លោកជំទាវ មិថុនា ភូថង អញ្ជើញជាអធិបតី ក្នុងពិធីបំពាក់មេដាយការពារជាតិ ជូនអតីតយុទ្ធជនកម្ពុជាខេត្តកោះកុង
May 29, 2018 អ្នកទស្សនា :

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកោះកុង អញ្ជើញជាអធិបតី ក្នុងពិធីបំពាក់មេដាយការពារជាតិ ជូនអតីតយុទ្ធជនកម្ពុជាខេត្តកោះកុង។ លោកជំទាវ អភិបាលខេត្ត បានមានប្រសាសន៍ថា ថ្ងៃនេះនាងខ្ញុំពិតជាមានសេចក្តីសោមនស្ស រីករាយបំផុត ដោយបានចូលរួម ជាអធិបតី ក្នុងពិធីបំពាក់មេដាយការពារជាតិ ជូនអតីតយុទ្ធជន នៃសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកោះកុង នាឱកាសដ៏ថ្លៃថ្លានេះ។ ក្នុងបរិយាកាសរីករាយនេះ ខ្ញុំសូមសំដែងនូវការកោតសរសើរ ចំពោះកិច្ច ខិតខំប្រឹងប្រែងបំពេញការងារ របស់ថ្នាក់ដឹកនាំ សមាគមអតីត យុទ្ធជនកម្ពុជាខេត្តកោះកុង ក៏ដូចជារចនាសម្ព័ន្ធដឹកនាំ នៅតាមក្រុងស្រុក ដែលបានបំពេញការងារបានល្អប្រសើរ នាពេលកន្លងមក ក្នុងគោលដៅបម្រើផលប្រយោជន៍ របស់បងប្អូន អតីតយុទ្ធជនរបស់យើង។ ជាក់ស្តែងបាន សហការរៀបចំពិធីពិធីបំពាក់មេដាយការពារជាតិ ជូនអតីតយុទ្ធជន ដែលកំពុងប្រព្រឹត្តទៅយ៉ាង អធិកអធម នាពេលនេះ។ នាងខ្ញុំសូមឆ្លៀតឱកាសនេះ ជម្រាបជូនអង្គពិធីទាំងមូលជ្រាបថា ដោយមានការយកចិត្ត ទុកដាក់ខ្ពស់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨កន្លងមកនេះ យើងបានរៀបចំពិធីបំពាក់មេដាយការពារជាតិ ជូនអតីតយុទ្ធជនកម្ពុជាខេត្តកោះកុង ចំនួន ៣៦២ នាក់ ក្រោមអធិបតី ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយរងសេនាធិការចំរុះ មេបញ្ជាការរង កងទ័ពជើងគោក អគ្គលេខាធិការរងគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល សមាគម អតីតយុទ្ធជនកម្ពុជា នៅសាលមហោស្រពខេត្ត។ ដោយក្នុងឱកាសនេះ អតីតយុទ្ធជន ដែលត្រូវបំពាក់មេដាយការពារជាតិ មកពីស្រុកស្រែអំបិល ស្រុកគិរីសាគរ ស្រុកកោះកុង ស្រុកបូទុមសាគរ និងឃុំជីផាត នៃស្រុកថ្មបាំង ចំនួន ២៧៧ នាក់ផងដែរ។ ខ្ញុំសូមរំលឹកជូនថា រយៈពេល ៣៩ ឆ្នាំ យើងទាំងអស់គ្នា ពិតមិនអាច បំភ្លេចបាននូវការ ឈឺចាប់ពីឧក្រិដ្ឋកម្ម ដែលមាននៅ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ រហូតដល់ ថ្ងៃទី០៦ ខែមករា ឆ្នាំ១៩៧៩។ ទោះបីពេលវេលាបាន កន្លងផុតទៅ ជាច្រើនទសវត្សហើយក៏ដោយ ក៏យើងទាំងអស់គ្នា នៅតែចងចាំជានិច្ច នូវមហា សោកនាដកម្ម និងគ្រោះមហន្តរាយ របស់ជាតិ ដែលបណ្តាលមកពីភ្លើង សង្រ្គាមដ៏សន្ធោសន្ធៅ ដែលបង្កឡើង ដោយរដ្ឋប្រហារ របស់ពួក លន់ នល់ នៅថ្ងៃ១៨ ខែមីនា ឆ្នាំ១៩៧០ តាមខ្សែញាក់ របស់ បរទេស និងមហាឧក្រិដ្ឋកម្ម ប្រល័យពូជសាសន៍ នៃរបបកម្ពុជាប្រជាធិបតេយ្យ របស់ពួក ឃាតករ ប៉ុល ពត រយៈពេល ៣ ឆ្នាំ ៨ ខែ ២០ ថ្ងៃ ចាប់ពីក្រោយថ្ងៃ ១៧ មេសា ឆ្នាំ ១៩៧៥មក ដែលបានធ្វើឲ្យកម្ពុជា បន្ទាប់ពីត្រូវបំផ្លាញដោយសង្រ្គាមរួចហើយនោះ បានក្លាយ ជាគុកឥតជញ្ជាំង ជាវាលពិឃាដដ៏សាហាវ ឃោរឃៅបំផុត និងជាសមុទ្រឈាម និងទឹកភ្នែក របស់ប្រជាជន។ ដោយសារការឈឺចាប់ឥតឧបមា និងតាមសម្រែងដង្ហោយហៅ របស់ប្រជាជន កម្ពុជាស្លូតត្រង់ ចលនាតស៊ូ ត្រូវបានបង្កើតឡើង ដោយមានការដឹកនាំពីគណបក្សប្រជាជន កម្ពុជា រហូតបានទទួលជោគជ័យ ដ៏ធំធេងនាថ្ងៃទី៧ មករា ឆ្នាំ១៩៧៩។ នាងខ្ញុំសូមយកឱកាសនេះ សម្តែងនូវការគោរពដឹងគុណ ចំពោះវីរយុទ្ធជន យុទ្ធនារី នៃកងកម្លាំងប្រដាប់អាវុធ ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិ មាតុភូមិ ជាទីស្នេហានៃយើង។ ចាប់តាំងពីថ្ងៃរំដោះ ៧ មករា ១៩៧៩មក រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការអនុវត្តគោលនយោបាយនានា ដើម្បីលើកកម្ពស់ សុខុមាលភាព និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជនអោយបាន ល្អប្រសើរ ជាបន្ត បន្ទាប់។ ក្រសួងសង្គមកិច្ច អតីយុទ្ធជន និងយុនីតិសម្បទា ក៏ដូចជា ស្ថាប័នរដ្ឋ និងឯកជន ពាក់ព័ន្ធនានាបានផ្តល់អាទិភាព ដល់បងប្អូនអតីតយុទ្ធជន និងក្រុមគ្រួសារ ក្នុងការទទួល បាននូវសេវាសាធារណៈផ្សេងៗ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ក្នុងនាម ខ្លួនខ្ញុំផ្ទាល់ ជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកោះកុង ខ្ញុំសូមលំឱន កាយ គោរពចំពោះវិញ្ញាណក្ខន្ធយុទ្ធជន យុទ្ធនារី និងប្រជាពលរដ្ឋកម្ពុជា ដែលបានពលី ជីវិត ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជន និងសូមថ្លែងអំណរគុណ ប្រកបដោយ សេចក្តីស្រលាញ់ចំពោះបងប្អូនអតីតយុទ្ធជនគ្រប់រូប និងក្រុមគ្រួសាររបស់បងប្អូនដែលបាន នឹងកំពុងបន្តចូលរួមយ៉ាងសស្រាក់សស្រាំ ក្នុងបុព្វហេតុ ការពារ កសាង និងអភិវឌ្ឍប្រទេស ជាតិ។ នាងខ្ញុំនឹងបន្តប្រពៃណី ក្នុងការដឹកនាំល្អ និងអនុវត្តការងារអោយបានល្អប្រសើរ ជាពិសេសបង្កើនការយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខ ជីវភាពរស់នៅ និងផល ប្រយោជន៍នានា របស់បងប្អូនអតីតយុទ្ធជនយើង និងបន្តគាំទ្រ ជម្រុញ និងគៀងគរ ស្វែងរក មូលនិធិពីសប្បុរសជននានា ដើម្បីធ្វើការដោះស្រាយអោយបាន ទាន់ពេលវេលា នូវបញ្ហាលំបាក នានា ជាពិសេសការ ផ្តល់នូវប្រាក់បេឡាមរណៈសង្គ្រោះ អោយបានតាមគោលការណ៍កំណត់។

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ