូនជនប្រព្រឹត្តបទល្មើស២២៤នាក់​ទៅតុលាការដើម្បីផ្តន្ទាទោសក្នុងបេសកកម្មបង្ក្រាបបទល្មើស​ជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្ម​ផ្លូវភេទសរុប ១៣៤ករណី និងសង្គ្រោះជនរងគ្រោះ សរុបចំនួន ២៣០នាក់  ក្នុងនោះមានទាំងក្មេង​អាយុក្រោម១៥ឆ្នាំ ៩២នាក់ អាយុ​ពី១៥ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ២៣នាក់ និងអាយុ១៨ឆ្នាំឡើង ១១៥​នាក់។ ដោយឡែកស្ថាប័នតុលាការបានអនុវត្តតួនាទីរបស់​ខ្លួនរហូតដល់តំណាក់​កាល​ជំនុំជម្រះ ករណី​ជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ នៅទូទាំងរាជធានី-ខេត្ត សរុបបានចំនួន ២១៤​ករណី ដើម្បីផ្តល់យុត្តិធម៌ជូនជនរងគ្រោះ បាន ២៧៣នាក់ (ស្រី២៥២នាក់) អនិតិជន១១៤នាក់ (ស្រី១០៧នាក់) និងបានរកឃើញជនជាប់ចោទសរុប ២៥៣នាក់ (ស្រី៤៣នាក់) ក្នុងនោះ​(ចាត់ការ​រួច៧២ករណី ផ្តន្ទាទោសដាក់ពន្ធនាគារ ១២៥នាក់ និងកំពុងបន្តចាត់ការ ១៤២ករណី )៕ គឹមអាន

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ