នាព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ នេះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញបើកយុទ្ធនាការ ចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ជំហានទី២ ជូនដល់មន្ត្រីរាជការ មន្ត្រីកិច្ចសន្យា និងក្រុមគោលដៅដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ក្នុងខេត្តកំពង់ចាម។ កម្មវិធីបើកក៏មានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្ត បានគូសបញ្ជាក់ថា «ដោយមើលឃើញថា ការឆ្លងរីករាលដាល នៃជម្ងឺកូវីដ ១៩ គ្មានដែនកំណត់ ដែលបង្កើតឱ្យមានការផ្ទុះឡើង ក្នុងទ្រង់ទ្រាយធំ ដូចជាព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ ដែលស្ទើរតែធ្វើឲ្យយើង បាត់បង់ម្ចាស់ការគ្រប់គ្រង ទៅហើយ។ ដូច្នេះហើយ ទើបប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចិត្តថា មានតែធ្វើការចាក់វ៉ាក់សាំង ការពារជម្ងឺកូវីដ-១៩ នេះទេ ទើបយើងអាចកាត់បន្ថយ ការឆ្លងរាលដាលបាន»។
ឯកឧត្ដម អភិបាលខេត្ត មានប្រសាសន៍ទៀតថា កន្លងមក ខេត្តកំពង់ចាមយើង បានរងឥទ្ធិពល នៃការឆ្លងជម្ងឺកូវីដ១៩ មកពីតាមបណ្តាខេត្តផ្សេងៗ ពោលគឺ ខេត្តរបស់យើង មិនមានជម្ងឺនេះ ផ្ទុះឡើងដោយឯកឯង នៅក្នុងសហគមន៍នោះឡើយ។ ដូច្នេះ ប្រការនេះហើយ ដែលយើងនាំគ្នា មកទទួលវ៉ាក់សាំងបង្ការ ពីព្រោះថា នៅពេលយើងម្នាក់ៗបានចាក់វ៉ាក់សាំងនេះហើយ គឺយើងនឹងទទួលបាន កងការពារនៅក្នុងខ្លួនយើង ដែលមានលទ្ធភាព អាចការពាររាងកាយយើង រហូតដល់ទៅក្នុងរង្វង់ ៩០% ដែលជៀសផុត ពីការឆ្លងជម្ងឺដ៏កាចសាហាវមួយនេះ។
ស្ថិតក្នុងឱកាសនោះដែរ ឯកឧត្ដមអភិបាលខេត្ត បានក្រើនរំលឹក ទៅដល់អ្នកដែលមកទទួលវ៉ាក់សាំងលើកទី ១ រួចហើយ ត្រូវតែអនុវត្តឲ្យបានត្រឹមត្រូវ ទៅតាមវិធានសុខាភិបាល ពោលគឺ ទាំងមុនពេលចាក់ និងក្រោយពេលចាក់ដូសទី ១ រហូតដល់ថ្ងៃចាក់ ដូសទី២ ជាពិសេស ការយកចិត្តទុកដាក់ អនុវត្តទៅតាមការណែនាំ របស់គ្រូពេទ្យជំនាញ ទើបវ៉ាក់សាំងបានចាក់ហើយនោះ មានប្រសិទ្ធភាពខ្ពស់។
ឯកឧត្ដមអភិបាលខេត្ត ក៏បានលើកឡើងផងដែរថា ផ្អែកតាមផែនការ នៃយុទ្ធនាការចាក់វ៉ាក់សាំងលើកទី២ នេះ រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំទីតាំងទទួលចាក់វ៉ាក់សាំង សរុបចំនួន ២៩ទីតាំង នៅតាមមន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព តាមបណ្តាក្រុង-ស្រុក ក្នុងខេត្តកំពង់ចាម។ ក្នុងនោះដែរ យើងក៏បានរៀបចំគ្រូពេទ្យជំនាញសរុបចំនួន ៤១ក្រុម ដោយក្នុង១ក្រុមៗ មានគ្រូពេទ្យចំនួន ១០នាក់ ដែលអាចមានលទ្ធភាពទទួលការចាក់វ៉ាក់សាំង ជូនមន្ត្រីរាជការ និងប្រជាពលរដ្ឋ បានចំនួន ៦០០នាក់ ក្នុង ១ថ្ងៃ។
គួរបញ្ជាក់ថា ផែនការយុទ្ធនាការចាក់វ៉ាក់សាំងជំហានទី២ នេះ ខេត្តកំពង់ចាម ទទួលបានវ៉ាក់សាំង ចំនួន ៣៩.០០០ដូស ដែលអាចចាក់ជូនមន្ត្រីរាជការ និងប្រជាពលរដ្ឋស្ម័គ្រចិត្ត បានចំនួន ១៨.០០០នាក់ ហើយយុទ្ធនាការនេះ អនុវត្តរយៈពេលត្រឹមតែ ១ខែប៉ុណ្ណោះ ពោលគឺ ចាប់ពីថ្ងៃទី០១ រហូតដល់ត្រឹមថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះ៕
ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម