រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ១៣៥ នៃទិវាពលកម្មអន្តរជាតិថ្ងៃទី ១ ឧសភាឆ្នាំ ២០២១ និងជួបសំណេះសំណាលជាមួយកម្មករ និយោជិត
May 07, 2021 អ្នកទស្សនា :

មណ្ឌលគិរី៖ នៅព្រឹកថ្ងៃទី៧ ខែឧសភាឆ្នាំ ២០២១ មន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី បានរៀបចំប្រារព្ធពិធីខួបអនុស្សាវរីយ៍លើកទី ១៣៥នៃទិវាពលកម្មអន្តរជាតិថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ ក្រោមអធិបតីភាពឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ណយ ស្រូន សមាជិកព្រឹទ្ធសភាភូមិភាគ ៨ លោក សាយ ម៉េងគីម អភិបាលរងនៃគណៈអភិបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីលោកប្រធានមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត លោកអភិបាលស្រុកអូររាំង តំណាងក្រុមហ៊ុនមេហ្គាហ្វឺស ព្រមទាំងមានកម្មករ-និយោជិត ចំនួន ៥០ នាក់ ដែលពិធីនេះធ្វើឡើងនៅក្នុងបរិវេណក្រុមហ៊ុនមេហ្គា ហ្វឺស ផ្លេនថេសិន ស្ថិតនៅក្នុងភូមិភូមិពូឡេះ ឃុំដាក់ដាំ ស្រុកអូររាំងខេត្តមណ្ឌលគិរី។

លោក សាយ ម៉េងគីម អភិបាលរងខេត្ត បានសំដែងនូវក្ដីរីករាយដោយបានជួបសំណេះសំណាល សួរសុខទុក្ខបងប្អូនកម្មករ-និយោជិតនៅក្នុងក្រុមហ៊ុន ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី ១៣៥ នៃទិវាពលកម្មអន្តរជាតិ ១ឧសភាឆ្នាំ ២០២១ ក្រោមប្រធានបទ  ៉សន្តិភាព សន្តិសុខ និងការងារ   ៉។
លោកអភិបាលរងខេត្ត បានវាយតម្លៃខ្ពស់និងកោតសរសើរដល់មន្ទីរការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលខិតខំប្រឹងប្រែងបំពេញការងារ និងជាពិសេសបានរៀបចំពិធីនេះឡើង ទោះឋិតក្នុងបរិបទនៃការរាលដាលជំងឺកូវីដ១៩  ដើម្បីរំលឹកដល់សមិទ្ធផលនានានៃវិស័យការងារដែលបានបង្កើតនូវបទដ្ឋានការងារសមស្របសម្រាប់កម្មករនិយោជិតដែលជាកម្លាំងស្នូលក្នុងការអភិវឌ្ឍប្រទេសជាតិ។ លោកក៏បាន កោតសរសើរដល់ថ្នាក់ដឹកនាំក្រុមហ៊ុនដែលបានជ្រើសរើសយកខេត្តមណ្ឌលគិរីក្នុងការវិនិយោគ និងបានផ្ដល់ការងារជាច្រើនដល់ប្រជាពលរដ្ឋនៅក្នុងតំបន់នេះ។


លោក សាយ ម៉េងគីម ក៏បានស្នើដល់តំណាងក្រុមហ៊ុន ត្រូវចូលរួមអនុវត្តតាមលិខិតបទដ្ឋាននានារបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រមទាំងការអនុវត្តវិធានការរបស់រាជរដ្ឋាភិបាលក៏ដូចជាក្រសួងសុខាភិបាលក្នុងការពារការឆ្លងជំងឺកូវីដ១៩ ដល់កម្មករនិយោជិត។ ដោយឡែកកម្មករនិយោជិត ក៏ត្រូវខិតខំប្រឹងប្រែងបំពេញការងារតាមតួនាទីរបស់ខ្លួន ប្រកបដោយភាពស្មោះត្រង់និងការទទួលខុសត្រូវ និងត្រូវចូលរួមថែរក្សាអនាម័យ ជាពិសេសត្រូវអនុវត្តវិធានការ ៣ការពារ ៣កុំ ដើម្បីការពារខ្លួនពីការឆ្លងជំងឺកូវីដ១៩។

លោក ណយ ច័ន្ទតារា ប្រធានមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត បានជម្រាបជូនអង្គពិធីថា តាមការធ្វើជំរឿនសហគ្រាសឆ្នាំ ២០២១ ខេត្តមណ្ឌលគិរី មានសហគ្រាសធុនតូចនិងមធ្យមចំនួន ១៧៣ សហគ្រាស ដែលផ្ដល់ការងារសរុបបានចំនួន ៤៤៩៤ នាក់ ស្រី ១៦៨៨នាក់ និង កម្មករនិយោជិតជនបរទេសសរុប ២៣១ នាក់ស្រី ៣៩ នាក់។ ក្រៅពីនេះមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត បានបណ្ដុះបណ្ដាលដល់ប្រជាពលរដ្ឋទាំងពីរភេទសរុបចំនួន ៣៣២ នាក់ស្រី ២២២ នាក់ លើមុខជំនាញចំនួន ២១ ដើម្បីផ្ដល់ឱកាសការងារនិងមុខរបរដល់ប្រជាពលរដ្ឋ ក្នុងគោលបំណងលើកកំពស់ជីវភាពគ្រួសារ នឹងកាត់បន្ថយភាពក្រីក្រ។


ក្នុងឱកាសនោះដែរមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈក៏បាននាំចេញនូវអំណោយមួយចំនួនចែកជូនដល់កម្មករនិយោជិតក្រុមហ៊ុនចំនួន ៥០នាក់ ដោយក្នុងម្នាក់ៗទទួលបាន មីខ្លាឃ្មុំ ១ កេស ម៉ាស់១ប្រអប់ ក្រម៉ា ១ អាល់កុល១ដប និងថវិកា ១ ម៉ឺនរៀល៕
 

ប្រភព៖ រដ្ឋបាលខេត្តមណ្ឌលគិរី

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ