ឯកឧត្តម សុខ លូ បានអញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូ-អ្នកគ្រូ ប្រមាណជា ៩០០នាក់ ក្នុងស្រុកកំពង់ស្វាយ
June 20, 2018 អ្នកទស្សនា :

ព្រឹកថ្ងៃអង្គារ ៧កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានជួបសំណេះសំណាលជាមួយលោកគ្រូ-អ្នកគ្រូ ប្រមាណជា ៩០០នាក់ ក្នុងស្រុកកំពង់ស្វាយ ។ បន្ទាប់ពីលោក អ៊ុន បុត អភិបាលស្រុកកំពង់ស្វាយ បានអានរបាយការណ៍សង្ខេបស្តីពីស្ថានភាពភូមិសាស្ត្រ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការអប់រំ ក្នុងស្រុកកំពង់ស្វាយរួចមក ឯកឧត្តម សុខ លូ បានលើកបង្ហាញ និងគូសបញ្ជាក់អំពីសារៈប្រយោជន៍នៃសៀវភៅ ក្រម ង៉ុយ និងបណ្ឌិត អ៊ូ ចុង ដែលជាអំណោយរបស់ សម្តេចតេជោ ហ៊ុន សែន ព្រមទាំងអានសាររបស់សម្តេចជូនដល់លោកគ្រូអ្នកគ្រូស្តាប់ទាំងអស់គ្នា ។ ក្នុងខ្លឹមសារនៃសារនោះគឺបានលើកឡើងអំពីការដឹងគុណ និងការកោតសរសើរ វាយតម្លៃខ្ពស់ របស់សម្តេចនិងភរិយា ចំពោះវីរភាពរបស់លោកគ្រូអ្នកគ្រូដែលបានចូលរួមចំណែកយ៉ាងធំធេងក្នុងការកសាងប្រទេសជាតិតាមរយៈការបណ្តុះបណ្តាលធនធានមនុស្ស ដែលសម្តេចនិងភរិយាមានជំនឿយ៉ាងមុតមាំថា លោកគ្រូអ្នកគ្រូ នឹងបន្តរួមដំណើជាមួយគ្នាតទៅទៀតដើម្បីភាពរុងរឿងនៃជាតិយើង ។ ឯកឧត្តម មានប្រសាសន៍ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រាជរដ្ឋាភិបាលបានធ្វើកំណែទម្រង់ស៊ីជម្រៅលើវិស័យអប់រំ និងទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់ ជាពិសេសការកែសម្រួលលើប្រាក់បៀវត្សគ្រូបង្រៀន ដែលសម្តេចតេជោ ក៏ដូចជារាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាពរបស់គ្រូបង្រៀន ។ មួយជំហានម្តងៗ គ្រូបង្រៀន មានប្រាក់បៀវត្សកាន់តែប្រសើរឡើង ដែលជំរុញនាំឲ្យការងារអប់រំ កាន់តែមានប្រសិទ្ធភាព និងគុណភាព ។ ឯកឧត្តម បានបន្តទៀតថា គ្រូបង្រៀនគឺជាវិស្វករព្រលឹង ជាអ្នកបង្កើតធនធានមនុស្ស ដែលជាគ្រឹះក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ និងជាយុទ្ធសាស្រ្តអាទិភាពទី១ របស់រាជរដ្ឋាភិបាលដែលផ្តោតលើធនធានមនុស្ស។ គ្រូបង្រៀនមួយថ្ងៃគឺគ្រូមួយជីវិត គឺជាអ្នកមានគុណ អប់រំបណ្តុះបណ្តាល ចំណេះដឹង ចំណេះធ្វើគ្រប់បែបយ៉ាង បង្កើតធនធានមនុស្សគ្រប់ទីកន្លែង និងបានផ្តល់តម្លៃឲ្យគ្រូបង្រៀនថា ជាអាណាព្យាបាលទី២ មានគុណូបការៈ មិនអាចកាត់ថ្លៃបាន។ គ្រូបង្រៀនបច្ចុប្បន្ន មានការកើនឡើងច្រើន និងបានបណ្តុះបណ្តាល មានគរុកោសល្យត្រឹមត្រូវ និងមានប្រាក់បៀវត្សកាន់តែប្រសើរបើប្រៀបធៀបទៅនឹងគ្រូក្នុង១ឬ២ទស្សវត្យមុន លើសពីនេះទៀត បើមើលទៅប្រវត្តិសាស្រ្តខ្មែរក្នុងរយៈពេល៥០០ឆ្នាំមុន ប្រទេសខ្មែរគឺពិតជាពុំមានស្ថេរភាព និងសន្តិភាពបានយូរឡើយ គឺមានសង្គ្រាមជាប់ជានិច្ច ប្រទេសរីករួម ដែលផ្ទុយស្រឡះពីកម្ពុជានាពេលបច្ចុប្បន្ន ដែលមានសន្តិភាពពេញលេញ និងរក្សាបាននូវបូរណភាពទឹកដី មិនមានបាត់បង់បន្ថែមទៀតឡើយ ។ ទាំងនេះបង្ហាញថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល គឺមានការរីកចម្រើនទៅមុខ ទៅតាមកម្រិត និងស្ថានភាពរបស់ប្រជាពលរដ្ឋខ្មែរយើង ។ បន្ថែមលើនេះទៀត ឯកឧត្តមបានស្នើសុំឲ្យលោកគ្រូអ្នកគ្រូ ត្រូវចេះរួបរួម និងស្រឡាញ់គ្នា មិនត្រូវវាយប្រហារ ឬលាបព័រណ៍គ្នាទៅវិញទៅមក និងប្រកាន់ខ្ជាប់នូវគំនិតវិជ្ជមាន ដែលគ្រូបង្រៀនគឺជាជនគំរូ ព្រមទាំងអាចរក្សាបាននូវសុខសន្តិភាព មិនមានការឈ្លោះទាស់ទែង ដែលអាចបណ្តាលនាំឲ្យប្រទេសជាតិធ្លាក់ក្នុងភ្នក់ភ្លើងសង្រ្គាម ជាន់ដានប្រវត្តិសាស្រ្តទៀត ។ ការរក្សាបាននូវក្រមសីលធម៌ និងដើម្បីឲ្យបានការគោរពនោះ ចាំបាច់ត្រូវគោរពខ្លួនឯងជាមុនសិន ដូចព្រះពុទ្ធលោកបានសម្តែង “ការចេះបន្ទោសខ្លួនឯង រមែងតែងបានសេចក្តីសុខដ៏ឧត្តុង្គឧត្តម” ទាំងនេះ គឺចាំបាច់ត្រូវបុគ្គលម្នាក់ៗចូលរួមធ្វើ និងអនុវត្ត ព្រមទាំងការប្រើច្បាប់ប្រទេសរួមគ្នា ដែលនាំឲ្យប្រទេសយើងដើរទៅមុខបាន ។ ទន្ទឹមគ្នានេះដែរ អភិក្រមទាំងបួន “ឆ្លុះកញ្ជក់ ងូតទឹក ដុះក្អែល និងវះកាត់” របស់សម្តេច ក៏បានដាក់ចុះ ផ្សព្វផ្សាយដើម្បីពង្រឹងការអនុវត្តការងាររបស់មន្ត្រីថ្នាក់ក្រោមទាំងអស់ឲ្យបានប្រសើរឡើង ។ លោកជំទាវ ឃួន ឃុនឌី សមាជិកព្រឺទ្ធសភា និងជាក្រុមការងារចុះជួយខេត្តកំពង់ធំបានបន្ថែមថា៖ ប្រទេសរីកចម្រើនទៅបានគឺដោយសារធនធានមនុស្ស ធនធានមនុស្សកើតមានបានគឺដោយសារគ្រូបង្រៀន ។ ដូច្នេះគ្រូបង្រៀនមានតួនាទីសំខាន់ខ្លាំងក្នុងការអភិវឌ្ឍន៍ប្រទេស ។ លោកជំទាវបន្ថែមទៀតថា ដើម្បីបានមន្ត្រីល្អ ថ្នាក់ដឹកនាំល្អ គ្រូបង្រៀនល្អ ត្រូវមានគោលការណ៍ប្រាំមួយ (១មិន ៥មាន) ១-មិនអត្មានិយម ២-មានឆន្ទៈ ៣-មានការអត់ធ្មត់ ៤-មានការតស៊ូ ព្យាយាម ៥-មានការស្មោះត្រង់ ៦-មានការលះបង់ ។ ជាទីបញ្ចប់ឯកឧត្តម និងលោកជំទាវគណៈអធិបតី បានចែកជូននូវសៀវភៅអប់រំទូន្មានរបស់ ក្រម ង៉ុយ និងបណ្ឌិត អ៊ូ ចុង ដែលជាអំណោយរបស់សម្តេចតេជោ ដល់លោកគ្រូ អ្នកគ្រូ រួមទាំងថវិកាមួយចំនួនទៀតផង ។ ឯកឧត្តម និងលោកជំទាវគណៈអធិបតីបានអំពាវនាវដល់លោកគ្រូ អ្នកគ្រូទាំងអស់ ត្រូវទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឲ្យបានគ្រប់ៗគ្នា នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ដើម្បីធ្វើការជ្រើសរើសមេដឹកនាំដែលអាចនាំនាវាកម្ពុជាឆ្ពោះទៅរកភាពរីកចម្រើន រក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍន៍បន្តទៀត៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ