អភិបាលខេត្តកំពង់ឆ្នាំង បានផ្ដល់ជាអនុសាសន៍ចំនួន៧ចំណុចដល់មន្ទីរសុខាភិបាលខេត្ត នាឱកាសបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅឆ្នាំ២០១៩
March 28, 2019 អ្នកទស្សនា :

      ឯកឧត្ដម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារសុខាភិបាលខេត្តឆ្នាំ២០១៨ និងលើកទិសដៅបន្ត នៅមន្ទីរសុខាភិបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីអភិបាល អភិបាលរងក្រុង ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត អង្គការដៃគូអភិវឌ្ឍន៍ និងមន្ត្រីរបស់សុខាភិបាលជាច្រើនរូប។

      ទន្ទឹមនឹងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំមន្ទីរ មន្ត្រីសុខាភិបាល និងអង្គការដៃគូអភិវឌ្ឍន៍នានាក្នុងខេត្ត ដែលបាននឹងកំពុងសហការបម្រើវិស័យសុខាភិបាល ចូលរួមចំណែកយ៉ាងសកម្មដោយទទួលបានលទ្ធផលល្អគួរឱ្យកត់សម្គាល់  នារសៀលថ្ងៃពុធ ៧រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម អភិបាលខេត្ត ក៏បានផ្ដល់ជាអនុសាសន៍ចំនួន៧ចំណុចដូចខាងក្រោម៖

១. បន្ដកែលម្អការលើកកម្ពស់គុណភាពសេវាសុខាភិបាលទាំងនៅមណ្ឌលសុខភាព និងមន្ទីរពេទ្យ ដោយប្រតិបត្តិតាមគោលការណ៍ថ្នាក់ជាតិឱ្យបានខ្ជាប់ខ្ជួន។ ពង្រីកវិសាលភាពនៃសេវាសាធារណៈឱ្យកាន់តែខិតជិតប្រជាជន ដោយពិនិត្យលទ្ធភាពសាងសង់មណ្ឌលសុខភាពបន្ថែមស្របតាមភូមិសាស្ត្រ និងប្រជាសាស្ត្រ ព្រមទាំងបំពាក់ឧបករណ៍សម្ភារៈ បរិក្ខាពេទ្យឱ្យបានសមស្រប។
២. បន្តយកចិត្តទុកដាក់ផ្ដល់សេវា ដោយការផ្ដល់មូលនិធីសមធម៌បង់ថ្លៃជំនួស របបបេឡាជាតិសន្ដិសុខសង្គម ដល់កម្មករ កម្មការិនី។
៣. បន្ដការយកចិត្តទុកដាក់អន្ដរាគមន៍ ជាពិសេសលើការងារកាត់បន្ថយមរណភាពមាតា និងទារក ដែលជាអាទិភាពរបស់ក្រសួងសុខាភិបាល ដោយធ្វើការពង្រឹងសមត្ថភាពបុគ្គលិក ជាពិសេសមន្ត្រីឆ្មប។
៤. ត្រូវបន្ដយកចិត្តទុកដាក់លើវិធានការការពាររាល់ករណីជម្ងឺឆ្លងផ្សេងៗ ដូចជាជម្ងឺគ្រុនចាញ់ គ្រុនឈាម រាគរូស ការពុលចំណីអាហារ និងការពុលស្រាស។ល។
៥. យកចិត្តទុកដាក់រៀបចំសោភ័ណភាព អនាម័យនៅគ្រប់មណ្ឌលសុខភាព និងមន្ទីរពេទ្យ និងការលើកស្ទួយស្ថានភាពអនាម៍័យក្នុងចំណោមប្រជាជន សំដៅថែទាំសុខភាព និងកាត់បន្ថយអត្រាឈឺ និងអត្រាជម្ងឺឆ្លងនានា។
៦. បន្ដជម្រុញកែលម្អឥរិយាបថ និងអាកប្បកិរិយាព្រមទាំងលើកកម្ពស់ការយល់ដឹងរបស់បុគ្គលិក គ្រូពេទ្យឱ្យបានកាន់តែល្អប្រសើរ។ អប់រំ ផ្ដល់ព័ត៌មានដល់អ្នកប្រើប្រាស់សេវា ស្ថាប័នពាក់ព័ន្ធនានា អាជ្ញាធរដែនដីសហការគ្នាដោះស្រាយឱ្យបានល្អ និងទាន់ពេលនូវបញ្ហាដែលកើតមានថ្មីៗ។
៧. បន្ដយកចិត្តទុកដាក់ក្នុងការលុបបំបាត់សេវាឯកជនខុសច្បាប់ និងចាត់វិធានការតឹងរ៉ឹងចំពោះអ្នកប្រព្រឹត្តល្មើស។ យកចិត្តទុកដាក់អប់រំស្ដីពីសុវត្ថិភាពចំណីអាហារដល់ម្ចាស់អាហារដ្ឋាន ភោជនីយដ្ឋាន សណ្ឋាគារ ។ល។ ៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ