ថ្នាក់ដឹកនាំខេត្តកំពង់ចាម ចុះពង្រឹងមន្ត្រីថ្នាក់មូលដ្ឋាន ក្នុងការអនុវត្តតួនាទីភារកិច្ច
March 27, 2019 អ្នកទស្សនា :

    នៅព្រឹកថ្ងៃពុធ ៧រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ ឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តកំពង់​ចាម បានចុះប្រជុំអប់រំ ណែនាំ ដល់មន្ត្រីរាជការ នៅសាលាស្រុកកំពង់សៀម ដើម្បីពង្រឹងការអនុវត្តតួនាទី​ភារកិច្ច របស់មន្ត្រីរាជការ នៅថ្នាក់មូលដ្ឋាន ជាពិសេស ការផ្លាស់ប្ដូរឥរិយាបថ ក្នុងការបំរើសេវាសាធារណៈ ឲ្យកាន់តែល្អប្រសើរ ថែមទៀត។ កិច្ចប្រជុំនេះមានការចូលរួម ពីមន្ត្រីការិយាល័យចំណុះសាលាស្រុក មេឃុំ​ ស្មៀន​ឃុំ​ មេភូមិ​ និង​មន្ត្រី​នគរបាល​ប៉ុស្ដិ៍ ​ទូទាំងស្រុក​កំពង់​សៀម​ ផងដែរ ។

     ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកំពង់ចាមបានថ្លែងថា ការចុះមកបំពេញបេសកម្មរបស់ថ្នាក់ដឹក​នាំខេត្ត​នា​ពេលនេះ  ដើម្បីស្ដាប់នូវចំណុចខ្វះខាត និងធ្វើការណែនាំ អប់រំ ដល់មន្ត្រីគ្រប់លំដាប់ថ្នាក់ ក្នុងមូលដ្ឋាន ឲ្យ​យកចិត្តទុកដាក់ ក្នុងការអនុវត្តតួនាទី ភារកិច្ច  ស្របទៅតាមនីតិវិធីច្បាប់ និងគោលការណ៍ណែនាំនានា ដោយ​ជៀសវាងការអនុវត្តភារកិច្ច ទៅតាមទម្លាប់ ក៏ដូចជា ការអនុវត្ត ដោយរំលោភអំណាច និងដែនសមត្ថកិច្ចគ្នា ។ ឯកឧត្ដមបានរំលឹកថា រាជរដ្ឋាភិបាលកម្ពុជា កំពុងអនុវត្តគោលនយោបាយកំណែ​ទម្រង់លើគ្រប់ផ្នែកគ្រប់​វិស័យ ចាប់តាំងពីឆ្នាំ២០០២ មកម៉្លេះ និងមានរយៈពេល ១៧ឆ្នាំ កន្លងទៅហើយ ។ ដោយឡែក  ក្នុងអាណត្តិ ទី៦​នេះ រាជរដ្ឋាភិបាល កំពុងផ្ដោតទៅលើ  ការអនុវត្តនូវអភិក្រមទាំង ៥ មានដូចជា ៖ ងូតទឹក ដូសក្អែល ឆ្លុះកញ្ចក់ ព្យាបាល វះកាត់ ។ យ៉ាងម៉ិញ មកដល់ពេលនេះ  គ្មាននរណាម្នាក់ អាចគេចផុត ពីការអនុវត្តលើ​កំណែទម្រង់ស៊ីជម្រៅ ជាពិសេស លើការអនុវត្តនូវអភិក្រមទី៥ ដែលអាចនិយាយថា មិនត្រឹមតែមន្ត្រីរាជការ​ប៉ុណ្ណោះទេ សូម្បីវិស័យឯកជនក៏ត្រូវបានអនុវត្តរួចមកហើយដែរ ពោលគឺ ជនណាដែលបានប្រព្រឹត្តខុស​ច្បាប់​ត្រូវ​មកទទួលទោសទៅតាមផ្លូវច្បាប់។ ដូច្នេះហើយថ្នាក់ដឹកនាំខេត្ត មិនចង់ឃើញមន្ត្រីយើងមានកំហុស រហូត​ដល់​ត្រូវអនុវត្តអភិក្រមទី៥នោះទេ ទើបពេលនេះយើងធ្វើការណែនាំ អប់រំ ក្នុងគោលបំណង ឲ្យមន្រ្តីមាន​សមត្ថ​ភាព និងចំណេះដឹង ហើយផ្លាស់ប្ដូរនូវឥរិយាបទ ខិតខំអនុវត្តតួនាទី ភារកិច្ចស្នូល ដើម្បី បំរើសេវាជូនប្រជា​ពល​រដ្ឋ ឲ្យបានកាន់តែល្អ ប្រសើរឡើងថែមទៀត ។

     សូមបញ្ជាក់ដែរថា កិច្ចប្រជុំខាងលើនេះគឺបានធ្វើឡើងបន្ទាប់ពីបានទទួលទិន្នន័យខ្លះៗ នូវចំណុចខ្វះខាត នៃការអនុវត្តតួនាទីភារកិច្ច របស់មន្ត្រីអាជ្ញាធរមូលដ្ឋាន ពីមន្ទីរអធិការកិច្ច ខេត្តកំពង់ចាម  គណៈអភិបាលខេត្ត និងក្រុមប្រឹក្សាខេត្តកំពង់ចាម បានរៀបចំបេសកកម្ម បើកកិច្ចប្រជុំតាមបណ្តាស្រក-ក្រុង ដោយចាប់ផ្តើម ពី​ក្រុងកំពង់ចាម និងឈានទៅបណ្ដាស្រុកមួយចំនួនទៀត  ដើម្បី ណែនាំ អប់រំដល់មន្ត្រីនៅ​ថ្នាក់មូលដ្ឋាន​នីមួយៗ៕ គឹមអាន

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ