ខេត្តកណ្ដាល៖ ថ្លែងនៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី ការអនុវត្តផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គម ជូនដល់រដ្ឋបាលក្រុង-ស្រុកទាំង១៣ នៅសាលាខេត្តកណ្ដាល នាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣នេះ ឯកឧត្ដម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្ដាល បានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ស្តាប់ កត់ត្រា និងក្រេបយកចំណេះ និងលើកឡើងនូវចំណុចមិនទាន់ច្បាស់លាស់ឱ្យគ្រូឧទេសធ្វើការបកស្រាយ ដើម្បីយកមកអនុវត្តបំពេញនៅភារកិច្ចរបស់ខ្លួនឱ្យបានប្រសើរថែមទៀត និងក្លាយជាធនធានមនុស្សសម្រាប់ជួយដល់មូលដ្ឋានភូមិ-ឃុំរបស់ខ្លួន។
ជាមួយគ្នានេះ ឯកឧត្ដម អភិបាលរងខេត្ត បានកោតសរសើរ និងអរគុណដល់អ្នកស្ម័គ្រចិត្តសម្របសម្រួលគណនេយ្យភាពសហគមន៍តាមបណ្តាក្រុង-ស្រុងទាំង១៣ ដែលកន្លងមកបានយកចិត្តទុកដាក់បំពេញភារកិច្ចរបស់ខ្លួន ដោយភាពទទួលខុសត្រូវ ព្រមទាំងបានចូលរួមយ៉ាងសកម្ម ក្នុងស្មារតីសាមគ្គីជាក្រុមសម្រេចបាននៅលទ្ធផលល្អប្រសើរ ដោយផ្តោតលើគុណភាពការផ្តល់សេវា រួមមាន៖ រដ្ឋបាលឃុំ មណ្ឌលសុខភាព និងសាលាបឋមសិក្សា ជាពិសេសផ្សារភ្ជាប់ការទំនាក់ទំនងរវាងប្រជាពលរដ្ឋ និងមន្ត្រីផ្តល់សេវា។
ឯកឧត្ដម បានបញ្ជាក់ថា ខេត្តកណ្ដាល មកដល់បច្ចុប្បន្ន គឺមានអង្គភាពគោលដៅអនុវត្តគម្រោងគណនេយ្យភាពសង្គមនេះ សរុបចំនួន ៦០០អង្គភាព ដោយនៅកម្រិតថ្នាក់ឃុំ-សង្កាត់ គឺអនុវត្តស្មើនឹង១០០% នៃអង្គភាពទាំងបី ក្នុងនោះ មានរដ្ឋបាលឃុំសង្កាត់ចំនួន១២៧ នៅមណ្ឌលសុខភាពចំនួន១០៥ និងនៅសាលាបឋមសិក្សាចំនួន៣៦៧ ។
ឯកឧត្ដម បានបញ្ជាក់បន្ថែមថា ផែនការអនុវត្តគម្រោងគណនេយ្យភាពសង្គមសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅ ថ្នាក់ក្រោមជាតិនេះ គឺជាផ្នែកមួយ នៅក្នុងកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ របស់រាជរដ្ឋាភិបាលកម្ពុជា។ ហើយពួកយើងទាំងអស់គ្នា សុទ្ធតែបានទទួលស្គាល់ថា ការអនុវត្តផែនការយុទ្ធសាស្ត្រជាតិ ស្តីពីការងារគណនេយ្យភាពសង្គម ពិតជាបានរួមចំណែកញ៉ាំងឱ្យការអនុវត្តតួនាទី ភារកិច្ច និងការលើកកម្ពស់ ការផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធិភាព និងឆ្លើយតបទៅនឹងតម្រូវការចាំបាច់ចំពោះមុខ សម្រាប់ប្រជាពលរដ្ឋដែលជាអ្នកទទួលសេវាយ៉ាងពិតប្រាកដ៕
ប្រភព ៖ រដ្ឋបាលខេត្តកណ្ដាល