អភិបាលខេត្តកំពង់ធំ អំពាវនាវដល់អង្គការមិនមែនរដ្ឋាភិបាលក្នុងខេត្តទាំងអស់ ចូលរួមធ្វើសកម្មភាពនៅតាមមូលដ្ឋាន ឲ្យស្របទៅនឹងច្បាប់ NGO របស់កម្ពុជា
March 28, 2019 អ្នកទស្សនា :

      ឯកឧត្តម សុខ លូ ថ្លែងថា អង្គការមិនមែនរដ្ឋាភិបាល បានដើរតួនាទីយ៉ាងសំខាន់មិនអាចខ្វះបានក្នុងការរួមចំណែកជួយអភិវឌ្ឍន៍ប្រទេសជាតិជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសបានសិក្សារួមគ្នាស្វែងយល់ពីបញ្ហាប្រឈម និងទុក្ខកង្វល់នានារបស់ប្រជាពលរដ្ឋ ដើម្បីរួមគ្នាដោះស្រាយ និងចូលរួមជួយលើកកម្ពស់សិទ្ធិទទួលបានព័ត៌មានពិតប្រាកដ ដើម្បីទប់ស្កាត់ឥទ្ធិពលអាក្រក់នៅក្នុងសង្គម ដែលកើតចេញពីការបំផ្លើសព័ត៌មានបង្ករឡើងដោយមជ្ឈដ្ឋានមួយចំនួន។

      ឯកឧត្តម ថ្លែងយ៉ាងដូច្នេះ នៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ ក្នុងវេទិកាពិគ្រោះយោបល់ជាមួយសមាគម អង្គការមិនមែនរដ្ឋាភិបាលនានា ក្នុងខេត្តកំពង់ធំ ដោយមានសមាសភាពចូលរួមពីបណ្តាមន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ធ ក្រុមប្រឹក្សាស្រុក-ក្រុង ឃុំ-សង្កាត់ ព្រមទាំងតំណាងអង្គការ សមាគម សហជីព និងសហគមន៍នានាទូទាំងខេត្តកំពង់ធំ។

      បន្ទាប់មានការផ្លាស់ប្តូរយោបល់ រវាងអាជ្ញាធរខេត្ត និងNGO រួចមក ឯកឧត្តម សុខ លូ មានប្រសាសន៍លើកឡើងទៀតថា វេទិកានេះ បានបង្កើតឱកាស និងបរិយាកាសល្អសម្រាប់កិច្ចពិភាក្សា និងពិគ្រោះយោបល់ដោយត្រង់ទៅត្រង់មក និងដោយផ្ទាល់រវាងអង្គការ NGO ជាមួយអាជ្ញាធរពាក់ព័ន្ធ លើបញ្ហាប្រឈមជាក់ស្តែងក្នុងមូលដ្ឋាន និងសំណូមពរផ្សេងៗរបស់ប្រជាជន ហើយបញ្ហាមួយចំនួនទៀត ដែលទាមទារឱ្យមានការសិក្សាបន្ថែម និងការដោះស្រាយក្នុងកម្រិតបច្ចេកទេសជំនាញ នឹងត្រូវយកទៅពិភាក្សាជាមួយអាជ្ញាធរ ស្ថាប័ន និងសមត្ថកិច្ចជំនាញ ដើម្បីបន្តស្វែងរកដំណោះស្រាយបន្ត។ លើសពីនេះទៀត ឯកឧត្តមបន្ថែមទៀតថា រដ្ឋបាលខេត្តកំពង់ធំ បានត្រៀមខ្លួនជាស្រេច ដើម្បីរួមសហការគ្នាជាមួយ NGO ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈម និងរួមគ្នាអភិវឌ្ឍន៍សង្គមជាតិប្រកបដោយចីរភាព។

      ទន្ទឹមនឹងនោះ ឯកឧត្តម សុខ លូ អំពាវនាវដល់អង្គការមិនមែនរដ្ឋាភិបាលទាំងអស់ ចូលរួមធ្វើសកម្មភាពនៅតាមមូលដ្ឋាន ឲ្យស្របទៅនឹងច្បាប់ NGO របស់កម្ពុជា៕ មុនីរម្យ

ប្រភព៖ រដ្ឋបាលខេត្តកំពង់ធំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ