អភិបាលខេត្តកណ្ដាល ដាក់បញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរស្រុកខ្សាច់កណ្ដាល ឱ្យខិតខំស្វែងរកអ្នកដែលបានប៉ះពាល់ដោយផ្ទាល់ និងប្រយោល ជាមួយមន្ត្រីនគរបាលចរាចរណ៍ ដែលបានស្លាប់ដោយសារជំងឺកូវីដ-១៩
March 27, 2021 អ្នកទស្សនា :

ខេត្តកណ្តាល៖ បន្ទាប់ពីទទួលបានព័ត៌មានថា អ្នកជំងឺដែលមានផ្ទុកមេរោគកូវីដ-១៩ ដែលជាមន្ត្រីនគរបាលចរាចរណ៍ នៃស្នងការដ្ឋានរាជធានីភ្នំពេញ ឈ្មោះ ថន ចាន់ធឿន បានស្លាប់បាត់បង់ជីវិត មានទីលំនៅស្នាក់នៅភូមិក្ដីចាស់ ឃុំព្រែលួង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល នៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល អញ្ជើញដឹកនាំប្រជុំបន្ទាន់ ដើម្បីដាក់ផែនការ ស្រាវជ្រាវរកអ្នកដែលមានការពាក់ព័ន្ធដោយផ្ទាល់ និងប្រយោល ជាមួយឈ្មោះ ថន ចាន់ធឿន ដែលបានស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងស្រុកខ្សាច់កណ្ដាល ដើម្បីអញ្ជើញពួកគាត់ មកធ្វើចត្តាឡីស័ក ឱ្យបានត្រឹមត្រូវតាមវិធានរបស់ក្រសួងសុខាភិបាល នៅមណ្ឌលចត្តាឡីស័កស្រុកដែលបានត្រៀមទុក។

មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានដាក់បទបញ្ជាយ៉ាងមឹងម៉ាត់ ដល់អាជ្ញាធរស្រុកខ្សាច់កណ្ដាល ត្រូវខិតខំស្វែងរកអ្នកដែលបានប៉ះពាល់ដោយផ្ទាល់ និងប្រយោល ជាមួយ ឈ្មោះ ថន ចាន់ធឿន ដើម្បីអញ្ជើញពួកគាត់មកធ្វើចត្តាឡីស័ក នៅមណ្ឌលចិត្តាឡីស័កដែលរដ្ឋបាលស្រុកខ្សាច់កណ្ដាល បានត្រៀមទុករួចរាល់។ ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តកណ្ដាល បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំព្រែកលួង ស្រុកខ្សាច់កណ្ដាល ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានការពាក់ព័ន្ធជាមួយ ឈ្មោះ ថន ចាន់ធឿន សូមអញ្ជើញទៅពិគ្រោះយោបល់ជាមួយក្រុមគ្រូពេទ្យជំនាញ ដើម្បីយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ ហើយសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវវិធានការការពារជំងឺកូវីដ-១៩ របស់ក្រសួងសុខាភិបាល ពិសេសវិធានការការពារជំងឺកូវីដ-១៩ របស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ៣កុំ ៣ការពារ។

លោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្ដាល បានឱ្យដឹងថា ប្រជាពលរដ្ឋ ចំនួន១៣៣ នាក់ ដែលបានប៉ះពាល់ដោយផ្ទាល់ និងប្រយោល ជាមួយ ឈ្មោះ ថន ចាន់ធឿន ក្នុងនោះមាន ៩ នាក់បានប៉ះពាល់ដោយផ្ទាល់ ហើយក្រុមការងារស្រុក បានធ្វើការស្រាវជ្រាវឃើញថា ឈ្មោះ ថន ចាន់ធឿន បានសម្រាកព្យាបាលនៅគ្លីនិកឯកជនមួយកន្លែង ក្នុងស្រុកខ្សាច់កណ្ដាល អាជ្ញាធរស្រុកបានធ្វើការបិទជាបណ្ដោះអាសន្ននូវទីតាំង ដែលមានជាប់ពាក់ព័ន្ធនឹងឈ្មោះ ថន ចាន់ធឿន ក្នុងនោះដែរអាជ្ញាធរស្រុកក៏បានធ្វើការបិទផ្សារព្រែកលួងផងដែរ។ ដោយឡែកអ្នកដែលបានប៉ះពាល់ទាំង១៣៣នាក់ អាជ្ញាធរស្រុក និងមន្ត្រីជំនាញ បានអញ្ជើញពួកគាត់មកធ្វើចត្តាឡីស័កនៅ វិទ្យាល័យ ហ៊ុន សែន រ៉ូតា ខ្សាច់កណ្តាល។

សូមបញ្ជាក់ផងដែរថាគិតត្រឹមព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ អាជ្ញាធរខេត្តកណ្ដាលបានស្រាវជ្រាវរកឃើញអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ២០ កុម្ភៈសរុបចំនួន ១៥២០២នាក់ យកសំណាកបាន ១៤៤១៧នាក់ អ្នកធ្វើចត្តាឡីស័កនៅមណ្ឌលចំនួន ៧៦២នាក់ នៅផ្ទះចំនួន ៨១១០នាក់ មានករណីវិជ្ជមានចំនួន ៣២៦នាក់ និងករណីជាសះស្បើយចំនួន ៥១នាក់៕

ប្រភព៖ រដ្ឋបាលខេត្តកណ្ដាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ