រដ្ឋបាលខេត្តកោះកុង រៀបចំកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីការបង្កើតក្រុមការងាររៀបចំផែនការគ្រប់គ្រងតំបន់រ៉ាមសារកោះកាពិ
March 30, 2023 អ្នកទស្សនា :

នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែមីនា ឆ្នាំ២០២៣ រដ្ឋបាលខេត្តកោះកុង រៀបចំកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីការបង្កើតក្រុមការងាររៀបចំផែនការគ្រប់គ្រងតំបន់រ៉ាមសារកោះកាពិ ដោយមានការអញ្ជើញដឹកនាំកិច្ចប្រជុំពីសំណាក់់ លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង លោកបណ្ឌិត ស្រី ស៊ុនលាង អគ្គនាយករង នៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ ក្រសួងបរិស្ថាន ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

លោកអភិបាលរងខេត្ត បានថ្លែងអំណរគុណ និងកោតសរសើរដ៏ស្មោះចំពោះក្រុមការងារ នៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ នៃក្រសួងបរិស្ថាន និងគម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា ដែលបានគាំទ្រថវិកាបច្ចេកទេស និងបានខិតខំប្រឹងប្រែងរៀបចំកិច្ចប្រជុំនាថ្ងៃនេះ។ កិច្ចប្រជុំនាថ្ងៃនេះ គឺជាឱកាសសម្រាប់ពិភាក្សា និងចែករំលែកព័ត៌មានពីស្ថានភាពទូទៅ សក្តានុពលនៃតំបន់រ៉ាមសារកោះកាពិ និងដំណើការនៃការរៀបចំផែនការគ្រប់គ្រងតំបន់រ៉ាមសារកោះកាពិនេះ។ តាងនាមលោក ជាគណៈអភិបាលខេត្តកោះកុង និងក្នុងនាមលោកផ្ទាល់ លោកពិតជាមានក្តីសោមនស្សរីករាយជាក្រៃលែង ដោយឃើញនូវកិច្ចផ្តួចផ្តើមបង្កើតក្រុមការងារ ដែលក្រុមការងារនេះមានសមាសភាពចូលរួមពីគ្រប់អ្នកពាក់ព័ន្ធ ដែលធ្វើឡើងតាមរយៈកិច្ចប្រជុំពិគ្រោះយោបល់នាថ្ងៃនេះ ហើយតាមរយៈក្រុមការងារនេះ ការរៀបចំផែនការគ្រប់គ្រងតំបន់រ៉ាមសារកោះកាពិនឹងទទួលបាននូវធាតុចូលពីគ្រប់ទិដ្ឋភាពទាំងអស់ ដើម្បីឱ្យការរៀបចំផែនការគ្រប់គ្រងនេះបានល្អ និងឆ្លើយតបទៅនឹងស្ថានភាពជាក់ស្តែងនៅតំបន់នេះ សកម្មភាពនេះ បានធ្វើឡើងស្របតាមនីតិវិធី និងបានសម្របសម្រួលបានយ៉ាងល្អ ហើយកំពុងឈានទៅរកការរៀបចំផែនការគ្រប់គ្រងមួយ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រងតំបន់ ដោយមានការចូលរួមពីគ្រប់ស្ថាប័ន និងអ្នកពាក់ព័ន្ធទាំងអស់។

លោកអភិបាលរងខេត្ត បានបន្ថែមថា ខេត្តកោះកុង គឺជាខេត្តមួយដែលមានធនធានធម្មជាតិយ៉ាងសំបូរបែប ដូចខេត្តដទៃផ្សេងៗទៀតដែរ ហើយតំបន់រ៉ាមសារកោះកាពិនេះ ជាតំបន់ដែលមានទីតាំងស្ថិតក្នុងតំបន់ឆ្នេរសមុទ្រកម្ពុជា ជាតំបន់ដីសើមដែលសំបូរដោយព្រៃកោងកាងធម្មជាតិ ជាទីជម្រកដ៏សំខាន់សម្រាប់ជីវៈចម្រុះ និងទ្រទ្រង់ដល់ជីវភាពរបស់ប្រជាពលរដ្ឋមូលដ្ឋានផងដែរ។ តំបន់រ៉ាមសារកោះកាពិ មានសក្តានុពលទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកទស្សនាតាមរយៈទេសចរណ៍ធម្មជាតិ ដែលអាចរកប្រាក់ចំណូល និងបង្កើតការងារជូនប្រជាសហគមន៍មូលដ្ឋាន ជាពិសេស ប្រជាពលរដ្ឋដែលរស់នៅពឹងផ្អែកលើ ចំណូលមកពីធនធានធម្មជាតិ។ ដូច្នេះយើងទាំងអស់គ្នាគប្បីចូលរួម និងសហការឱ្យកាន់តែស្អិតរមួតបន្ថែមទៀត ដើម្បីឱ្យដំណើរការអភិរក្ស និងអភិវឌ្ឍន៍នេះមានភាពរលូន និងទទួលបានផ្លែផ្កាល្អ ហើយធនធានជីវៈចម្រុះ នៅក្នុងតំបន់រ៉ាមសារកោះកាពិ ក៏ដូចជាតំបន់ឆ្នេរនេះនៅគង់វង្ស និងសំបូរបែបសម្រាប់ទ្រទ្រង់ដល់ការអភិវឌ្ឍរបស់សហគមន៍មូលដ្ឋាន និងសង្គមជាតិទាំងបច្ចុប្បន្ន និងអនាគត ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

លោកអភិបាលរងខេត្ត បន្តថា វត្តមានរបស់សមាជិក និងសមាជិការទាំងអស់នៃកិច្ចប្រជុំនាថ្ងៃនេះ បានបញ្ជាក់នូវសាមគ្គីភាពដ៏រឹងមាំ និងស្មារតីយកចិត្តទុកដាក់ខ្ពស់ ក្នុងការបំពេញភារកិច្ចជូនជាតិមាតុភូមិយើង ក្នុងវិស័យគាំពារបរិស្ថាន និងអភិរក្សធនធានធម្មជាតិនៅតាមតំបន់ឆ្នេរសមុទ្រ និងតំបន់ផ្សេងៗទៀតក្នុងប្រទេសកម្ពុជា។

ឆ្លៀតក្នុងឱកាសនោះ លោកអភិបាលរងខេត្ត ក៏បានសំណូមពរផងដែរ ដល់ក្រសួងបរិស្ថាន និងស្ថាប័នពាក់ព័ន្ធ មេត្ដាជួយពន្លឿនការបង្កើតក្រុមការងាររៀបចំផែនការគ្រប់គ្រងតំបន់រ៉ាមសារកោះកាពិនេះ ឱ្យបានឆាប់តាមតែអាចធ្វើទៅបាន ដើម្បីឈានទៅរកការរៀបចំផែនការគ្រប់គ្រង ដែលជាឯកសារគោលការណ៍សម្រាប់ចង្អុលបង្ហាញដល់ការគ្រប់គ្រងតំបន់ការពារនេះ ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ